សហភាព​មី​យ៉ាន់​ម៉ា អត់​បានធ្វើ​អី្វ​សោះ​តាម​ការសន្យា​របស់ខ្លួន​ដើម្បី​ទទួល​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​មកវិញ​

ព្រឹត្តិការណ៍ថ្មីៗ
0
305
​សហគមន៍​អន្តរជាតិ ពិសេស​គឺ​អង្គការ​សហ​ប្រជា​តិ​គួរតែ​បើកភ្នែក​បើក​ច្រមុះ​ខ្លះ​ផង ក្រោយ​គេ​ទម្លាយ​របាយការណ៍​ថា សហភាព​មី​យ៉ាន់​ម៉ា បាន​ត្រៀមខ្លួន​តិចតួច​បំផុត​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុង​ជ្រកកោន​យ៉ាង​វេទនា​នៅ​ជំរំ​ខុ​ក​បា​សា របស់​ប្រទេស​បង់​ក្លា​ដែ​ស​។​ ​យោងតាម​ការអះអាងរ​បស់​វិទ្យាស្ថាន​គោលនយោបាយ​យុទ្ធសាស្ត្រ​អូស្ត្រាលី​(ASPI) បាន​ឲ្យ​ដឹងថា សហភាព​មី​យ៉ាន់​ម៉ា បាន​ត្រៀមខ្លួន​ក្នុង​កម្រិត​អប្បបរមា​ប៉ុណ្ណោះ សម្រាប់​ការវិល​ត្រឡប់មកវិញ​របស់​ជនភៀសខ្លួន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុង​បោះជំរំ​នៅក្នុង​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស ថ្វីត្បិតតែ​ប្រទេសមួយ​នេះ បាន​និយាយថា ពួកគេ​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការធ្វើ​មាតុភូមិ​ន​និវត្តន៍​សម្រាប់​ជនភាគតិច​ទាំងនេះ​ក៏ដោយ​។​ ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា ជាង​៧០​ម៉ឺន​នាក់ ត្រូវបាន​បង្ខំចិត្ត​រត់​ភៀសខ្លួន​ចេញពី​រដ្ឋ​ភាគ​ខាងជើង​រ៉ា​ឃី​ន ស្ថិតនៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា អំឡុង​ការបង្ក្រាប​យ៉ាង​ចាស់ដៃ​ពី​យោធា​កាលពី​ឆ្នាំ​២០១៧ ដែល​អង្គការសហប្រជាជាតិ បាន​ចាត់ទុកថា​ជាការ​សម្លាប់​រង្គាល​ទ្រង់ទ្រាយ​ធំ និង​ការចាប់រំលោភ ក្នុង​គោលបំណង​ប្រល័យពូជសាសន៍​នោះ​។ ​ភូមិស្ថាន​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​៤០០​កន្លែង ត្រូវបាន​ដុត​កម្ទេចចោល​ក្លាយជា​ផេះផង់ អំឡុង​អំពើហិង្សា​ដ៏​អាក្រក់​បំផុត​នេះ​។​ ​វិទ្យាស្ថាន ASPI បាន​សរសេរ​នៅក្នុង​របាយការណ៍​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា ស្រប​ពេលដែល​ក្រុម​អាជ្ញាធរ បាន​សន្យា​ផ្តល់​ទីជម្រក​ឡើងវិញ​ដល់​ជនភៀសខ្លួន​ទាំងអស់នេះ ការវិភាគ​តាម​រូបភាព​ផ្កាយរណប បង្ហាញថា គ្មាន​សញ្ញា​ណាមួយ​នៃ​ការកសាង​ភូមិដ្ឋាន​ឡើងវិញ​នោះទេ​នៅ​តំបន់​ដែល​ជនភាគតិច​ទាំងនេះ​ធ្លាប់បាន​ស្នាក់អាស្រ័យ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​នោះទេ ការបំផ្លិចបំផ្លាញ​ផ្ទះ​អ្នកស្រុក នៅតែ​បន្ត​កើតមានឡើង​ថែមទៀត​ផង​។​ ​របាយការណ៍​នោះ បានបញ្ជាក់​ទៀតថា តាមរយៈ​ការវិភាគ​យ៉ាងច្បាស់​លើ​រូបភាព​ផ្កាយរណប​របស់​ពួកយើង បញ្ជាក់​ឲ្យ​ឃើញថា ការបំផ្លិចបំផ្លាញ​នៅតែ​បន្ត​កើតមាន​មកលើ​តំបន់​រស់នៅ​របស់​ជន​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​នេះ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ចោទសួរ​ដល់​ឆន្ទៈ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក្នុងការ​សម្របសម្រួល​ដំណើរ​ការធ្វើ​មាតុភូមិនិវត្តន៍​ប្រក​ដោយ​សុវត្ថិភាព និង​សេចក្តីថ្លៃថ្នូរ​។​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មិន​បានទទួល​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ជុំវិញ​ការលើកឡើង​នេះ​ទេ ខណៈដែល​អនុប្រធាន​អគ្គនាយកដ្ឋាន​រដ្ឋបាល​រដ្ឋ​រ៉ា​ឃី​ន លោក ច ស្វា ទុន បាន​បដិសេធន៍​មិន​ព្រមធ្វើ​សេចក្តីអធិប្បាយ​អ្វី​ទាំងអស់​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ សហភាព​មី​យ៉ាន់​ម៉ា ធ្លាប់បាន​អះអាងថា ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន​ទាំងនេះ​មកវិញ ប៉ុន្តែ​បង់​ក្លា​ដែ​ស​ទេ ដែល​ខក​ខន​ក្នុងការ​ចាប់ផ្តើម​ដំណើរ​ការធ្វើ​មាតុភូមិនិវត្តន៍​នោះ​៕