ការវាយប្រហារ​អត្តឃាត​មកលើ​ការិយាល័យ​អនុ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស​២០​នាក់ និង​៥០​នាក់​រងរបួស​

ព្រឹត្តិការណ៍ថ្មីៗ
0
243
​ ក្រុមមន្ត្រី​បាន​អះអាងថា មនុស្ស​យ៉ាងហោច​២០​នាក់​បាន​ស្លាប់ និង​៥០​នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​វាយប្រហារ​អត្តឃាត​មកលើ​ការិយាល័យ​បេក្ខភាព​អនុ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃអាទិត្យ​។​ ​ពួកគេ​បាន​អាង​ថា ការវាយប្រហារ​អត្តឃាត​មួយ មាន​គោលដៅ​មកលើ​ការិយាល័យ Green Trend ស្ថិតនៅ​ទីក្រុង​កា​ប៊ុល​របស់​បេក្ខភាព​បោះឆ្នោត​ឈរឈ្មោះ​សម្រាប់​តំណែង​អនុ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក អាំ​រូ​ឡា សា​ឡេ​។ ​អំពើហិង្សា​នេះដែរ បាន​កើតមានឡើង​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​គ្រោង​នឹង​រៀបចំឡើង​នាពេល​ខាងមុខនេះ​។​ ​លោក​សា​ឡេ ដែល​បាន​រងរបួស​ស្រាល គឺ​មិត្ត​ភ័ក្ត្រ​របស់លោក​ប្រធានាធិបតី​អា​ស្រា​ហ្វ ហ្គា​នី ។​ ​អ្នកនាំពាក្យ​មួយរូប​របស់​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​និយាយថា ការវាយប្រហារ​នេះ គេ​មើលឃើញ​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​រថយន្ត​បង្កប់​ជាតិ​ផ្ទុះ​នៅ​ជិត​អគារ​។ ​ភ្លាមៗ​នោះ​ក្រុម​ជីវពល​ជាច្រើន​នាក់ បាន​សម្រុកចូល​អគារ​ការិយាល័យ និង​បន្ត​ពួន​សម្ងំ​នៅ​ទីនោះ​អស់​រយៈពេល​៦​ម៉ោង មុនពេល​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​។​ ​ដោយឡែក ជន​ស៊ីវិល​ប្រមាណ​ជា​១៥០​នាក់ ត្រូវបាន​សង្គ្រោះ​ចេញពី​ក្នុង​អគារ ជា​កន្លែង Green Trend គឺជា​អង្គភាព​ប្រឆាំង​ពុករលួយ​មួយ ដឹកនាំ​ដោយ​លោក​សា​ឡេ​។​ ​លោក​អា​ស្រា​ហ្វ ហ្គា​នី បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ថា សន្តិភាព​ជិត​កើតមាន​ហើយ​ចំពោះ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ​មកទល់នឹង​ពេលនេះ​នៅ​មិនទាន់មាន​ភាគី​ណាមួយ​ប្រកាស​ទទួលស្គាល់​ការវាយប្រហារ​មួយ​នេះឡើយ​។​ ​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ខាងមុខនេះ ប៉ុន្តែ​វា​ត្រូវបាន​ផ្អាក​២​លើក​រួចមកហើយ​៕​