ចិន​ត្រៀម​ធ្វើ​សន្និសីទកាសែត​ពាក់ព័ន្ធ​នឹង​ភាព​រំជើបរំជួល​នៅ​ហុងកុង​

ព្រឹត្តិការណ៍ថ្មីៗ
0
261
​ការិយាល័យ​កំពូល​ចិន​ទទួលបន្ទុក​កិច្ចការ​ហុងកុង គ្រោង​នឹងធ្វើ​សន្និសីទកាសែត​ពាក់ព័ន្ធ​នឹង​ភាព​រំជើបរំជួល​នៅ​ហុងកុង ក្រោយ​បាតុកម្ម​នៅ​ចុង​សប្តាហ៍ បានបញ្ជាក់​ពី​ការ​ប្រឈម​កាន់តែខ្លាំង​ឡើង​ក្នុងការ​គ្រប់គ្រង​ចលនា​បាតុកម្ម​នេះ ដែល​គ្មាន​ខ្លាច​មេដឹកនាំ មិនអាច​ព្យាករណ៍​បាន និង​កាន់តែ​រីកសាយ​កាន់តែ​ធំ​ឡើង​នោះ​។​ ​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​មួយ បានកើត​ឡើងទៅ​ហើយរ​វាង​បាតុករ និង​នគរបាល​ហុងកុង កើតឡើង​នៅ​ជិត​ការិយាល័យ​ទំនាក់ទំនង​ចិន ស្ថិតក្នុង​តំបន់ Sai Wan ។​ ​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​២​នៃ​បាតុកម្ម​នៅ​ហុងកុង រវាង​ក្រុមនគរបាល និង​ក្រុមបាតុករ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​បាន​ខឹងសម្បារ​ចំពោះ​វិធានការ​ដ៏​ឃោ​ឃៅ​របស់​ក្រុមនគរបាល​។​ ​ការិយាល័យ​ទទួល​កិច្ចការ​នៅ​ហុងកុង និង​ម៉ា​កាវ ដែល​នឹង​រាយការណ៍​ជូន​គណៈរដ្ឋមន្ត្រី​ចិន គ្រោង​នឹងធ្វើ​សន្និសីទកាសែត​នៅ​ថ្ងៃ​ចន្ទ​នេះ ក្នុង​ទីក្រុង​ប៉េកាំង ដែល​កាសែត South China Morning Post បាន​រាយការណ៍​ថា វា​គឺជា​ការធ្វើ​សន្និសីទកាសែត​លើកដំបូង​គេ ចាប់តាំងពី​ការបញ្ចប់​ការគ្រប់គ្រង​របស់​អាណា​និ​យ​គម​និយម​អង់គ្លេស កាលពី​ឆ្នាំ​១៩៩៧​។​ ​ក្រុមនគរបាល បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​កៅស៊ូ​មកលើ​ក្រុមបាតុករ ដែល​ព្យាយាម​ធ្វើដំណើរ​ទៅកាន់​ការិយាល័យ​ទំនាក់ទំនង​រដ្ឋាភិបាល​ចិន​។​   ​ ក្រុមបាតុករ​រាប់ម៉ឺន​នាក់ បាន​គ្រប់គ្រង​ផ្លូវ​នៅ​ជិត​តំបន់ Sai Wan និង Causeway Bay​លើ​កោះ​ហុងកុង​។​ ​ទីក្រុង​ហុងកុង បាន​ជួបប្រទះ​បាតុកម្ម​ប្រឆាំង​រដ្ឋបាល និង​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ចុង​សប្តាហ៍​ទី​៨​។​ ​គួរ​ឲ្យ​ដឹងថា ហុងកុង​ស្ថិតនៅ​ក្នុងចំណោម​ទីក្រុង​មាន​សុវត្ថិភាព​ជាងគេ​បំផុត​នៅលើ​ពិភពលោក ប៉ុន្តែ​បាតុកម្ម​កាលពីពេល​ថ្មីៗ​នេះ គេ​មើលឃើញ​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា រវាង​ក្រុមបាតុករ ក្រុមនគរបាល និង​ក្រុម​អន្ធពាល​ពាក់​ម៉ាស់​កាន់ដំបង ដែល​គេ​សង្ស័យថា​ជា​សមាជិក​ក្រុម​ឧក្រិដ្ឋកម្ម​។​ ​បាតុកម្ម​នៅ​ថ្ងៃអាទិត្យ​នេះដែរ គេ​មើលឃើញ​ក្រុម​សកម្មជន​ពាក់មួក​ការពារ និង​វ៉ែនតា បាន​លើក​ប៉ា​រ៉ា​ស់​ចេញ​នៅតាម​ទីតាំង​ជាច្រើន​កន្លែង និង​បាន​ស្រែក​ពាក្យស្លោក “​ដោះលែង​ហុងកុង​ឲ្យ​មាន​សេរីភាព​”​។​ ​បាតុកម្ម​បានចាប់ផ្តើម​ឡើង ពេលដែល​ក្រុមនគរបាល​បាន​ជួបជុំគ្នា​នៅក្នុង​ឧទ្យាន​ស្ថិតនៅ​កណ្តាល​ស្រុក​ពាណិជ្ជកម្ម មុនពេល​ក្រុមបាតុករ រឹងទទឹង​ជាមួយ​ក្រុម​អាជ្ញាធរ និង​ធ្វើដំណើរ​ទៅ​លិច​ឆ្ពោះទៅកាន់​ការិយាល័យ​ទំនាក់ទំនង​ចិន ស្ថិតនៅ​តំបន់ Sai Wan និង​ដើរ​ឆ្ពោះទៅ​កើត ទៅកាន់​តំបន់​ដើរ​ផ្សារ Causeway Bay ។​ ​ក្រុមនគរបាល​រាប់ពាន់នាក់ បាន​រារាំង​ក្រុមបាតុករ​ពី​ការចូល​ទៅកាន់​ការិយាល័យ​ទំនាក់ទំនង​ចិន​។ អគារ​ត្រូវបាន​ព័ទ្ធជុំវិញ​ដោយ​ប៉ា​រ៉ា​ស់​ប្លា​ស្ទិ​ក ហើយ​បាវចនា​រដ្ឋាភិបាល​ចិន បាន​បិទ​នៅលើ​ទ្វារ​មុខ​៕​