ស្តេច​វីដេអូ​ហ្គេម Fortnite ដ៏​វ័យក្មេង​របស់​អាមេរិក​ឈ្នះ​ប្រាក់រង្វាន់​៣​លាន​ដុល្លារ​ពី​ការលេង​ហ្គេម​ដ៏​ពេញនិយម​មួយ​នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
302
​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម នៅពេលនេះ​ទំនងជា​ចង់​សាកល្បង​ហើយ ក្រោយ​កីឡាករ​វ័យក្មេង​ម្នាក់​របស់​សហរដ្ឋអាមេរិក បានឈ្នះ​លុយ​៣​លាន​ដុល្លារ​កាលពី​ថ្ងៃអាទិត្យ​នៅ​រដ្ឋ​ញូវយ៉ក ក្រោយ​ដណ្តើមបាន​ពាន​នៅ​ការប្រកួត​វីដេអូ​ហ្គេម​តាម​អន​ឡាញ​ដ៏​ពេញនិយម Fortnite ។​ ​កីឡាករ Kyle Giersdorf អាយុ​១៦​ឆ្នាំ មកពី​រដ្ឋ Pennsylvania ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​យ៉ាងហោច​១០០​នាក់ ដែល​បាន​ចូលរួម​លេង​ហ្គេម ដណ្តើម​ប្រាក់រង្វាន់​៣០​លាន​ដុល្លារ ពេលដែល​ប្រជាប្រិយភាព​របស់​វីដេអូ​ហ្គេម​តាម​អន​ឡាញ​មួយ​នេះ បានធ្វើ​ទាក់ទាញ​ការវិនិយោគទុន​ជាង​១​ពាន់​លាន​ដុល្លារ និង​ធ្វើ​ឲ្យ​កើតមាន​កីឡា​អាជីព​មួយ​នេះ​។​ ​យោងតាម​របាយការណ៍​ចុះផ្សាយ​កាលពីដើម​ឆ្នាំនេះ បាន​ឲ្យ​ដឹងថា ប្រាក់ចំណូល​សកល​បានមកពី​កីឡា E-Sport​មួយ​នេះ ឬ​ការប្រកួត​វីដេអូ​ហ្គេម​អាជីព បាន​កើន​ឡើងដល់​១.១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ពោលគឺ​កើនឡើង​ជិត​២៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន ដោយសារតែ​ប្រាក់ចំណូល​កើនឡើង​ពី​ការផ្សព្វផ្សាយ ម្ចាស់​ក្រុមហ៊ុន​ឧបត្ថម្ភ និង​សិទ្ធិ​សារព័ត៌មាន ។​ ​យោងតាម​វែបសាយ​របស់ Fortnite World Cup បាន​ឲ្យ​ដឹងថា ការលេង​ហ្គេម​ក្រោម​ស្លាក​ឈ្មោះ​"Bugha" កីឡាករ Giersdorf បានឈ្នះ​វគ្គ​ផ្តាច់ព្រ័ត្រ Fortnite World Cup ដោយ​រកបាន​៥៩​ពិន្ទុ ពោលគឺ​២៦​ពិន្ទុ​ច្រើនជាង​គូប្រជែង​ជិត​បំផុត​របស់គាត់ គឺ​កីឡាករ Harrison Chang ។​ ​នៅក្នុង​បទ​សម្ភាស៍​នៅក្នុង​ពហុ​កីឡដ្ឋាន Arthur Ashe ស្ថិតនៅក្នុង​ទីក្រុង Queens រដ្ឋ​ញូវយ៉ក​កីឡាករ Giersdorf បាន​និយាយថា លោក​គ្មាន​ពាក្យ​អ្វី​ត្រូវ​បរិយាយ​ចេញ​នោះទេ លោក​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់​។ អ្វីៗ​គ្រប់បែបយ៉ាង​ដែល​លោក​បានធ្វើ គឺ​តបស្នង​មកវិញ​នូវ​លទ្ធផល​បែបនេះ​។ វា​ដូច​ឆ្កួត​អញ្ចឹង​។​ ​ដោយ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​២០១៧ ប្រជាប្រិយភាព​របស់​ក្រុមហ៊ុន Fortnite បាន​ជួយ​ឲ្យ​ហ្គេម Epic Games កើនឡើង​តម្លៃ​១៥​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ វា​នឹង​ប្រកួតប្រជែង​ជាមួយ​ហ្គេម​ជាច្រើន​ទៀត​ដូចជា ហ្គេម Apex Legends​របស់​ក្រុមហ៊ុន Electronic Arts Inc និង​ហ្គេម PlayerUnknown's Battlegrounds របស់​ក្រុមហ៊ុន Tencent Holdings Ltd ៕​