ហេតុ​ការណ៍​ធ្លាក់​យន្តហោះ​យោធា​នៅ​ប៉ា​គី​ស្ថាន សម្លាប់​មនុស្ស​១៧​នាក់ និង​១២​នាក់​រងរបួស​

ព្រឹត្តិការណ៍ថ្មីៗ
0
275
​ក្រុមមន្ត្រី​បាន​អះអាងថា មនុស្ស​យ៉ាងហោច​១៧​នាក់ ត្រូវបាន​សម្លាប់ និង​១២​នាក់​ផ្សេងទៀត បាន​រងរបួស ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​យោធា​ធន់​តូច​មួយគ្រឿង​នៅ​តំបន់​រស់នៅ​របស់​អ្នកស្រុក នៅ​ជិត​ទីក្រុង​រ៉ា​វ៉ា​ល់ពី​ន​ឌី ប្រទេស​ប៉ា​គី​ស្ថាន​។​ ​យន្តហោះ​របស់​អង្គភាព​កងទ័ពអាកាស​ប៉ា​គី​ស្ថាន​នេះ បាន​ធ្លាក់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។​ ​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា អាកាសយានិក​៥​នាក់ និង​ជន​ស៊ីវិល​១២​នាក់ បាន​ស្លាប់ ។​ ​យន្តហោះ​មួយគ្រឿង​នេះ កំពុង​ហោះហើរ​ហ្វឹកហាត់​តាម​ទម្លាប់ ពេលដែល​វា​ធ្លាក់ និង​បង្ក​ជា​អគ្គីភ័យ​ឡើង ធ្វើ​ឲ្យ​ឆាបឆេះ​ផ្ទះ​អ្នកស្រុក​អស់​ជាច្រើន​ខ្នង​។​ ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ភ្លាមៗ​នោះទេ​ថា​តើ មូលហេតុ​អ្វី​បណ្តាល​ឲ្យ​យន្តហោះ​នេះ​ធ្លាក់ ឬថា​តើ​វា​ជា​ប្រភេទ​យន្តហោះ​អ្វី​នោះទេ​។​ ​ទីក្រុង​វ៉ា​វ៉ាល់​ពី​ន​ឌី ដែល​ស្ថិតនៅ​ជិត​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ ជា​កន្លែង​ដែល​មូលដ្ឋាន​កងទ័ព​ស្ថិតនៅ​។​ ​មន្ត្រី​កងទ័ព​នៅ​កន្លែងកើតហេតុ បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា វា​បាន​ធ្លាក់​បុក​អគារ​អ្នកស្រុក​។​ ​ទីភ្នាក់ងារ​ព័ត៌មាន AFP​បាន​រាយការណ៍​ថា ក្រុម​អ្នកស្រុក ដែល​អ្នកខ្លះ​នាំគ្នា​យំសោក បាន​ជួបជុំគ្នា​នៅ​ជា​កន្លែង​ដែល​ឧប្បត្តិហេតុ​កើតឡើង​។​ ​លោក​មហា​ម៉ា​ដ សា​ឌី​ក គឺជា​អ្នកស្រុក​មួយរូប បាន​និយាយថា លោក​បាន​ភ្ញាក់ឡើង​ឮ​សំឡេង​ផ្ទុះ​ខ្លាំង ។ មនុស្សម្នា បាន​ស្រែក​ភ្លាត់​សំឡេង យើង​បាន​ព្យាយាម​ជួយ​ពួកគេ ប៉ុន្តែ​យើង​មិនអាច​ធ្វើ​អ្វី​កើត​នោះទេ ដោយសារតែ​អណ្តាតភ្លើង​ឆេះ​ខ្លាំងពេក​។​ ​ដោយឡែក អ្នកស្រុក​ម្នាក់ទៀត បាន​និយាយថា យន្តហោះ​បាន​ឆាបឆេះ​ជា​អគ្គីភ័យ​ឡើង មុនពេល​ដែល​វា​ធ្លាក់​៕​