សម្តេច​តេ​ជោ ហ៊ុន សែន ៖ ព្រមាន​ថា ការ​បំបែក​នគរបាល​ចេញពី​ក្រសួងមហាផ្ទៃ នឹងធ្វើ​ឱ្យមាន​ភាព​រញ៉េរញ៉ៃ​

ព្រឹត្តិការណ៍ថ្មីៗ
0
253
​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥ ខែសីហា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ព្រមាន​ថា ការ​បំបែក​នគរបាល​ចេញពី​ក្រសួងមហាផ្ទៃ នឹងធ្វើ​ឱ្យមាន​ភាព​រញ៉េរញ៉ៃ ក្នុងការ​គ្រប់គ្រង ដោយ​សម្តេច​បានស្នើ​ឱ្យ​អ្នកដឹកនាំ​ជំនាន់​ក្រោយ រក្សាទុក​នគរបាល​ឱ្យ​ស្ថិតនៅក្រោម​ក្រសួងមហាផ្ទៃ ដោយ​ផ្អែកលើ​បទពិសោធន៍​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​នាពេល​កន្លងមក​។ ការ​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​វិទ្យាសាស្ដ្រ​នគរបាល ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់​បរិញ្ញាបត្រ និង​វិញ្ញាបនបត្រ ជូន​ដល់​និស្សិត​នាយ​នគរបាល​បន្តវេន និង​សិក្ខាកាម​ជ័យលាភី ១,៤៦៥​នាក់ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​។     ​សូមបញ្ជាក់ថា បណ្ឌិត្យសភា​នរគ​បាល​កម្ពុជា គឺជា​ស្ថាប័ន​ចំណុះឱ្យ​ក្រសួងមហាផ្ទៃ​ដែល​បានធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុងការ​បណ្តុះបណ្តាល​មន្ត្រី​នគរបាល និង​មន្ត្រី​ពន្ធនាគារ ដើម្បី​លើកកម្ពស់​គុណភាព និង​សមត្ថភាព​វិជ្ជាជីវៈ​មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ​ទូទាំងប្រទេស ស្របតាម​តម្រូវការ​របស់​សង្គម​ជាតិ និង​ស្តង់ដារ​គុណភាព​ដែល​បានកំណត់​។​ ​គិត​ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ និស្សិត​នាយ​នគរបាល​បន្តវេន សិក្ខាកាម និង​សិស្ស​នគរបាល បានបញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជាមាន​ចំនួន​សរុប ៤៤.៩២០​នាក់ ក្នុងនោះ​នារី ២.៤៤១​នាក់​។​