កូរ៉េខាងជើង​ចាញ់​មី​ស៊ី​ល​ជា​លើក​ទី​៤​ក្នុង​រយៈពេល​មិន​ដល់​២​សប្តាហ៍​ផង​

ព្រឹត្តិការណ៍ថ្មីៗ
0
280
​កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​២​គ្រាប់​បន្ថែមទៀត ពោលគឺ​ជាការ​បាញ់​លើក​ទី​៤​ក្នុង​រយៈពេល​មិន​ដល់​២​សប្តាហ៍ ដើម្បី​ផ្គើន​នឹង​សមយុទ្ធ​យោធា​រវាង​កូរ៉េខាងត្បូង និង​អាមេរិក ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​។​ ​យោធា​កូរ៉េខាងត្បូង បាន​អះអាង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​២​គ្រាប់​ទៀត ចេញពី​ខេត្ត South Hwanghae ហោះ​ឆ្លងកាត់​តំបន់​ឧបទ្វីប​កូរ៉េ រួច​ហោះ​ឆ្ពោះទៅកាន់​សមុទ្រ​នៅ​ភាគ​ខាងកើត​។​ ​ខណៈពេល​នោះដែរ សហរដ្ឋអាមេរិក បាន​និយាយថា ពួកគេ​កំពុង​តាមដាន​ស្ថានភាព​មួយ​នេះ និង​ពិគ្រោះ​យោបល់​ជាមួយ​កូរ៉េខាងត្បូង និង​ជប៉ុន​។​ ​គួរ​ឲ្យ​ដឹងថា កូរ៉េខាងជើង បានបង្ហាញ​នូវ​ការខឹង​សម្បារ​របស់ខ្លួន​យ៉ាងខ្លាំង​ចំពោះ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​កូ​រ៉​ខាងត្បូង និង​សហរដ្ឋអាមេរិក ដែល​បានចាប់ផ្តើម​ដំណើរការ​ហើយ​កាលពី​ថ្ងៃ​ចន្ទ​។​ ​ការធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំនេះ ត្រូវបាន​គេ​កាត់បន្ថយ​មក​នៅ​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ ប៉ុន្តែ​កូរ៉េខាងជើង បាន​អះអាងថា ពួកគេ​បាន​បំពាន​លើ​កិច្ចព្រមព្រៀង​ដែល​បាន​ឈានដល់​ជាមួយ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូ​ន ចេ​អ៊ី​ន​។​ ​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​ចោទប្រកាន់​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​២​ថា “​កំពុង​លេងកល​ល្បិច​ទាំងអស់​” ដើម្បី​ធ្វើ​ឲ្យ​សមយុទ្ធ​យោធា​របស់​ពួកគេ​ត្រឹមត្រូវ ហើយ​សញ្ជាតិ​ពិត​ដ៏​ក្រេវក្រោធ​របស់​ពួកគេ មិនអាច​បិទបាំង​បានឡើយ​។​ ​កូរ៉េខាងជើង បាន​ត្រូវ​ព្រនង់​ដោយសារតែ​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​សហរដ្ឋ និង​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​ទីក្រុង​ព្យុងយ៉ាង​។​ ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល ដែល​ក្រុមមន្ត្រី​កូរ៉េខាងត្បូង អះអាងថា ជា​ប្រភេទ​ថ្មី​នៃ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត​។ ​យោងតាម​ការអះអាងរ​បស់​អគ្គ​នាយសេនាធិកា​រ​ចម្រុះ​កូរ៉េខាងត្បូង​(JCS) បាន​ឲ្យ​ដឹងថា មី​ស៊ី​ល​ទាំង​២​គ្រឿង​នេះ បាន​ធ្លាក់​ចូលទៅក្នុង​សមុទ្រ​ជប៉ុន ដែល​គេ​ស្គាល់​ថា​ជា​សមុទ្រ​ខាងកើត​។​ JCS បាន​អះអាងថា មី​ស៊ី​ល​នេះ​បាន​ហោះ​ទាប និង​បានធ្វើ​ដំណើរ​ចម្ងាយ​២២០​គ​.​ម ។ ក្រុមអ្នកវិភាគ បាន​និយាយថា វា​ទំនងជា​ហោះ​លឿន​ខុសពី​ធម្មតា​។​ ​ដោយឡែក កាលពី​ថ្ងៃ​ពុធ សប្តាហ៍​មុន កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​២​គ្រាប់​ទៀត ដែល​ហោះ​បាន​ចម្ងាយ​២៥០​គ​.​ម និង​បាន​ហោះ​ឡើងដល់​រយៈកម្ពស់​៣០​គ​.​ម មុនពេល​ធ្លាក់​ចូលទៅក្នុង​សមុទ្រ​ជប៉ុន​។​ ​នៅ​ថ្ងៃទី​២៥ ខែកក្កដា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​២​គ្រឿង​ផ្សេងទៀត ដែល​មី​ស៊ី​ល​១​គ្រឿង​ហោះ​បាន​ចម្ងាយ​៦៩០​គ​.​ម មុនពេល​វា​ធ្លាក់​ចូលក្នុង​សមុទ្រ​ជប៉ុន​៕​