កោះ​តៃវ៉ាន់​រងគ្រោះ​ទៀតហើយ​ដោយសារ​រញ្ជួយ​ដី​កម្រិត​៥.៩​រ៉ិ​ច​ទ័​រ ខណៈដែល​អ្នក​គ្រោះថ្នាក់​មិនទាន់​ដឹង​ភ្លាមៗ​

ព្រឹត្តិការណ៍ថ្មីៗ
0
281
​ការរញ្ជួយ​ដី​កម្រិត​៥.៩​រ៉ិ​ច​ទ័​រ បាន​អង្រួន​កោះ​តៃវ៉ាន់​ជាថ្មី​ម្តងទៀត នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ ធ្វើ​ឲ្យ​ប្រជាជន​ស្ទើរ​ទូទាំង​កោះ ភ័យ​ស្លន់ស្លោ​គ្រប់ៗ​គ្នា​។​ ​មន្ទីរ​វាស់​ភូគព្ភសាស្ត្រ​សហរដ្ឋអាមេរិក បាន​និយាយថា ការរញ្ជួយ​ដី​កម្រិត​៥.៩​រ៉ិ​ច​ទ័​រ បាន​អង្រួន​កោះ​តៃវ៉ាន់ ធ្វើ​ឲ្យ​កាត់ផ្តាច់​ចរន្តអគ្គិសនី ថ្វីត្បិតតែ​នៅ​មិនទាន់មាន​សេចក្តីរាយការណ៍​ភ្លាមៗ​ពី​គ្រោះថ្នាក់​ក៏ដោយ ហើយ​ការរញ្ជួយ​ដី​នេះដែរ កើតឡើង​នៅវេលា​ម៉ោង​៥.២៨​នាទី​ព្រឹក​ក្នុង​ជម្រៅ​ដី​១០​គ​.​ម ស្ថិតនៅ​ស្រុក​ភាគ​ឦសាន​យី​ឡាន​។​ ​ដោយឡែក មន្ទីរ​ឧតុនិយម​កណ្តាល​តៃវ៉ាន់ បាន​អះអាងថា ការរញ្ជួយ​ដី​នេះ​មាន​កម្រិត​៦​រ៉ិ​ច​ទ័​រ​។​ ​អគារ​ខ្ពស់ៗ បាន​យោល​ដូច​ទោង​នៅក្នុង​ទីក្រុង​តៃប៉ិ ធ្វើ​ឲ្យ​មនុស្សម្នា​ភ្ញាក់​ពី​ដំណេក​គ្រប់ៗ​គ្នា និង​ព្យាយាម​រត់គេច​ចេញពី​អគារ​។​ ​ក្រុម​អាជ្ញាធរ បាន​និយាយថា ការ​រ​ញ្ជូ​យ​ដី​នេះ បានធ្វើ​ឲ្យ​មាន​ភាព​រំ​ញ័រ​ស្ទើរ​ទូទាំង​កោះ ធ្វើ​ឲ្យ​កាត់ផ្តាច់​ចរន្តអគ្គិសនី​ទៅកាន់​ផ្ទះ​១៣០០​ខ្នង​នៅក្នុង​តំបន់​ពិសេស​នៃ​ទីក្រុង​តៃប៉ិ ខណៈដែល​រដ្ឋបាល​ផ្លូវដែក​តៃវ៉ាន់ បាន​ផ្អាក​សេវាកម្ម​មួយចំនួន​របស់​ពួកគេ​នៅក្នុង​ស្រុក​យី​ឡាន​។​ ​កោះ​តៃវ៉ាន់​ស្ថិតនៅ​ចំណុចប្រសព្វ​នៃ​ផ្លាក​តិច​តូ​និក​ចំនួន​២ ហើយ​វា​តែងតែ​ទទួលរង​ដោយ​ការរញ្ជួយ​ដី​ជា​ញឹកញាប់​។​ ​គួរ​ឲ្យ​ដឹងថា កាលពី​ខែមេសា​កន្លងទៅ ការ​រ​ញ្ជូ​យ​ដី​កម្រិត​៦.១​រ៉ិ​ច​ទ័​រ បាន​អង្រួន​កោះ​មួយ​នេះ​ផងដែរ ធ្វើ​ឲ្យ​អាក់ខាន​ដល់​ការធ្វើ​ចរាចរណ៍ និង​បានធ្វើ​ឲ្យ​មនុស្ស​១៧​នាក់​រងរបួស​ធ្ងន់ និង​ស្រាល​។​ ​ចំណែកឯ​កាលពី​ខែ​កុ​ម្ភះ ឆ្នាំមុន ការរញ្ជួយ​ដី​កម្រិត​៦.៤​រ៉ិ​ច​ទ័​រ បាន​អង្រួន​ទីក្រុង​ហួ​លៀន មុនពេល​ពាក់​កណ្តាលយប់ ដោយបាន​សម្លាប់​មនុស្ស​១៧​នាក់​។ ភាគច្រើន​នៃ​ជនរងគ្រោះ បាន​ជាប់​ខ្លួន​ក្នុង​អគារ​រលំ ។​ ​សូមបញ្ជាក់ថា ការរញ្ជួយ​ដី​ដ៏​អាក្រក់​បំផុត​នៅ​តៃវ៉ាន់​នា​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ គឺ​ការរញ្ជួយ​ដី​កម្រិត​៧.៦​រ៉ិ​ច​ទ័​រ កាលពី​ខែកញ្ញា ឆ្នាំ​១៩៩៩ ដែល​បានសម្លាប់​មនុស្ស​ប្រហែល​២.៤០០​នាក់​៕​