កូរ៉េ​ខាងជើង​ផលិត​នាវាមុជទឹក​ប្រភេទ​ថ្មី​ដែល​អាច​ផ្ទុក​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​

ព្រឹត្តិការណ៍ថ្មីៗ
0
369
​កូរ៉េខាងជើង បាន​បញ្ចេញ​រូបថត​ជាច្រើន​សន្លឹក​ដែល​មេដឹកនាំ​គីម ជុង​អ៊ុន អង្កេត​មើល​នាវាមុជទឹក​ប្រភេទ​ថ្មី​របស់​ពួកគេ​។​ ​រូបភាព​ទាំងនេះ ឃើញ​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ ធ្វើដំណើរ​ទៅកាន់​រោងចក្រ​ផលិត​នាវា​ដ៏​ធំ​មួយ ជា​កន្លែង​ដែល​នាវាមុជទឹក​កំពុងតែ​សាងសង់​។​ ​ក្រុម​អ្នកជំនាញ​មានជំនឿថា នាវាមុជទឹក​ប្រភេទ​ថ្មី​នេះ នឹង​ផ្ទុក​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​អាច​ប្រើប្រាស់​ដើម្បី​គំរាមកំហែង​មកលើ​មូលដ្ឋាន​យោធា​សហរដ្ឋអាមេរិក នៅ​ជប៉ុន និង​ទូទាំង​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក​។​ ​រូបភាព​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA​ឃើញ​លោក​គីម និង​បរិវារ​របស់លោក ធ្វើដំណើរ​ទៅ​មើល​នាវាមុជទឹក​នៅក្នុង​អគារ​រោងចក្រ​ដ៏​ធំ​មួយកន្លែង​។​ ​នាវាមុជទឹក​ថ្មី​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​នាវាមុជទឹក​ដែលមាន​ស្រាប់​របស់​កូរ៉េខាងជើង ប៉ុន្តែ​វា​ទំនង​ជាមាន​ក្តោង​ធំ​ជាង​មុន​ជាមួយនឹង​ប្រព័ន្ធ​បាញ់​មី​ស៊ី​បាលី​ស្ទិ​ក Pukgeukseong-1 ។​ ​ទីភ្នាក់ងារ KCNA​បាន​រាយការណ៍​ថា លោក​គីម ជុង​អ៊ុន បាន​ទៅ​មើល​នាវាមុជទឹក​ទើប​បង្កើត​ថ្មី ហើយ​និង​បាន​លំអិត​ពីមុខ​ងារ​តាក់​ទិ​ក​ប្រតិបត្តិការ​របស់​នាវា និង​ប្រព័ន្ធ​ប្រយុទ្ធ​អាវុធ​។​ ​លោក​គីម បានបង្ហាញ​នូវ​ការពេញចិត្ត​ជាខ្លាំង​ចំពោះ​ការ​រចនា និង​ការសាងសង់​នាវាមុជទឹក​នេះ ដើម្បី​បំពេញ​បំណងប្រាថ្នា​យុទ្ធសាស្ត្រ​យោធា​របស់​គណបក្ស​រប​ស់លោក ឲ្យ​សម​គ្រប់​ស្ថានភាព ។​ ​នាវា​មុជ​នេះ នឹង​ចេញ​ប្រតិបត្តិការ​នៅក្នុង​សមុទ្រ​ជប៉ុន​។​ ​សូមបញ្ជាក់ថា នាវាមុជទឹក Project 633 របស់​អតីត​សហភាពសូវៀត​ដើរ​ដោយ​ថាមពល​ប្រេងម៉ាស៊ូត ដែល​ត្រូវបាន​កងកម្លាំង​អង្គការ NATO​ឲ្យ​រហ័ស​នាម​ថា “Romeo” ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៥០​។ ​អតីត​សហភាពសូវៀត បាន​ចែករំលែក​គម្រោង​នាវាមុជទឹក​ជាមួយ​ចិន ដែល​បាន​បញ្ជូន​នាវាមុជទឹក​៧​គ្រឿង​ទៅ​ឲ្យ​កូរ៉េខាងជើង​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ហើយ​និង​បាន​ផ្គត់ផ្គង់​គ្រឿងបន្លាស់​សម្រាប់​នាវាមុជទឹក​១៣​គ្រឿង​បន្ថែមទៀត​។​ ​មកទល់នឹង​ឆ្នាំ​២០១៩​នេះ នាវាមុជទឹក Romeos បានរួម​ចំណែក​ដ៏​ធំ​នៅក្នុង​កង​ម៉ា​រី​ន​កូរ៉េខាងជើង ។ កាលពី​ឆ្នាំ​២០១៤ លោក​គីម ជុង​អ៊ុន បាន​ឡើង​ជិះ​លើ​នាវាមុជទឹក​មួយគ្រឿង​ក្នុង​ចំណោម​នាវាមុជទឹក​ជា​ច្រើន​គ្រឿង​ទៀត​របស់​កូរ៉េខាងជើង​៕​