អាមេរិក​ផលិត​ក្បាល​គ្រាប់កាំភ្លើង​ធំ​ដែល​អាច​បាញ់​ចំ​គោលដៅ​គូសត្រូវ​កំពុង​បើកបរ ឬ​មិន​ស្គាល់​ទីតាំង​

ព្រឹត្តិការណ៍ថ្មីៗ
0
637
​កងទ័ព​សហរដ្ឋអាមេរិក កំពុងតែ​ផលិត​ក្បាល​គ្រាប់កាំភ្លើង​ធំ ដែលមាន​សមត្ថភាព​បា​ញ់​ប្រហារ​មកលើ​គោលដៅ​គូសត្រូវ​ដែល​កំពុង​បើកបរ ឬ​មិន​ស្គាល់​ទីតាំង ដែល​រួមទាំង​រថក្រោះ និង​រថពាសដែក ។​ ​ក្បាល​គ្រាប់​នេះ មាន​ឈ្មោះថា “C-DAEM” ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជំនួស​ក្បាល​គ្រាប់​ចាស់ៗ ដែល​មិន​ផ្ទុះ​នៅលើ​សមរភូមិ​ប្រយុទ្ធ និង​បង្ក​ការ​កំរាម​កំហែង​ដល់​ជន​ស៊ីវិល​។​ ​ក្បាល​គ្រាប់​នេះ ត្រូវបាន​រចនា​ឡើង​ផងដែរ ដើម្បី​វាយប្រហារ​មកលើ​គោលដៅ ទោះបីជា​ក្នុងស្ថានភាព​ដែល​ប្រព័ន្ធ GPS​ជាប់គាំង ឬ​មិនដឹង​ច្បាស់​ពី​ទីតាំង​របស់​គូសត្រូវ​ក៏ដោយ​។​ ​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ គោលបំណង​ព្រួយ​១​បាញ់​បាន​សត្វ​២​របស់​កងទ័ព​អាមេរិក បានធ្វើ​ឲ្យ​គ្រាប់កាំភ្លើង​ធំ “DPICM”​ល្អប្រសើរ​ឡើង​។ គ្រាប់កាំភ្លើង​ធំ DPICM ត្រូវបាន​គេ​រចនា​ឡើង ដើម្បី​បាញ់ស្រោច​នៅលើ​សមរភូមិ​ប្រយុទ្ធ ដោយសារតែ​ក្នុង​ក្បាល​គ្រាប់​នេះ នៅមាន​គ្រាប់បែក​តូចៗ​ប៉ុន​កូន​បាល់​តឺ​ន្នី​ស ហើយ​វា​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការវាយប្រហារ​មកលើ​គោលដៅ​ទ្រង់ទ្រាយ​ធំ​។​ ​ក្បាល​គ្រាប់កាំភ្លើង​ធំ​មួយ​នេះ មាន​សារៈសំខាន់​ក្នុងការ​ការពារ​ទាហាន​ថ្មើរជើង ហើយ​វា​មាន​សមត្ថភាព​បំផ្លាញ ផ្លូវ អាវុធ ឬ​សេន​ស័​រ របស់​រថយន្ត​ក្រោះ ឬ​រថពាសដែក​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក្បាល​គ្រាប់កាំភ្លើង C-DAEM គឺជា​ការអភិវឌ្ឍន៍​មួយ​នៃ​គ្រាប់កាំភ្លើង​ធំ​កាណុង​ទំហំ​១៥៥​មី​លី​ម៉ែត្រ Excalibur របស់​កងទ័ព​អាមេរិក​។ Excalibur គឺជា​គ្រាប់កាំភ្លើង​ធំ​ដឹកនាំ​ដោយ​ប្រព័ន្ធ GPS មាន​សមត្ថភាព​វាយប្រហារ​ចំ​គោលដៅ​នៅ​ចម្ងាយ​រាប់សិប​ម៉ៃ​ល៍ ។ ​ក្រុមហ៊ុន Raytheon ដែល​ផលិត​គ្រាប់កាំភ្លើង​ធំ Excalibur បាន​អះអាងថា វា​អាច​ធ្លាក់​នៅ​ចម្ងាយ​៦​ហ្វ៊ូ​ត​កន្លះ​ប៉ុណ្ណោះ​ពី​គោលដៅ​បាញ់ ពោលគឺ​ស្ថិតក្នុង​ទីតាំង​មួយ​ដែល​អាច​បំផ្លាញ​រថពាសដែក​ឬ​រថក្រោះ បាន​ទាំងស្រុង​។​ ​ប៉ុន្តែ​សម្រាប់​ក្បាល​គ្រាប់ C-DAEM វិញ វា​មាន​សមត្ថ​ភា​ពិសេស​បំផុត ដែល​អាច​វាយប្រហារ​ចំ​គោលដៅ​រថក្រោះ ឬ​រថពាសដែក​ផ្សេងទៀត ដែល​កំពុង​បើកបរ ដែលជា​អ្វីមួយ​ដែល​ក្បាល​គ្រាប់កាំភ្លើង​ធំ​មាន​ស្រាប់​បច្ចុប្បន្ន មិនអាច​ធ្វើបាន​។​ ​ជាងនេះទៅទៀត ក្បាល​គ្រាប់កាំភ្លើង​ធំថ្មី​នេះ អាច​វាយប្រហារ​ចំ​គោលដៅ​មកលើ​រថយន្តយោធា ពេលដែល​ទីតាំង​របស់​វា​មិនត្រូវ​បានដឹង​ច្បាស់​ថែម​ទៀតផង​។ គ្រាប់កាំភ្លើង C-DAEM អាច​បាញ់​បាន​ចម្ងាយ​៦០​គ​.​ម ដោយ​ប្រើពេល​ត្រឹមតែ​ជាង​១​នាទី​ប៉ុណ្ណោះ នឹង​ដល់​គោលដៅ​ភ្លាម ហើយ​វា​អាច​ស្វែង​ករក​គោល​របស់​វា​នៅលើ​ផ្ទៃដី​ជាង​២៨​គ​.​ម​ក្រឡា​៕​