មេធ្មប់ជាង៣ពាន់នាក់ត្រូវបានធ្វើទារុណកម្ម និងដុតសម្លាប់ទាំងរស់នៅស្កុតលែន

Uncategorized
0
392
មេធ្មប់ជាង៣ពាន់នាក់ រងការចោទប្រកាន់ថាបានធ្វើអំពើធ្មប់នៅស្កុតលែន កាលពីសតវត្សរ៍ទី១៦ ដោយភាគច្រើននៃពួកគេត្រូវច្របាច់ក.សម្លាប់ចោល ឬដុតសម្លាប់ទាំងរស់ឲ្យក្លាយជាផេះ។ ចន្លោះទសវត្សរ៍ទី១៦ និងទី១៨ មាននូវការកាត់ទោសប្រហារជាជីវិតជាសាធារណៈនូវមេធ្មប់១៤០០នាក់ ប៉ុន្តែតួលេខពិតប្រាកដ អាចនឹងកើនឡើងច្រើនជាងនេះ។ ការរកឃើញអព្ភូតហេតុនេះ ត្រូវបានលាតត្រដាងឡើងដោយការសិក្សាពីអំពើធ្មប់របស់សាកលវិទ្យាល័យ Edinburgh ដែលបានកត់ត្រាទីកន្លែងដែលមេធ្មប់រស់នៅ និងត្រូវគេសម្លាប់ ហើយនិងការដាក់ទោសមកលើពួកគេ។ ការសិក្សារឿងរ៉ាវរបស់មេធ្មប់នេះដែរ ត្រូវបានស្រាយចម្ងល់កាន់តែច្បាស់ដោយសារតែផែនដីអន្តរកម្ម ជាកន្លែងដែលការកាត់ទោសមេធ្មប់ ត្រូវបានប្រទះឃើញដោយក្រុមនិស្សិតមិនទាន់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ។ នៅក្នុងឆ្នាំ១៦៩២ នាង Isobel Young ដែលជាភរិយាកសិករម្នាក់ ស្ថិតនៅក្នុងចំណោមមេធ្មប់ដែលរងការចោទប្រកាន់ ហើយត្រូវបានច្របាច់ក. និងការដុតសម្លាប់ទាំងរស់សម្រាប់ការធ្វើអំពើធ្មប់របស់នាង។ អ្នកបម្រើ២នាក់របស់នាង បាននិយាយថា សត្វគោមួយក្បាលរបស់នាងចេះនិយាយ និងចេះយំ “អូព្រះជាម្ចាស់ អូព្រះជាម្ចាស់ អូព្រះជាម្ចាស់”។ អ្នកបម្រើម្នាក់ បាននិយាយថា សត្វគោមួយក្បាលទៀតរបស់នាង Young បានសួរគាត់ថា “តើគាត់មានរឿងអ្វីឬ?”។ ដោយឡែក កំណត់ត្រាតុលាការ បានបង្ហាញថា ប្តី George របស់នាង Young បាននិយាយថា នាងបានព្យាយាមសម្លាប់គាត់ដោយប្រើមន្តអាគម ក្រោយឈ្លោះគ្នារឿងភ្ញៀវមកលេងផ្ទះ។ សម្រាប់បទឧក្រិដ្ឋរបស់នាង នាង Young ត្រូវបាននាំយកទៅកាត់ទោសនៅប្រាសាទ Castle Hill of Edinburgh ដោយច្របាច់ក.រហូតដល់ស្លាប់ មុនពេលដុតសាកសពកម្ទេចចោល ។ ក្រោមច្បាប់អំពើអាបធ្មប់ស្កុតលែនឆ្នាំ១៥៦៣ ការប្រតិបត្តិអំពើអាបធ្មប់ និងការពិគ្រោះជាមួយមេធ្មប់ គឺជាការបំពានធ្ងន់ធ្ងរបំផុត។ សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៤៨៤ ដល់ឆ្នាំ១៧៥០ មេធ្មប់ប្រហែលជា២០ម៉ឺននាក់ ត្រូវបានធ្វើទារុណកម្ម ដុតសម្លាប់ចោល ឬព្យួរក.សម្លាប់ចោលនៅអឺរ៉ុបបែកខាងលិច៕