តៃវ៉ាន់ បាន​បង្កើន​សមត្ថភាព​យោធា​តាមរយ​:​ការទិញ​យន្តហោះ ចម្បាំង​៦៦​គ្រឿង ប្រភេទ F-16 យ៉ាងច្រើន​គ្រឿង​

ព្រឹត្តិការណ៍ថ្មីៗ
0
539
​បញ្ហា​កោះ​តៃវ៉ាន់ តែងតែ​ធ្វើ​ឲ្យ​អាមេរិក និង​ចិន ប្រឈមមុខ​ដាក់គ្នា​ជា​បន្តបន្ទាប់ ហើយ​មានតែ​អាមេរិក​ប៉ុណ្ណោះ ដែល​លក់​អាវុធ​ដល់​កោះ​តៃវ៉ាន់ ដូច្នេះ​ដើម្បី​ពង្រឹងសមត្ថភាព​ក្នុងការ​គ្រប់គ្រង​កោះ​តៃវ៉ាន់​បាន​បង្កើន​ការទិញ​អាវុធ​បន្ថែម​ពី​អាមេរិក ក្នុងនោះ​មាន​យន្តហោះ ចម្បាំង ៦៦​គ្រឿង ប្រភេទ F-16V របស់​អាមេរិក​ក្នុងតម្លៃ​ជាង​៨​ពាន់​លាន​ដុល្លារ ដែលមាន​បច្ចេកវិទ្យា​ទំនើប​ជាង F-16 របស់​ក្រុមហ៊ុន​ផលិត​សព្វាវុធ Lockheed Martin ។​ ​យោងតាម​សម្រេច​ពី សភា​តៃវ៉ាន់​ក៏បាន​ឱ្យដឹង​ដែរ​ថា សេចក្ដីព្រាងច្បាប់​នឹងត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋាន​ច្បាប់ សម្រាប់​ឱ្យ​គណៈរដ្ឋមន្ត្រី នៃ​រដ្ឋាភិបាល​លោកស្រី ត្សៃ អ៊ីង​វិ​ន (Tsai Ing-wen) ប្រើប្រាស់​កញ្ចប់​ថវិកា​ពិ​សេស ដើម្បី​ទិញ​យន្ដហោះ​ចម្បាំង F-16 ពី​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​រហូត​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៦​។ ម្យ៉ាងវិញទៀត​សេចក្ដីព្រាងច្បាប់​នេះ នឹង​ក្លាយជា​ច្បាប់​ហើយ​ជា​ចូល​ជា​ធរមាន​បន្ទាប់ពី លោកស្រី Tsai ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ប្រតិកម្ម​កាលពី​ថ្ងៃ​ចន្ទ​ថា ការលក់​យន្តហោះ​ឲ្យ​តៃវ៉ាន់ បាន​បំពាន​កិច្ចព្រមព្រៀង​រវាង​អាមេរិក និង​ចិន​យ៉ាងខ្លាំង ហើយ​វា​ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ បន្ថែម​ពីលើ​នេះ​ទៅទៀត លោក Geng Shuang បញ្ជាក់ទៀតថា អាមេរិក​គួរតែ​លុបចោល​ការលក់​យន្តហោះ​ប្រភេទ​នេះ​ភ្លាមៗ ហើយ​បញ្ឈប់​កិច្ចសន្យាលក់​អាវុធ និង​យោធា​ជាមួយ​តៃវ៉ាន់​ទៅ បើ​មិន​ចង់​ប្រឈមមុខ​នឹង​ផលវិបាក​ផ្សេងៗ​។ ​សូមបញ្ជាក់ថា​យន្តហោះ​នេះ គឺជា​ប្រភេទ​ចុងក្រោយ ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​Lockheed Martin ហើយ​មាន​បំពាក់អាវុធ រ៉ា​ដា និង​ឧបករណ៍​ទំនើបៗ​ជាច្រើន​ទៀត​។​