ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៖ បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​អាច​នឹងត្រូវ​កាត់បន្ថយ​

ព្រឹត្តិការណ៍ថ្មីៗ
0
251
បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដែល​កើតមានឡើង​ដដែលៗ​នោះ​ហាក់ដូចជា​មិនទាន់មាន​ដំណោះស្រាយ​ដែលមាន​ប្រសិទ្ធភាព​នៅឡើយ​នោះទេ​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​សិក្សា​អំពី​លទ្ធភាព​បង្កើត​គន្លង​ផ្លូវ​សម្រាប់​រថយន្តក្រុង ដើម្បី​ឲ្យ​ការដឹកជញ្ជូន​អ្នកដំណើរ​កាន់តែ​ឆាប់រហ័ស​ជាង​សព្វថ្ងៃ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​វេទិកា​សំណេះសំណាល​ស្ដីពី​ចល័តភាព​ក្នុង​ទីប្រជុំជន​ដែល​បាន​រៀប ចំ​ឡើង​នៅ សណ្ឋាគារ Raffles Hotel Le Royal នៅ​ថ្ងៃទី​៥​ខែធ្នូ ។ ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើងថា ដើម្បី​ជាការ​ចូលរួម​កាត់បន្ថយ​ភាព​កកស្ទះ​ចរាចរណ៍​ក្នុង​រាជ​ធា​រី​ភ្នំពេញ JICA បាន​ជួយ​បំពាក់​ភ្លើងស្តុប​ឆ្លាត​វៃ ជាច្រើន​រួចមកហើយ​។ ដោយ​ភ្លើងស្តុប​នេះ វា​អាច​ដឹងខ្លួន​វា​ថា បើ​មានការ​កកស្ទះ​ខ្លាំង​នៅ​កន្លែង​ណា វា​អាចជួយ​ពន្យារពេល​បន្ថែម​ដោយ​ខ្លួនឯង​។​ ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នេះដែរ សាលា​រាជធានី​ភ្នំពេញ ក៏បាន​បង្កើន​រថយន្ត​ក្រុង​រហូតដល់ ២៣៥​គ្រឿង ដែលមាន​មនុស្ស​ជិះ​បាន ១៥,០០០​នាក់​ក្នុង​មួយថ្ងៃ​។ មាន​ខ្សែ​រថយន្តក្រុង​រត់ឡើង​ដល់ ១៣​ខ្សែ ដើម្បី​ជាការ​ផ្តល់​ភាព​កាន់តែ​ងាយស្រួល ឱ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​សេវា​រថយន្តក្រុង​នេះ​បាន​កាន់តែច្រើន​។​ ​ជុំវិញ​បញ្ហា​នេះដែរ លោក​ឧត្ដមសេនីយ៍ទោ​ចេ​វ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​ចរាចរណ៍ បាន​ឲ្យ​ដឹង ថា កត្តា​ដែល​បណ្ដាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ​រួមមាន​៖ កត្តា​កំណើន​មនុស្ស និង​មធ្យោបាយ​ធ្វើដំណើរ បាន​កើនឡើង​យ៉ាងគំហុក​។ កត្តា​ផ្លូវថ្នល់ ដោយ​បរិមាណ​ផ្លូវថ្នល់ មិន​តុល្យភាព​ជាមួយ​កំណើន​យានយន្ត​។ កត្តា​អ្នកប្រើប្រាស់​ផ្លូវថ្នល់ ដោយ​អ្នកបើកបរ​មួយចំនួន មិន​គោរព​សញ្ញា​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ និង​បើកបរ​ទៅតាម​ទម្លាប់​ជាដើម​។ ក្នុងនោះ​ក៏មាន​កត្តា​ការដ្ឋាន​ជួសជុល និង​កែលម្អ​បន្ថែម​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ​។ ​លោក​ឧត្ដមសេនីយ៍ទោ​ចេ​វ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​ចរាចរណ៍ បាន​ថ្លែង ថា នគរបាល​ចរាចរណ៍​ជិត​១​ពាន់​នាក់ ត្រូវបាន​ដាក់ពង្រាយ​តាម​បណ្ដា​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍ ហើយ​ប្រសិនបើ​គ្មាន​នគរបាល​ចរាចរណ៍​ទេ នោះ​រាជធានី​ភ្នំពេញ​នឹង​ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍​កាន់តែ​ខ្លាំង​៕ ​