នៅ​រាជធានី​ភ្នំពេញ​ចាប់ ពី​ឆ្នាំ​២០២០ ទៅ​ចំពោះ​សេវាកម្ម​ប្រមូល​សំរាម​នឹងត្រូវ​បង់​តាម​ធនាគា​

ព្រឹត្តិការណ៍ថ្មីៗ
0
292
​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ បានចេញ​សេចក្ដីណែនាំ ស្ដីពី​ការផ្លាស់ប្ដូរ​ប្រព័ន្ធគ្រប់គ្រង និង​នីតិវិធី​នៃ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក្នុងដំណាក់កាល​អន្តរ​កាល​។​ ​ក្នុងអំឡុងពេល​អន្តរ​កាល គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ រហូត​ដល់ពេល​បង្កើត​បាន និង​ដាក់ឱ្យ​ដំណើរការ​ពេញលេញ​នូវ​ប្រព័ន្ធគ្រប់គ្រង​សំរាម និង​សំណល់​រឹង​ថ្មី​ក្នុងពេល​ឆាប់ៗ​ខាងមុខ រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី មាន​សិទ្ធិ​បន្ត​ប្រតិបត្តិ​ការសម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង​ជា​បណ្តោះអាសន្ន​សិន ប៉ុន្តែ​មិនមាន​សិទ្ធិ​ក្នុងការ​ប្រមូល​ថ្លៃ​សេវា សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង​តទៅទៀត​ទេ​។ ​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​រក្សា​ស្ថានភាព​ចំពោះ​តម្លៃ​សេវា​បច្ចុប្បន្ន​ជា​បណ្តោះអាសន្ន​សិន និង​សូម​ប្រជាពលរដ្ឋ​ប្រើប្រាស់​អត្រា​តម្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​ដែល​បាន​បង់​រួចហើយ​កាលពី​ខែតុលា ឆ្នាំ​២០១៩ ជា​មូលដ្ឋាន ដើម្បី​បន្ត​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ក្នុងអំឡុងពេល​អន្តរ​កាល​នេះ​។​ដើម្បី​ទំនើបកម្ម​សេវាសាធារណៈ និង​សម្រួល​ដល់​ការបង់ថ្លៃ​ប្រើប្រាស់​សេវា ឱ្យបាន​គ្រប់​ទីកន្លែង រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ការចេញ និង​ចែក​វិក្កយបត្រ​ប្រមូល​ថ្លៃ​សេវា​សំរាម និង​សំណល់​រឹង​ជា​ក្រដាស ដូចដែល​ធ្លាប់​ភ្ជាប់​ជាមួយ​វិក្កយបត្រ​អគ្គិសនី ហើយនឹង​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ បង់​ទូទាត់​តាម​មធ្យោបាយ​អេឡិចត្រូនិក ជំនួស​វិញ​ដូចខាងក្រោម​៖​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ តទៅ អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ប្រចាំខែ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥​នៃ​ខែ​បន្ទាប់ (​ឧទាហរណ៍ សម្រាប់​ថ្លៃ​សេវា​ប្រចាំ​ខែមករា ឆ្នាំ​២០២០ អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៥​ខែកុម្ភៈ​) តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេ​ឡិច ត្រូ​និក (​តាម​ទូរស័ព្ទដៃ​) ឬ​បញ្ជរ​ទូទាត់​នៅ​ធនាគារ ACLEDA ឬ​តាម​ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​ទៀត​ដូចជា eMONEY, Lyhour Weiluy, Pi Pay, True Money និង Dara Pay​។​ល​។​