ហ្វូង​បាតុករ​ជាច្រើន​នៅ​ប្រទេស​បារាំង បាន​ផ្ទុះ​តវ៉ា​ប្រឆាំងនឹង​តម្លៃ​ប្រេង​ដែល​កំពុង​ឡើងថ្លៃ​

ព្រឹត្តិការណ៍ថ្មីៗ
0
289
​ប៉ូលិស​បារាំង​បាន​ប៉ះទង្គិច​គ្នា​នឹង​ក្រុមបាតុករ​នៅ​ទូទាំងប្រទេស​រយៈពេល​៨​ថ្ងៃ​ជាប់ៗ​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ក្នុងខណៈពេល​ដែលមាន​ហ្វូងមនុស្ស​ជាច្រើន​ពាន់​នាក់​បាន​តវ៉ា​ប្រឆាំងនឹង​តម្លៃ​ប្រេង​ដែល​កំពុង​ឡើងថ្លៃ​។​ ​ការតវ៉ា​នេះ គឺមាន​ការបិទផ្លូវ​ទូទាំងប្រទេស និង​មាន​មនុស្ស​ចូលរួម​ប្រហែល​១០៦ ០០០​នាក់ ប៉ុន្តែ​បើ​មើល​តែ​ម្តុំ​ប៉ែក​ខាង​មហាវិថី Champs-Elysées ក្នុង​ក្រុងប៉ារីស​វិញ មាន​បាតុករ​ចូលរួម​ប្រហែល​៨​ពាន់​នាក់​។ ក្រុមបាតុករ​ដែល​ពាក់​អាវកាក់​ពណ៌​លឿង បាន​ប្រមូលផ្តុំ​យ៉ាង​ណែន​លើ​ដង​មហាវិថី​Champs-Elysées អមដោយ​សម្រែក​ទាមទា​រ ឲ្យ​ប្រធានាធិបតី​បារាំង​លោក​អេ​ម៉ា ណូអែល​ម៉ា​ក្រុង ចុះ​ចេញពី​តំណែង​។​ ​ដោយសារ​សន្ទុះ​នៃ​ការតវ៉ា​កញ្ជ្រោល​ខ្លាំងពេក ប៉ូលិស​មួយចំនួន ក្នុងចំណោម​ប៉ូលិស​៥​ពាន់​នាក់ ដែល​ដាក់ពង្រាយ​ក្នុង​ទីក្រុង ដើម្បី​ការពារ​អំឡុងពេល​តវ៉ា បាន​បង្ខំចិត្ត​ប្រើប្រាស់​កាណុង​បាញ់​ទឹក និង​ឧស្ម័ន​បង្ហូរទឹកភ្នែក បាញ់​ដាក់​ហ្វូង​បាតុករ​នៅលើ​មហាវិថី Champs-Elysées ដើម្បី​បំបែក​ការប្រមូលផ្តុំ​នេះ​។ ប៉ូលិស​ព្យាយាម​រារាំង កុំ​ឲ្យ​ក្រុមបាតុករ​រុលទៅមុខ ឆ្ពោះទៅកាន់​អាគារ​សំខាន់ៗ​របស់​រដ្ឋ ដូចជា​ការិយាល័យ​ប្រធានាធិបតី​និង​សភាជាតិ​ជាដើម​។​ ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចលនា​អាវកាក់​លឿង បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង សាជាថ្មី នៅ​ថ្ងៃ​សៅរ៍ ទី ១​ធ្នូ សប្តាហ៍​ក្រោយ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ឲ្យ​ដំឡើង​ប្រាក់ខែ ហើយ​និង​បញ្ឈប់ ដំឡើង​ពន្ធ​លើ​ប្រេង​។ “​បើ​រដ្ឋាភិបាល​មិន​ព្រម​ធ្វើតាម នោះ បាតុកម្ម​តវ៉ា​នឹង​កើតមាន រហូត​ធ្វើ​ឲ្យ​ប្រធានាធិបតី​ម៉ា​ក្រុង​ចុះ​ចេញពី​តំណែង​” នេះ​ជា​ពាក្យ​ព្រមាន​របស់​ចលនា​អាវកាក់​លឿង នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ នៅក្នុង​បាតុកម្ម​របស់​ក្រុម​អាវកាក់​លឿង​នៅ​ទូទាំងប្រទេស​ដែលមាន​មនុស្ស​ចូលរួម ១០៦ ៣០១​នាក់ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស ១០៣​នាក់ នៅក្រោយ​ការប៉ះទង្គិច​ដ៏​ហិង្សា ដែល​បានធ្វើ​មនុស្ស​របួស ២៤​នាក់​។​