ឆ្នាំ​២០២០ អស់លោក​ដែល​តែងតែ​បំពាន​ច្បាប់​ចរាចរណ៍ គឺ​តាម​ដល់ផ្ទះ

ព្រឹត្តិការណ៍ថ្មីៗ
0
249
​ កាលពីពេល​កន្លងទៅនេះ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ផែន​សណ្តាប់ធ្នាប់​ចរាចរណ៍ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៉ឹ​ម យ៉ាន បានបញ្ជាក់​ពី​ផែនការ របស់​នគរបាលជាតិ ក្នុងការ​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព ដែល​បាន​បំពាក់​តាម​ភ្លើងស្តុប ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ព​ង្រឹ​ក​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍ ដោយ​នឹង​ផាកពិន័យ​ដល់ផ្ទះ ចំពោះ​អ្នក​ដែល​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ចត​ល្មើសច្បាប់​ជាដើម​។​ ​ការលើកឡើង​របស់​នា​យ​ឧ​ត្ត​ម​សេនីយ៍ ហ៉ឹ​ម យ៉ាន ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​ ​លោក បាន​ថ្លែងថា ដើម្បី​អនុវត្ត​ឱ្យបាន​នូវ​ការងារ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ចំពោះ​អ្នក​ល្មើសច្បាប់​គឺ​ត្រូវ​ទាមទារ​នូវ​ការបណ្តុះបណ្តាល​បច្ចេកទេស​ដល់​មន្ត្រីនគរបាល​ច​រា​ចរណ៍​ជាមុន​ទើប​អាច​ដំណើរការ​ការងារ​នេះ​បានល្អ​។ ​លោក​ថ្លែងបន្តថា​៖ «​យើង​ប្តេជ្ញា​អនុវត្ត​ការងារ​នេះ​ឲ្យ​បាន​ទោះ​បាន​លទ្ធផល​ប៉ុន្មាន យើង​យក​ប៉ុណ្ណឹង​ដែល​ពេលនេះ មន្ត្រី​របស់​យើង​កំពុងតែ​បណ្តុះបណ្តាល​ឲ្យ​បាន​ស្ទាត់ជំនាញ​សិន​ទើប​អាច​អនុវត្តបាន​»​។​ ​លោក​បញ្ជាក់ថា ក្រោយពេល​ទទួលបាន​ល​ទ្ធ​ផល​នៃ​ការ​អនុវត្ដ​នេះ​នគរបាល​នឹង​បន្ដ​ផ្សព្វផ្សាយ​ពី​លទ្ធផល​កិច្ចការងារ​នេះ​បន្ថែមទៀត ហើយ​ការ​អនុវត្ដ​វិធានការ​ផាកពិន័យ​ដល់ផ្ទះ​នេះ​នឹង​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ ២០២០ ខាងមុខ​៕