អាសន្ន​ធំ​ហើយ​…​កាន់​លុយ​តែ​អង្គឯង​…​ចាយ​ខ្ទេច​គ្មាន​សល់​…​ដល់​អាចារ្យៗ​សួរនាំ​មិនដឹង​យ៉ាងម៉េច​យ៉ាង​ម៉ា​នោះទេ​

ព្រឹត្តិការណ៍ថ្មីៗ
0
385
…​រឿងរ៉ាវ​ព្រះសង្ឃ​គ្រប់គ្រង​លុយកាក់​ហើយ​ចាយវាយ​ទិញ​នេះ​ទុក​នោះ​តែ​អង្គឯង​អត់​ប្រាប់​គណៈកម្មការ​អាចារ្យ​វត្ត​ឲ្យ​ដឹង​ច្រើនតែ​កើន​មាននូវ​ទំនាស់​ទាស់ទែង​គ្នា​។​ដូច​ករណី ព្រះសង្ឃ ព្រះនាម ជុំ វាសនា គង់នៅ​វត្តភ្នំ​ខ្លា ស្ថិតនៅ​ក្នុងភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង ត្រូវបាន​គណៈកម្មការ​វត្ត​អាចារ្យវត្ត និង​ពុទ្ធ​បរិ ស័​ទ​ចំណុះជើងវត្ត ចោទប្រកាន់ថា មាន​ព្រះទ័យ​មិន​ស្មោះត្រង់ កាន់​លុយ​កសាង​វត្ត​តែ​អង្គឯង និង​ចាយវាយ​មិនអោយ​អ្នកណា​ដឹង​បាត់​លុយ ជាង​៣០​លាន​រៀល​មិនដឹង​ទៅណា ។ ប៉ុន្តែ ព្រះអង្គ ជុំ​វាសនា បាន​បដិសេធថា រាល់​ការចំណាយ​កសាង​វត្ត​ព្រះអង្គ មាន​របាយការណ៍ និង​បាន​រាយ​ការជូន​ក្នុង​អង្គប្រជុំ​ជាមួយ​ថ្នាក់ស្រុក និង​ឃុំ​រួចហើយ ម៉េច​ក៏​យក​រឿងនេះ​មក​និយាយ​ទៀត​។​លោក យឹម សូន ប្រធាន​គណកម្មការ​វត្តភ្នំ​ខ្លា រួម​និង​តាអាចារ្យ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​ប្រាប់​អោយ​ក្រុម​អ្នកយកព័ត៌មាន ដឹងថា ព្រះអង្គ ជុំ វាសនា បាន​និមន្ត​មកពី​ខេត្តតាកែវ និង​បាន​សុំ​គង់នៅ​ក្នុង​វត្តភ្នំ​ខ្លា​នេះ ដើម្បី​ជួយ​កសាង​វត្ត​បាន​១​វស្សា​ហើយ តែ​គ្មាន​តួនាទី​អ្វី​ឡើយ​ជា​ព្រះ​ភិក្ខុសង្ឃ​ធម្មតា ។ ប៉ុន្តែ​ការ​គង់នៅ​វត្ត​នេះ ព្រះអង្គ​បានចាត់ទុក​អង្គឯង​ជា​អ្នកគ្រប់គ្រង​វត្ត ទុកដាក់​លុយ​ចំណូល​របស់​វត្ត​ខ្លួនឯង និង​ការចាយវាយ​ផ្សេងៗ​ក្នុង​វត្ត គឺ​លោក​អត្តនោម័ត ចាយវាយ​តែ​អង្គឯង មិនអោយ​គណៈកម្មការ​វត្ត​បានដឹង​ឡើយ ។​ ​ដោយឡែក តាម​ការកត់ត្រា​របស់​គណៈកម្មការ​វត្ត​ចំពោះ​ការ​ចំណូល​ធំៗ​ក្នុង​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យកឋិន និង​បុណ្យផ្កា លុយ​កសាង​វត្ត​សរុប​មាន​ចំនួន ៥៧​លាន​រៀល ចំណែក​ដក​ការចំណាយ​ទៅវិញ​គឺ​ត្រូវ​នៅសល់​ប្រមាណ​ជាង​៣០​លាន​រៀល តែ​ពេល​សួរ​នាំទៅ លោក​បាន​ឆ្លើយថា​លុយ​កសាង​វត្ត​បាន​ចំណាយ​អស់ហើយ គឺ​ចាយវាយ​តែ​អង្គឯង​គ្មាន​វិ​ក័យ​ប​ត្រ គ្មាន​គណៈកម្មការ​វត្ត​ណាមួយ​បាន​ដឹងឮ​ឡើយ ។​គណៈកម្មការ​អាចារ្យវត្ត បាន​បន្ត​អោយដឹងថា​៖ ដើម្បី​សម្របសម្រួល​ដោះស្រាយ​រឿង នេះ នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមករា គណៈកម្មការ​វត្ត​បានទូល​លោក អោយ​និមន្ត​មក​ប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ជាមួយ​គណៈកម្មការ​វត្ត មេភូមិ និង​ពុទ្ធបរិស័ទ​ក្នុង​វត្ត ដើម្បី​សាកសួរ​ពី​ការ​ទុកដាក់​លុយ និង​ការ​ចំណាយលុយ​កសាង​វត្ត តើ​អស់​ប៉ុន្មាន នៅសល់​ប៉ុន្មាន និង​មាន​គម្រោង​រៀបចំ​អោយមាន​បេឡា​កាន់​លុយ​វត្ត អោយបាន​ត្រឹមត្រូវ​ឡើងវិញ តែ​លោក​មិន​និមន្ត​មក​ប្រជុំ​ទេ ។ ដោយឡែក​ពេល​ប្រជុំ​សមូហភាព​ក្នុង​អង្គប្រជុំ​មាន​គណៈកម្មកា អាចារ្យវត្ត ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ រួម​និង​លោ ក​មេភូមិ បាន​ឯកភាពគ្នា ប្តិ​ត​មេដៃ​មិនអោយ ព្រះអង្គ ជុំ វាសនា គង់នៅ​ក្នុង​វត្តភ្នំ​ខ្លា​ទៀតឡើយ ។​លុះដល់​ប្រមាណ​ម៉ោង​១៣​រសៀល ពេល​លោក​និមន្ត​មកដល់​វត្ត​វិញ ក៏បាន​និមន្ត​ចូល​បន្ទប់​បិតទ្វារ​ជាប់ ពេល​គណៈកម្មការ​វត្ត ទៅ​និមន្ត​ហៅ​លោក​អោយ​ចេញមកក្រៅ ដើម្បី​ដោះស្រាយ​គ្នា និង​មាន​ថេរ​ដិ​កា​បំភ្លឺ​ចំពោះ​ក្រុមអ្នកកាសែត តែ​លោក​មិន​ព្រម​និមន្ត​ចេញពី​បន្ទប់​មក​ឡើយ ។​លោកស្រី ប្រធានការិយាល័យ​ធម្មការ​ស្រុក បានអោយដឹងថា​៖ តាមពិត​វត្ត​នេះ​មានឈ្មោះ​ជា​អាស្រម​នៅឡើយ​ទេ និង​ទាំង​គណ​៖​កម្ម​ការ​វត្ត ទាំង​ព្រះអង្គ ជុំ វាសនា ក៏​មិនទាន់មាន​ការចាត់តាំង ឬ​តែងតាំង​តួនាទី​ជា​ផ្លូវការ​នៅឡើយ​ទេ ។​ព្រះអង្គ ជុំ វាសនា ដែល​រង​ការចោទប្រកាន់ បាន​មាន​ថេរ​ដិ​កា​ថា​៖ កាលពី​ថ្ងៃទី​០៩ ខែមករា ក្រុមប្រឹក្សា​ស្រុក និង​លោក​មេឃុំ​ជ្រៃ​បាក់ បានមក​ប្រជុំ ដោះស្រាយ​រឿងនេះ​រួចហើយ ដែល​ពេលនោះ លោក​ក៏បាន​បង្ហាញ របាយការណ៍​នៃ​ការ​ចំណូល និង​ចំណាយលុយ​កសាង​វត្ត​រួច​អស់​ដែរ គឺ​មិនមាន​នៅសល់​លុយ​កសាង​វត្ត​ទៀត​ទេ ហេតុ​អី​ថ្ងៃនេះ​គណៈកម្មការ​អាចារ្យវត្ត​លើកយក​រឿង​ដដែលៗ​នេះ​មក​និយាយ​ទៀត ចំណែក​ឡាន​ដែល​លោក​ទិញ​ជិះ គឺជា​លុយ​ផ្ទាល់ខ្លួន​លោក​ទេ ។​ ​ក្នុងពេលនោះ ខាង​គណៈកម្មការ​វត្ត បាន​បញ្ជាក់ថា​៖ ព្រះអង្គ ជុំ វាសនា មាន​របាយការណ៍​ចំណាយ​ពិតមែន តែ​របាយការណ៍​នោះ គឺ​ធ្វើ​តែ​អង្គឯង​គ្មាន​វិ​ក័យ​ប​ត្រ​ចំណាយ​ត្រឹមត្រូវ និង​គ្មាន​គណៈកម្មកា​វត្ត​ណា​បាន​ដឹងឮ​ឡើយ ។ ម្យ៉ាងទៀត ២​ថ្ងៃមុន​នេះ​លោក​បាន​លក់​ស្រូវ​ក្នុង​វត្ត​ជិត​៣​តោន​ទៀត​បាន​លុយរាប់​លាន​រៀល​ទៀត តើ​លុយ​លក់​ស្រូវ​នោះ​នៅឯណា និង​លោក​បាន​ទិញ​ឡាន​កាមរី​៩៦ មួយគ្រឿង​ទៀ ត តម្លៃ ៤៥០០​ដុល្លា និង​ថា​ជួលជុល​អស់​ដល់​ទៅ​៧០០០​ដុល្លា ឥឡូវ​យក​ឡាន​ទៅ​លាក់​បាត់​ទៀត ដូច្នេះ​ទើប​គណៈកម្មការ​វត្ត​មិន​ទុកចិត្ត ខ្លាច​លោក​រត់គេច​បាត់ តើ​លុយ​នៅ​ជំពាក់​ថ្លៃ​ជាង បាន​អ្នកណា​សង ។​នៅក្នុង​ការសម្របសម្រួល​ល្ងាច​នោះដែរ លោកស្រី​ប្រធានការិយាល័យ​ធម្មការ​ស្រុក និង​ព្រះអង្គ​ជំនួយការ ព្រះ​អនុគណ​ស្រុក បាន​មាន​ថេរ​ដិ​កា​ឯកភាពគ្នា​ថា​៖ រឿងនេះ​ដោះស្រាយ​មិនទាន់​ចេញ​ទេ​ដោយ​ត្រូវ​កំណត់​លើក​ទៅ​ប្រជុំ​ដោះស្រាយ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ខាង​មុននេះ ។ ដូច្នេះ​ទាំង​គណៈកម្មការ​វត្ត និង​ព្រះអង្គ ជុំ វាសនា ត្រូវមាន​របាយការណ៍​ច្បាស់លាស់​ដូចគ្នា ពិសេស​គឺ​ត្រូវមាន​វិ​ក័យ​ប​ត្រ​ចំណាយ​នានា មក​ដាក់អោយ​ក្រុមការងារ​ចម្រុះ​ថ្នាក់ស្រុក ត្រួតពិនិត្យ​ដោះស្រាយ ហើយ​រឿងនេះ​ត្រូវមាន​ការយោគយល់​អនុ​គ្រោះ និង​ទទួលស្គាល់​កំហុស​ខ្លះៗ​ដែល​កើតមាន ពី​រឿង​ខ្វះ​ការ​សហការគ្នា​កន្លងមក និង​ត្រូវ​ស្រុះស្រួល​គ្នា ទើប​អាច​ដោះស្រាយ​រឿងនេះ​បាន ៕