លោក ហ៊ុន ម៉ា​ណែ​ត ៖ អ្នកចេះ គឺជា​ប់ សូមកុំ​ឲ្យ​ចាញ់បោក​អ្នករត់​ការ​ឲ្យ​ជាប់

ព្រឹត្តិការណ៍ថ្មីៗ
0
338
​ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុគណៈកម្មការ​ប្រឡង បានប្រកាសថា ការប្រឡង​ជ្រើសរើស​នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ សម្រាប់​ឆ្នាំ​២០២០​នេះ គឺធ្វើឡើង​ដោយ​ភាពត្រឹមត្រូវ តម្លាភាព គ្មាន​ការ​សូកប៉ាន់ ឬ​រត់ការ​ដើម្បី​ថ្នូរ​នឹង​ការជាប់​នោះទេ ពោល​មានន័យថា «​អ្នកចេះ គឺជា​ប់​»​។ សម្រាប់​មណ្ឌល​ប្រឡង នៅ​រាជធានី​ភ្នំពេញ គឺ​នៅ​វិទ្យាល័យ​បាក់​ទូក​។​ ​បើតាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង​គឺ​ពិធី​នេះ​ត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២២ ដល់​ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៩ ដោយ​ធ្វើ​នៅតាម​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​យោធភូមិភាគ រួមមាន​យោធភូមិភាគ​ទី ១ ទី ២ ទី ៣ ទី ៤ និង​ទី ៥​។ វិញ្ញាសា​ប្រឡង​ផ្ដោតលើ​ចំណេះដឹង​ទូទៅ ភាសាបរទេស និង​វិញ្ញាសា​កីឡា កាយសម្បទា ដើម្បី​ជ្រើសរើស​វគ្គ​នាយទាហាន​ស​កម្ម វគ្គ​នាយទាហាន​ជើងគោក វគ្គ​នាយទាហាន​បន្តវេន និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​ជាដើម​។​ ​ខណៈដែល​លោក​ក៏​ជា​ប្រធាន​អនុគណៈកម្មការ​ប្រឡង​ផង​នោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នៅ​ចំពោះមុខ​បេក្ខជន​ដែល​បាន​ចូលរួម​ប្រឡង​ប្រមាណ​ជិត ៤០០ នាក់​ថា ការប្រឡង​ជ្រើសរើស​នាយទាហាន​នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន ត្រឹមត្រូវ មាន​តម្លាភាព និង​យុត្តិធម៌​ហើយ​ថា អ្នក​ដែល​បាន​ជោគជ័យ​នឹងត្រូវ​បានជ្រើសរើស​យក​ធ្វើជា​ទាហាន គឺ​ដោយសារតែ​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​ ​គួរ​បញ្ជាក់ដែរថា ការប្រឡង​ជ្រើសរើស​ទាហាន​លើក​នេះ មាន​បេក្ខជន បេ​ក្ខ​នារី បានដាក់​ពាក្យ​ប្រឡង​ទូទាំងប្រទេស​សរុប ចំនួន​៨,០៦៣​នាក់ (​ប្រុស​៤,៦៧០​នាក់​/ ស្រី​៣,៣៣​នាក់​) ស្មើនឹង ៣២៧​បន្ទប់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​កន្លងទៅ មាន​បេក្ខជន​បានដាក់​ពាក្យ​ប្រឡង​សរុប​ចំនួន ៨,៣៥២​នាក់ គឺ​ថយ​ចំនួន ២៨​នាក់ ស្មើនឹង ៣,៤៦%​។​ ​ការប្រឡង​របស់​បេក្ខជន និង​បេ​ក្ខ​នារី​ប្រព្រឹត្ត​ទៅតាម​មណ្ឌល ដែល​គេ​បានដាក់​ពាក្យ​ប្រឡង ក្នុងនោះ​រួមមាន​៖ រាជធានី​ភ្នំពេញ នៅ​វិទ្យាល័យ​បាក់​ទូក​, នៅ​យោធភូមិភាគ​ទី​១ នៅ​វិទ្យាល័យ​ហ៊ុនសែន ស្ទឹងត្រែង​, នៅ​យោធភូមិភាគ​ទី​២ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម​, នៅ​យោធភូមិភាគ​ទី​៣ នៅ​វិទ្យាល័យ​ជាស៊ីម​តាកែវ​, នៅ​យោធភូមិភាគ​ទី​៤ នៅ​វិទ្យាល័យ​អង្គរ​ខេត្តសៀមរាប និង​នៅ​យោធភូមិភាគ​ទី​៥ នៅ​វិទ្យាល័យ​ព្រះមុនីវង្ស ខេត្តបាត់ដំបង​៕