ស្ត្រី​ម្នាក់នេះ​ពិការភ្នែក​តាំងពីក្មេង តែ​អាច​សន្សំ​ប្រាក់​ទិញ​បាន​ផ្ទះមួយ​ខ្នង​

សង្គមប្លែកៗ
0
302
…​រស់នៅ​តែម្នាក់ឯង​ហើយ​ភ្នែក​ថែមទាំង​ពិការ​មើល​អ្វី​មិនឃើញ​ទាំង​គូ​ទៀត ប៉ុន្តែ​ស្ត្រី​ម្នាក់នេះ​ពុំបាន​ចុះចាញ់​នូវ​ព្រហ្ម​លិខិត​នោះទេ​។ នាង​បាន​តស៊ូ​ក្នុង​ឆាកជីវិត​រហូត​សម្រេចបាន​នូវ​សមិទ្ធផល​មួយ​ដែល​មនុស្ស​ភ្នែក​ភ្លឺ​ខ្លះ​ធ្វើ​មិនបាន​ដូច​នាង​ផង​។ អ្នកស្រី Esah Hussin អាយុ​៤២​ឆ្នាំ ជា​ជនពិការ ត្រូវ​ឪពុកម្ដាយ​បោះបង់ចោល​តាំងពី​ចាប់កំណើត​មកម្ល៉េះ​។ ក្នុង​រយៈពេល​១៩​ឆ្នាំ​កន្លងទៅនេះ គាត់​បានដាក់​ប្រាក់​សន្សំ​ចំនួន​៥០០​រីង​ហ្គី​ត គឺ​ប្រមាណ​១២០​ដុល្លារ​អាមេរិក ជា​រៀងរាល់ខែ ក្នុងកំឡុងពេល​កំពុង​បម្រើ​ការងារ​ជា​អ្នកប្រមូល​ឯកសារ និង​ជា​អ្នកផ្ដល់​ព័ត៌មាន​ផ្នែក​លក់​តាម​ទូរស័ព្ទ​។​កាលពីពេល​កន្លងទៅ ថ្មីៗ​នេះ គាត់​បាន​ដក​ប្រាក់​សន្សំ​មួយចំនួន ដើម្បី​ទិញ​ផ្ទះ​តូច​ល្មម​មួយ​ខ្នង​ដែលមាន​ទីតាំង​ស្ថិតនៅ​ទីប្រជុំជន Tanjung Tokong ក្នុងតម្លៃ​៧២,៥០០​រីង​ហ្គី​ត ប្រមាណ​១៧,៥១០​ដុល្លារ​អាមេរិក​។ ​អ្នកស្រី Esah បាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​សប្បាយចិត្ត និង​ស្កប់ស្កល់​នឹង​អ្វីដែល​ខ្ញុំ​កំពុងមាន​សព្វថ្ងៃនេះ ហើយ​ពេល​ខ្ញុំ​ផ្លាស់​មក​រស់នៅ​ផ្ទះ​ថ្មី មិត្តភក្តិ​របស់ខ្ញុំ​បានមក​ជប់លៀង​ទៀតផង​។ ខ្ញុំ​កំពុង​រៀន​ទម្លាប់​រស់នៅ​ម្នាក់ឯង​ក្នុងផ្ទះ​ថ្មី​។ មាន​មនុស្ស​ជាច្រើន​គាំទ្រ និង​លើកទឹកចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​ពិតជា​រំភើប​ដែល​ខ្ញុំ​មិនបាន​ធ្វើ​ឲ្យ​ពួកគេ​ខកចិត្ត​។​» ក្រោយពី​ត្រូវបាន​ឪពុកម្ដាយ​បោះបង់ចោល អ្នកស្រី Esah បាន​ធំ​លូតលាស់​ឡើង​នៅក្នុង​មណ្ឌលកុមារ​កំព្រា​មួយកន្លែង​ក្នុង​រដ្ឋ Kelantan ប្រទេស​ម៉ាឡេស៊ី​។ លុះដល់​វ័យ​សិក្សា​ថ្នាក់​វិទ្យាល័យ គាត់​បាន​ផ្លាស់​ទៅ​រស់នៅ​មណ្ឌលកុមារ​កំព្រា​មួយកន្លែង​ទៀត​នៅក្នុង Setapak ទីក្រុង​គូ​ឡា​ឡាំ​ពួ​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​រួចមក គាត់​បាន​ផ្លាស់​ទៅ​រស់នៅ​មណ្ឌល St. Nicholas Home ដែលជា​កន្លែង​ផ្ដល់ឱកាស​ការងារ និង​បង្រៀន​គាត់​ឲ្យ​ចេះ​ពី​របៀប​រស់នៅ ជំនាញ​ទំនាក់ទំនង និង​យល់ដឹង​ពី​ព័ត៌មាន​បច្ចេកវិទ្យា​។ ក្នុងកំឡុងពេល​នោះដែរ គាត់​ក៏បាន​ធ្វើជា​អ្នកចម្រៀង​នៅក្នុង​កម្មវិធី​តូចៗ ដើម្បី​បាន​ប្រាក់​បន្ដិចបន្តួច​ចិញ្ចឹមជីវិត​។ ​ អ្នកស្រី Esah ក៏បាន​ផ្ដាំផ្ញើ​ទៅកាន់​មនុស្ស​ទាំងអស់​ដែលមាន​វាសនា​ដូចជា​រូបគាត់​ផ្ទាល់ គួរតែ​តស៊ូ​ប្រឹងប្រែង​ដោយ​ខ្លួនឯង និង​មិនចាំបាច់​រំពឹង​ទៅលើ​នរណាម្នាក់​នោះទេ​៕