ម្ចាស់​រថយន្ត​អូ​ឌី ពណ៌​ស បុក​សិស្សស្រី​២​នាក់​ស្លាប់​នៅ​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ពេលនេះ ….

ព្រឹត្តិការណ៍ថ្មីៗ
0
253
កាលពីពេល​កន្លងទៅនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ដើម្បី​ដាក់ចេញ​នូវ​វិធានការណ៍​ម៉ឺងម៉ាត់​ស្រាវជ្រាវ​ស៊ើបអង្កេត​តាម​ស្វែងរក​ចាប់ខ្លួន​អ្នកបើក​រថយន្តបុក​សិស្សស្រី​២​នាក់​ស្លាប់​នៅ​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​ ​គួរ​បញ្ជាក់ដែរថា យុវតី​ចំនួន ២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្ត​ទំនើប​បើក​លឿន​ដូច​ហោះ​បុក​ពេញទំហឹង ស្រប​ពេលដែល​ជនរងគ្រោះ​ទាំងពីរ​នាក់ កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​រៀន​ភាសា​អង់គ្លេស ហើយ​បន្ទាប់ពី​បង្កហេតុ​រួច ជនបង្ក​បាន​បើករថយន្ត​គេចខ្លួន ដើម្បី​រំដោះខ្លួន​ឲ្យ​រួច​ផុតពី​ការទទួលខុសត្រូវ​។​ ​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​រនះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ម្នាក់​ឈ្មោះ ភ័​ណ្ឌ ភី​រ៉ា​ដា អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៧ និង​ម្នាក់ទៀត​ឈ្មោះ ខេន កូ​វ៉ា អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៨​។​ ​បន្ទាប់ពី​កើតហេតុ​ការណ៍​នោះ​ហើយ​នគរបាល​ប៉ុ​ស្ថិ៍​រដ្ឋបាល​សង្កាត់​កោះដាច់​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​និង​រាយការណ៍​ទៅ​ម្ចាស់​ទូកដរ​ដើម្បី​ចាប់​រថយន្ត​បង្ក​កុំឱ្យ​ឆ្លង​រត់គេច​។​ប៉ុន្តែ​ក្នុងស្ថានភាព​យប់​ង​ងិ​ត​រថយន្ត​បង្ក​បាន​បើក​រត់គេច​ដោយ​សុវត្ថិភាព​។​ទោះ​មានកា​រត់គេច​នោះ​ក្នុង​សំណុំ​រឿងនេះ​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​បញ្ជា​ឱ្យកម្លាំង​នគរបាល​គ្រប់ផ្នែក​និង​គ្រប់​ជំនាញ ត្រូវតែ​តាម​ស្វែង រក​ចាប់ខ្លួន​ជនបង្ក​ដើម្បី​យកមក​ផ្ទា​ទោស​តាមផ្លូវ​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ជូន​គ្រួសារ​ជនរងគ្រោះ ៕ ​