សម្តេច​តេ​ជោ ៖ សំណង់​ផ្សេងៗ​ដែលមាន​អាយុកាល​ចាប់ពី ៥០ ឆ្នាំ​ឡើង​ត្រូវ​រក្សាទុក​

ព្រឹត្តិការណ៍ថ្មីៗ
0
256
​ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រកាស​មិនឱ្យ​វាយកម្ទេច​ស្ពានថ្ម​ចាស់​អាយុ​ជាង ១០០ ឆ្នាំ ដែល​សល់​ពី​សម័យ​បារាំង​នៅក្នុង​ខេត្តបាត់ដំបង​ឡើយ​។ ដោយ​សម្តេច ធ្វើការ​បញ្ចាក់​ថា​សំណង់​ផ្សេងៗ​ដែលមាន​អាយុកាល​ចាប់ពី ៥០ ឆ្នាំ​ឡើងទៅ​ត្រូវតែ​ប្រឹងប្រែង​ថែរក្សា​ទុក ។​ ​ការ​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កាលពី​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ​២០១៩ ។​ ​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​៖ «​កន្លងទៅ​ស្រាប់តែ​នាំគ្នា​ផ្អើល​ឈុ​ល​ថា​យើង​នាំគ្នា​ប្រុង​វាយ​ស្ពាន​នៅ​បាត់ដំបង ស្ពាន​សម័យ​បារាំង​នៅ​បាត់ដំបង ផ្អើល​ឈុ​ល​ពេញ​ហ្វេ​ស​ប៊ុ​ក​។ សូមបញ្ជាក់​អា​រឿង​អ្វីដែល​បន្សល់ទុក​លើសពី ៥០ ឆ្នាំទៅ​គឺ​ខិតខំ​រក្សា​។ អាហ្នឹង​ក្លាយទៅជា​សមិទ្ធផល ហើយ​អានោះ​ជាង ១០០ ឆ្នាំ​រឿង​អី​ត្រូវ​ទៅ​វាយ​? ខិតខំ​រក្សា​វា ជួសជុល ធ្វើ​ម៉េច​ដើម្បី​ទប់​កុំ​ឲ្យ​វា​បាក់​»​។​ ​កាលពី​ថ្ងៃទី ១៣ ខែធ្នូ រដ្ឋបាល​ខេត្ដ​បាត់ដំបង​បានសម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍​លើ​ស្ពាន​ចាស់​ឆ្លងកាត់​ស្ទឹង​សង្កែ​ដោយ​បញ្ជាក់ថា​ស្ពាន​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​បែក​ប្រេះស្រាំ​មិនអាច​ប្រើប្រាស់​បន្តទៀត​បានឡើយ ហើយ​ជាការ​ចាំបាច់​គឺ​ត្រូវ​បញ្ឈប់​ការធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​នេះ​តែម្ដង​។​ គួរ​រម្លឹក​ដែរ​ថា កាលពីពេល​កន្លងទៅរ​ដ្ឋ​បាល​ខេត្តបាត់ដំបង​មានបំណង​ចង់​រុះរើ​ស្ពានថ្ម នឹង​បាន​ហាម​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពានថ្ម​ចាស់​មុខ​សាលាខេត្ត​ដោយសារតែ​ស្ពាន​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​និង​ការ​បែក​ប្រេះស្រាំ​កាលពី​ថ្ងៃទី ១៥ ធ្នូ​នេះ ការផ្អាក​ការធ្វើដំណើរ​នេះ​គឺ​ដើម្បី​ចៀសវាង​ស្កាត់​គ្រោះថ្នាក់​ជាយថាហេតុ​ដោយសារ​ការ​ពុកផុយរ​បស់​ស្ពាន​។​ ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា យល់ឃើញថា​ស្ពានថ្ម​ចាស់​សម័យ​បារាំង​នេះ​ពុំគួរ​រុះ​រើចេញ​នោះទេ ។ មូល​ហេតុដែល​រដ្ឋមន្ត្រី​វប្បធម៌​លើកឡើង​បែបនេះ​ដោយសារតែ​ស្ពានថ្ម​ចាស់​នេះ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​មកហើយ​ដែល​បាន​កសាង​នៅ​សម័យ​បា​រាំងជា​សំណង់​បេតិកភណ្ឌ​ទីក្រុង​នៅសល់តែ​មួយគត់​ក្នុង​ខេត្តបាត់ដំបង​និង​ក្នុងប្រទេស​កម្ពុជា​ហើយ​វា​ក៏មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​លើ​ផ្នែក​ស្ថាបត្យកម្ម នគរូបនីយកម្ម​និង​បរិស្ថាន​ទៀតផង​។​ ​លិខិត​របស់​ក្រសួង​វប្បធម៌​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី ភឿង ស​កុ​ណា បានសរសេរថា​៖ ដើម្បី​ការពារ​និង​អភិរក្ស​ស្ពាន​នេះ​រដ្ឋមន្ត្រី​វប្បធម៌​បាន​ស្នើឱ្យ​រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ លោក ជា សុផារ៉ា សហការ​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​ការចុះទៅ​ត្រួតពិនិត្យ​នៅ​ទីតាំង​ផ្ទាល់​ដើម្បី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕ ​