ផលិតផល​មាន​ហើយ នៅឡើយ​គ្មាន​ទីផ្សារ ស្ពៃជើងទា រងារ​កំព្រា​ជាង​១០​តោន !

ព្រឹត្តិការណ៍ថ្មីៗ
0
330
​ កាលពី​ប៉ុន្មាន​ថ្ងៃនេះ មានការ​ចែករំលែក​ព័ត៌មាន​យ៉ាងខ្លាំង​ក្លា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជុំវិញ​ករណី កសិករ​ដាំ​ស្ពៃជើងទា ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ប្រកាស​ចែក​ស្ពៃជើងទា​ជាង​១០​តោន ឲ្យ​ពលរដ្ឋ​ដែលមាន​បំណង​ចង់បាន ដោយ​ឥតគិតថ្លៃ ដោយសារ​លោក​ខកចិត្ត​ចំពោះ ទីផ្សារ បន្ថែ​ដែលមាន​តម្លៃ​ទាប​ពេក ។ លោក​អ៊ឹម សុ​ភ័​ក្រ ជា​កសិករ​ដាំ​ស្ពៃ​ខាងលើ បាន​និយាយថា ឆ្នាំនេះ គាត់​បាន​ដាំ​ដំណាំ​ស្ពៃ «​ជើង​ទា​» នេះ លើ​ផ្ទៃដី​ទំហំ​ជិត​១​ហិច​តា រីឯ​អ្នកភូមិ​ដទៃទៀត​ក៏​ដាំ​ដំណាំ​ស្ពៃ​នេះ​ជាច្រើន​កន្លែង​ដូចគ្នា​ដែរ តែ​ដល់ពេល​ប្រមូល​ផល ស្រាប់តែ​ទីផ្សារ​ធ្លាក់ចុះ ហើយ​ស្ទើរតែ​គ្មាន​ម៉ូយ​រក​ទិញ​ទៀតផង​។ គាត់​បាន​ប្រាប់ថា ដំណាំ​ស្ពៃ​គាត់​បានចាប់ផ្ដើម​ប្រមូល​ផល​មុនគេ ដែល​ដំបូង​លក់បាន​តំលៃ​៥០០​រៀល​ក្នុង​១​គីឡូក្រាម​។ លុះ​ប្រមូល​ផល​លក់បាន​ត្រឹម​៦០% ស្រាប់តែ​តំលៃ​ស្ពៃ​ធ្លាក់ចុះ​សល់​ត្រឹម​៣០០​រៀល​ក្នុង​១​គីឡូក្រាម ហើយ​ស្ទើរតែ​គ្មាន​អ្នកទទួល​ទិញ​ទៀត​។​ ​លោក​បាន​បន្តទៀតថា​៖ ខ្ញុំ​មិន​ចង់​លក់​ស្ពៃ​ទាំងនេះ​ទេ ដោយសារ​តម្លៃ​ទាប​ពេក​ត្រឹម​៣០០​រៀល ហើយ​អ្នកទិញ ទិញ​ចំនួន​តិចៗ (​ទិញ​យកទៅ​បរិភោគ ឬ​លក់​ខ្លះ​) មិនមែន​ម៉ៅ​ទិញ​ទាំងអស់​ផង​។ អ៊ីចឹង ខ្ញុំ​សម្រេចចិត្ត​ឲ្យ​ពលរដ្ឋ​នៅក្នុង​ស្រុក​ដែល​ចង់​បានមក​កាត់​យក​» ។​ ​យ៉ាងណាមិញ​ចំពោះ​ករណីនេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ដំណឹង ប្រធាន​មន្ទីរ​បាន​បញ្ជូន ក្រុមការងារ​ទៅ​ជួប លោក អ៊ឹម សុ​ភ័​ក្រ ដែលជា​ម្ចាស់​ចម្ការ​ផ្ទាល់ ។ លោក អ៊ិន សុវណ្ណ​មុន្នី អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បាន​និយាយថា ដំណោះស្រាយ​ប្រជាកសិករ​នោះ គឺ​ពួកគេ​ត្រូវ​ចេះ​រៀបចំ​ផែនការ​ក្នុង​ការដាំដុះ​និង​ការប្រមូល​ផល រួមទាំង​ការ​ប៉ាន​ប្រមាណ​តម្រូវការ​ទីផ្សារ​។ លោក សុវណ្ណ​មុន្នី បាន​បញ្ជាក់ថា ខាង​មន្ទីរ​កសិកម្ម​រួមទាំង​មន្ទីរ​ពាណិជ្ជកម្ម បាន​ជំរុញ​ឲ្យ​កសិករ និង​អ្នកទិញ​កសិកម្ម​តាមបែប​កិច្ចសន្យា​នោះ (Contract Farming) ព្រមព្រៀងគ្នា ពាក់ព័ន្ធ​នឹង​បរិមាណ​ផ្គត់ផ្គង់ គុណភាព​កសិផល ថ្លៃ​កសិផល ពេលវេលា​ទិញ​និង​លក់​។ ការធ្វើ​បែបនេះ នឹង​ជួយ​ឲ្យ​កសិករ​មិន​ព្រួយបារម្ភ​ពី​តម្លៃ​ទីផ្សារ​។ ​គួរ​បញ្ជាក់ដែរថា កាលពីពេល​កន្លងទៅ​កសិករ​រូបនេះ បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​និង​រក​ទីផ្សារ​សម្រាប់​គាត់ ខណៈ​ស្ពៃ​ជាច្រើន​តោន​កំពុង​ប្រឈមមុខ​នឹង​ការខូចខាត ដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ​៕