អា​ខ្លួន​វែង​វង្វេង​កើតរោគ​អផ្សុក​មក​ឆ្ងាយ​រង្វេល​ក្រោម​គ្រែ​!​ផ្អើល​ម្ចាស់ផ្ទះ​ព្រលឹងចុងសក់​!

សង្គមប្លែកៗ
0
371
…​នៅ​ប្រទេស​ថៃ​…​និង​ប្រទេស​ឥណ្ឌា​ដែល​សំបូរ​ទៅដោយ​សត្វ​ពស់ ប្រជាពលរដ្ឋ​ឧស្សាហ៍​ជួប​នូវ​ហេតុការណ៍​ភ័យ​ស្ទើរ​លស់​ព្រលឹង​ពី​សកម្មភាព​អា​ខ្លួន​វែង​លូន​ពី​ព្រៃ​មក​សួរសុខទុក្ខ​ដល់​ក្នុងផ្ទះ​។​ស្ត្រី​ម្នាក់​រស់នៅ​ខេត្ត​ឆាក់​ឆើ​ង​សាវ ប្រទេស​ថៃ បាន​ប្រទះឃើញ​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​កំពុង​វេន​នៅក្រោម​គ្រែ​គេង​របស់​កូនប្រុស​អាយុ ១៣​ឆ្នាំ បន្ទាប់ពី​ពស់​នេះ​បាន​លប​ប្រហារ​ឆ្មា​ក្នុងផ្ទះ​រហូត​ងាប់​ដេក​ស្ដូក​។ អ្នកស្រី Thanapoom Lekyen អាយុ ៤២​ឆ្នាំ រៀបរាប់ថា ពស់ថ្លាន់​នេះ​បាន​លប​សសៀរ​តាម​បង្អួច​ចូល​ផ្ទះ​ដោយ​មិនមាន​អ្នកណាម្នាក់​បានឃើញ​ឡើយ​។​ គាត់​បានឃើញ​ឆ្មា​ចិញ្ចឹម​មួយ​ក្បាល បាន​ដេក​ងាប់​ក្រោម​បង្អួច​ដោយមាន​ស្នាម​ខាំ​ជាច្រើន​កន្លែង ហើយ​អ្នកស្រី​បានដាក់​ការសង្ស័យ​លើ​សត្វ​ពស់​។ គាត់​និយាយថា “​ខ្ញុំ​បាន​ក្រោក​ពី​គេង​នៅពេល​ព្រឹក ហើយ​បានឃើញ​សត្វ​ឆ្មា​ដេក​ងាប់​គួរ​ឲ្យ​ភ្ញាក់ផ្អើល ធ្វើ​ឲ្យ​ខ្ញុំ និង​កូន​ភិតភ័យ​យ៉ាងខ្លាំង ព្រោះ​គិតថា ប្រហែល​មាន​ពស់​កាច​សាហាវ​លួច​ចូល​ផ្ទះ​ហើយ​។ ខ្ញុំ​បាន​ដើរ​រកមើល​ជុំវិញ​ផ្ទះ និង​ចូលទៅ​មើល​ក្នុង​បន្ទប់​គេង​កូនប្រុស ស្រាប់តែ​ឃើញ​អ្វីមួយ​លូន​វារ​ខ្មៅៗ​ស្ទូរៗ​ក្រោម​គ្រែ ខ្ញុំ​បាន​ស្រែក​ទាំង​ព្រលឹងចុងសក់​។ ជាធម្មតា កូនប្រុស​ខ្ញុំ​គេង​ក្នុង​បន្ទប់​នេះ ប៉ុន្តែ​មហា​សំណាង យប់កើតហេតុ កូន​ខ្ញុំ​ឈ្មោះ Nong បាន​ងងុយគេង​ខ្លាំង​ក៏​គេង​នៅ​បន្ទប់​ជាមួយ​ខ្ញុំ​តែម្ដង​។ ខ្ញុំ​គិតថា កូនប្រុស​ខ្ញុំ​សំណាង​ខ្លាំងណាស់ ព្រោះ​មិនបាន​គេង​នៅ​គ្រែ​លើ​ពស់ថ្លាន់​នៅ​យប់នោះ បើ​មិន​អីចឹង​ទេ ប្រហែល​កូនតូច​គួរ​ឲ្យ​ស្រលាញ់​របស់ខ្ញុំ អាច​ត្រូវ​ពស់​ខាំ​ស្លាប់​ក៏​អាច​ថា​បាន​”​។ បន្ទាប់ពី​ប្រទះឃើញ​ពស់ថ្លាន់ អ្នកស្រី Lekyen បាន​ទូរ​សព្ទ​ហៅ​អ្នកជំនាញ​ស្ម័គ្រចិត្ត​នៅ​អង្គភាព Chachoengsao Voluntary Rescue រួច​គាត់​ក៏បាន​មកដល់​ភ្លាម​។ ពួកគេ​បាន​ចំណាយពេល ១៥​នាទី ដើម្បី​ចាប់​ពស់​ប្រវែង​ជាង​៣​ម៉ែត្រ​មួយ​ក្បាល​នេះ​ជាមួយ​ដោយ​ប្រើ​ឧបករណ៍​បំពង់​ទុយោ​ជ័រ​មាន​ខ្សែ​ទាក់​ក​។ ​យ៉ាងណា ពស់​នេះ​ហាក់​កាច​រឹងរូស​ធ្វើ​ឲ្យ​អ្នកជំនាញ​ពិបាក​ទប់ទល់ រហូត​ខាំ​ដៃ​អ្នកជំនាញ​ម្នាក់ តែ​ត្រូវ​បន្តិច​ប៉ុណ្ណោះ​។ ពួកគេ​បាន​ចាប់​ញាត់​ក្នុង​ការុង រួច​យកទៅ​លែង​ក្នុងព្រៃ​វិញ​ដោយ​សុវត្ថិភាព​៕ ​