សំណាង​ណាស់ វិះ​ស្លាប់ទៅ​បំរើ​ព្រះ ហើយ​ចេះ​មាន​គេ​មក​កាយ​ដី​ទាន់​

សង្គមប្លែកៗ
0
345
…​នៅ​ប្រទេស​ឥណ្ឌា​មាន​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ខ្លះ​ប្រកាន់ខ្ជាប់​នូវ​ជំនឿ​ដែល​ស្តាប់ទៅ​គួរ​ឲ្យ​ព្រឺរ​ក្បាល​បន្តិច​ហើយ​។ តួយ៉ាង​បុរស​ម្នាក់នេះ​ដោយមាន​ជំនឿ​ស៊ប់​ពេក​បាន​ឲ្យ​ពួក​អ្នកភូមិ កប់​ខ្លួន​ក្នុង​រណ្តៅ​វិះ​សូន្យ​សង្ខា​ចេះ​មាន​គេ​មកជួយ​។ បុរស​រូបនេះ ឈ្មោះ Deeraj Kharol រស់នៅក្នុង ភូមិ Karocho ka Kheda រដ្ឋ Rajasthan ប្រទេស​ឥណ្ឌា គាត់​បាន​កប់​ខ្លួនឯង​នៅក្នុង​ពិធីបុណ្យ​សាសនា​ដ៏​ចម្លែក​មួយ ហើយ​គាត់​ជឿថា ព្រះ​ជា​ម្ចាស់​នឹង​ជួយ​គាត់​ឲ្យ​ក្លាយជា​ព្រះ​ដែរ​រយៈពេល ៣​ថ្ងៃ​បន្ទាប់​។​ ​អ្នកភូមិ​បាន​អបអរសាទរ​ការសម្រេច​ចិត្ត​របស់លោក Kharol ថែមទាំង​ជួយ​គ្រប់យ៉ាង​ដូចជា​ជីករណ្តៅ ទៀតផង​។ កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ជា​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ អ្នកភូមិ​បាន​កប់​គាត់​ចូលទៅក្នុង​រណ្តៅ​តាម​ការណែនាំ​។​អ្នកភូមិ​ជាច្រើន​នាក់​ដែល​នៅក្បែរៗ​នោះ បាន​ប្រមូល​ផ្តុំគ្នា​ក្នុង​ពិធី​ដ៏​ធំ​នេះ បន្ទាប់មក​បាន​យក​ដុំថ្ម និង​ភក់​កប់​ជិត ក្រោយមក​ចាប់ផ្ដើម​ថ្វាយបង្គំ​នៅ​កន្លែង​នោះ​។ ជា​សំណាងល្អ ដំណឹង​ធ្វើ​ពិធី​នេះ ត្រូវបាន​គេ​ល្បី​តៗ​គ្នា​នៅក្នុង​សហគមន៍​នោះ​យ៉ាង​ឆាប់រហ័ស ព្រមទាំង​ឮ​ដល់​សមត្ថកិច្ច​ប្រចាំ​តំបន់​។ ក្រោយពី​បាន​ឭ​ដំណឹង​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ធ្វើ​អន្តរា​គម​ភ្លាម​តែម្ដង​។​មន្ត្រី​ម្នាក់​មានឈ្មោះ Mansingh Dev និង​ក្រុមការងារ​ត្រូវបាន​គេ​រាយការណ៍​ថា ពេល​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃើញ​លោក Deeraj Kharol ត្រូវបាន​គេ​កប់​តាំងពី​ម៉ោង​២​ព្រឹក​ព្រលឹម នៅ​ថ្ងៃ​ព្រហស្បតិ៍​មាន​សភាព​ស្លេកស្លាំង ទន់​ខ្លួន ប៉ុន្តែ​ដំបូង​ពួកគេ​ត្រូវបាន​អ្នកភូមិ​រារាំង​មិន​ឲ្យ​ចូលទៅ​ក្បែរ​ពិធី​នោះឡើយ​។​បើ​យោងតាម​សារព័ត៌មាន​ឥណ្ឌា Time of India បាន​ឲ្យ​ដឹងថា មន្ត្រីប៉ូលិស​បាន​បញ្ចុះបញ្ចូល​ចាស់ព្រឹទ្ធាចារ្យ​ដែលមាន​វ័យ​ចំណាស់​នៅក្នុង​ភូមិ​ថា បើកប់​គាត់​បែបនេះ គាត់​នឹង​អាច​ស្លាប់​ដោយសារ​ថប់ដង្ហើម​ជាក់​ជាមិនខាន ហើយ​ក្រោយមក​គេ​បាន​អនុញ្ញាតអោយ​ប៉ូលិស​ចូល​ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ​។​ ​លោក Kharol សឹងតែ​សន្លប់ ពេលដែល​ប៉ូលិស​ជីក​យកចេញ​ពីរ​ណ្តៅ​។ គាត់​ត្រូវបាន​គេ​ដឹកយក​ទៅកាន់​មណ្ឌល​សុខភាព​ដែល​នៅក្បែរនោះ ហើយ​ឥឡូវនេះ​គាត់​មាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​ហើយ​។ ក្រោយមក គាត់​បាន​ប្រាប់​ទៅកាន់​ប៉ូលិស​ថា នេះ​ជា​បំណងប្រាថ្នា​ផ្ទាល់ខ្លួន​របស់គាត់​ក្នុងការ​ប្រតិបត្តិ​ពិធី​របស់​ព្រះ ហើយ​អ្នកភូមិ​បាន​ជួយ​គាត់ មិនបាន​ស្តីបន្ទោស​គាត់​នោះទេ​។ គាត់​បាន​អះអាងថា គាត់​ចង់​សម្រេចបាន​សេចក្តី​សង្គ្រោះ ហើយ​មាន​គេ​ណែនាំ​ឲ្យ​ឆ្លងកាត់​ពិធី​នេះ​សិន ដើម្បី​ទទួល​អំណាច​ដ៏​អស្ចារ្យ​ពី​ព្រះ​។​