រៀបចំផែនការឲ្យមិត្តភ័ក្រ្តធ្វើជាឃាតករ ដើម្បីទម្លាយការពិតករណីភរិយាប៉ុនប៉ងសម្លាប់ប្តី

សង្គមប្លែកៗ
0
587
គ្រូបង្វឹកប្រដាល់ម្នាក់ ស៊ូដេករួមរស់ជាមួយសត្រូវ ដែលជាភរិយារបស់លោក ក្រោយដឹងថា នាងបានជួលមនុស្សឲ្យមកសម្លាប់គាត់រួចមកនោះ។ លោក Ramon Sosa បានសហការណ៍ជាមួយក្រុមស៊ើបអង្កេតកាលពីឆ្នាំ២០១៥ ដើម្បីរកភស្តុតាងបញ្ជាក់ថា ភរិយា Maria ‘Lulu’ Sosa របស់គាត់ បានជួលឃាតករក្នុងតម្លៃ១.៥០០ផោន ដើម្បីសម្លាប់គាត់ អំឡុងពេលចង់លែងលះគ្នា។ បុរសជនជាតិអាមេរិកវ័យ៥០ឆ្នាំម្នាក់នេះ បាននិយាយថា លោកពិតជាស្លុតអារម្មណ៍ខ្លាំងណាស់ ក្រោយពេលដឹងថា ភរិយាដែលលោកធ្លាប់ដេកឱបទ្រូង បានរៀបផែនការសម្លាប់លោកទៅវិញបែបនេះ។ ប៉ុន្តែលោកមិនតតាំងជាមួយនឹងនាងនោះទេ ហើយផ្ទុយទៅវិញ លោករៀបផែនការមួយដើម្បីអាចឲ្យនាង Luluជាប់ជូង និងដេកក្នុងគុករយៈពេល២០ឆ្នាំបាន ដែលផែនការនេះ គឺតម្រូវឲ្យលោកបន្តរួមរស់ជាមួយ នាងក្រោមដំបូលផ្ទះតែមួយ។ លោកបាននិយាយថា ក្រោយដឹងការពិត លោកពិតខឹងខ្លាំងណាស់ និងខកចិត្តជាខ្លាំង ប៉ុន្តែលោកមិនប្រតិកម្មនោះទេ ហើយនិងបន្តរស់នៅជាមួយនាង ដើម្បីរកភស្តុតាងអាចចាប់ខ្លាញីម្នាក់នេះបាន។
ភរិយាលោក​ Ramon Sosa
លោកបាននិយាយថា លោកដេកជាមួយសត្រូវដោយបិទភ្នែកម្ខាង និងព្យាយាមធ្វើជាធម្មតាតាមដែលអាចទៅរួច ដើម្បីឲ្យនាង Luluបន្តផែនការសម្លាប់លោកតទៅទៀត។ ការខំអត់សង្កត់ចិត្ត គឺជាវិធីតែមួយគត់ ដែលអាចចាប់បានទង្វើរដ៏អាក្រក់របស់នាង។ ស្ត្រីជាភរិយាបានទាក់ទងបុរសម្នាក់ ដើម្បីស្វែងរកឃាតករឲ្យខ្លួន តែចៃដន្យមិននឹកស្មានដល់ថា បុរសម្នាក់នោះ ត្រូវជាមិត្តសម្លាញ់របស់ស្វាមីនាងទាល់តែសោះ។ ក្រោយពីបានទទួលព័ត៌មានគួរឲ្យភ្ញាក់ផ្អើលនេះភ្លាម លោកក៏ប្រញាប់បញ្ជូនដំណឹងមួយនេះប្រាប់ទៅលោក Ramon ដែលជាមិត្តភក្តិ រួចក៏រៀបចំផែនការបោកបញ្ឆោតខ្លាឲ្យចេញពីរូង។
លោក​ Ramon Sosa និងភរិយា
លោកបានរកពេលវេលាដ៏សមស្របមួយ មកណាត់ជួបស្ត្រីជាភរិយាចិត្តខ្មៅ ធ្វើជាពិភាក្សាអំពីគម្រោងធ្វើឃាតលោក Ramon ដែលកិច្ចពិភាក្សារវាងអ្នកទាំងពីរ ត្រូវបានបង្កប់នូវប្រដាប់ថតសម្លេង ដែលវាបង្កភាពងាយស្រួលដល់ក្រុមប៉ូលិសរៀបចំឧបាយកលចាប់ជនពាល។ លោក Ramon ត្រូវប៉ូលិសបង្គាប់ឲ្យដេកស្លាប់ ហើយរូបលោកក៏ធ្វើពុតតាម មើលទៅដូចត្រូវគេសម្លាប់ពិតមែន ជាមួយនឹងឈាមក្រហមស្រោចពាសពេញថ្ងាស។ មិនយូរប៉ុន្មាន នាង Lulu បានទទួលរូបភាពជាច្រើនសន្លឹក ឃើញស្វាមីខ្លួនស្លាប់ហើយនោះ នាងបែរជាសើចសប្បាយក្អាកក្អាយ ដោយមិននឹកស្មានថានាងកំពុងធ្លាក់ឧបាយកលគេសោះ។ នៅទីបំផុត ស្ត្រីវ័យ៤៣ ឆ្នាំរូបនេះ ត្រូវបានប៉ូលិសឃាត់ខ្លួន និងត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធធនាគាររយៈពេល២០ឆ្នាំ៕
រូបភាពក្លែងក្លាយនៃការស្លាប់របស់លោក​ Ramon Sosa