កំពូល​បុរស​មហា​ខ្ជិល​…១០​ថ្ងៃ​ងូតទឹក​ម្តង ប្រពន្ធ​ឯណា​ទ្រាំ​ហិតក្លិន​ស្អុយ​បាន​នោះ​!

សង្គមប្លែកៗ
0
317
…​ប្រពន្ធ​ឡើង​តុលាការ សុំ​លែងលះ​ប្តី​ច្រើនតែ​ស៊ូ​ទ្រាំលែងបាន​នូវ​ករណី​ដូចជា ប្តី​ប្រើ​អំពើ​ហឹ​ង្សា លួចលាក់​មាន​ស្រី​ថ្មី ឬក៏​ខ្ជិល​ធ្វើការ​ដេកចាំ​តែ​ស៊ី​ក្រោម​ញើស​ឈាម​របស់​ប្រពន្ធ​...​។ ដោយឡែក​ស្ត្រី​ឥណ្ឌា​ម្នាក់នេះ​បានធ្វើ​ឲ្យ​មន្ត្រី​តុលាការ​ខ្ទប់​សំណើច​អត់​ជាប់​ព្រោះ​ពាក្យ​លែងលះ​ប្តី​របស់​នាង​ប្លែក​ពី​គេ​ពេក ប្លែក​ត្រង់​ថា​ប្តឹង​លែងលះ​ប្តី​ដោយសារតែ​ប្តី​កំ​ជឹ​ល​អាំង​ផេះ​១០​ថ្ងៃ​ងូតទឹក​ម្តង ក្លិន​ឡើង​ស្អុយគគ្រុក​ទោះ​ពាក់​ម៉ាស់​ច្រើន​ជាន់​ក៏​ខ្យល់​ដង្ហើម​ពិបាក​ទ្រាំ​ដែរ​។ តាម​ប្រភពព័ត៌មាន Oddity Central ស្ត្រី​ជនជាតិ​ឥណ្ឌា​អាយុ ២០​ឆ្នាំ​ម្នាក់នេះ បានដាក់​ពាក្យសុំ​លែងលះ ប្តី ដោយ​អះអាងថា ប្តី​ស្អុយ​ខ្លួន​ខ្លាំងពេក​ដល់​ថ្នាក់​ទ្រាំ​មិនបាន​ស្ទើរតែ​ដាច់ខ្យល់​ដង្ហើម ព្រោះតែ​១០​ថ្ងៃ​បាន​ងូតទឹក​ម្តង​។ ​សូ​នី ទេវី ជា​ស្ត្រី​ម្នាក់​មកពី​ស្រុក​វី​សាហា​លី​បានដាក់​ពាក្យសុំ​លែងលះ​ពី​ប្តី​ដោយ​ផ្អែកលើ​ហេតុផល​ថា ប្តី​គាត់​មិនបាន​រក្សា​អនាម័យ​ត្រឹមត្រូវ​និង​មិនមាន​សុជីវធម៌​។ នាង​បានប្រកែក​ថា​ការ​រៀបការ​ជាមួយ​ប្តី​របស់​នាង​ដែលជា​ជាងឈើ​អាយុ ២៣​ឆ្នាំ បានធ្វើឱ្យ​នាង​អាម៉ាស់មុខ​និង​បាន​បំផ្លាញ​ជីវិត​របស់​នាង​។ នៅក្នុង​ពាក្យសុំ​លែងលះ នាងទេវី បានសរសេរថា ប្តី​របស់​នាង​ស្ទើរតែ​មិនដែល​ងូតទឹក​ឬ​ដុសធ្មេញ ហើយ​មិន​គោរព​តាម​វិន័យ​សង្គម​ណាមួយ​ឡើយ​។ នាង​ស្នើឱ្យ​តុលាការ​ឱ្យ​នាង​លែង​ប្តី​បាន​។​នាង​បាន​និយាយថា​៖ “​ប្តី​របស់ខ្ញុំ​មាន​ក្លិនស្អុយ​នៅពេល​គាត់​មិន​ងូតទឹក​ជិត​១០​ថ្ងៃ ។ លើសពីនេះទៅទៀត​គាត់​មិន​ដុសធ្មេញ​ទេ​។ គាត់​ក៏​មិនមាន​សុជីវធម៌ និង​ធ្វើតាម​ទម្លាប់​ដែរ ។ ខ្ញុំ​មិន​ចង់​រស់នៅ​ជាមួយ​ប្តី​ខ្ញុំ​ទៀត​ទេ​។ ខ្ញុំ​មិនអាច​ទ្រាំ​នឹង​ភាពអាម៉ាស់​ទៀត​ទេ​។ សូមឱ្យ​ខ្ញុំ​ចេញ​ផុតពី​បុរស​ម្នាក់​នោះ ព្រោះ​គាត់​កំពុងតែ​បំផ្លាញ​ជីវិត​របស់ខ្ញុំ​ហើយ​។ យើង​គ្មាន​កូន​ទេ​សូម្បីតែ​ទំនាក់ទំនង​របស់​យើង​ជា​ប្តី​ប្រពន្ធ​ក៏​មិនមាន​ភាព​រាក់ទាក់​ដែរ​។ ជីវិត​គ្មាន​ន័យ​ទេ​។ វា​គ្មាន​តម្លៃ​អ្វី​ឡើយ​» ។ ទោះជា​យ៉ាងណាក៏ដោយ ការប៉ុនប៉ង​លែងលះ​មួយ​នេះ មិនបាន​សម្រេច​ឡើយ ដោយសារតែ​សមាជិក​នៃ​គណៈកម្មាធិការ​ស្ត្រី​ប្រចាំ​នៅ (SWC) បាន​ដក​ពាក្យ​នោះ​ចេញ​វិញ​។ ក្រោម​ហេតុផល​ចង់​ឲ្យ​ប្តី​ប្រពន្ធ​ទាំងពីរ ធ្វើការ​សម្របសម្រួល​ជាមួយគ្នា​រយៈពេល​២​ខែ​សិន មុននឹង​បញ្ជូន​រឿងក្តី​នេះ​ទៅ​តុលាការ​។​ ​លោក Manish Ram​ជា​ប្តី​របស់​នាងទេវី បាន​ប្រាប់​កាសែត Times of India ថា គាត់​ចង់​បន្ត​រស់នៅ​ជាមួយ​ប្រពន្ធ​របស់គាត់ ហើយ​គាត់​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើឱ្យ​របៀប​រស់នៅ​របស់​គាត់​ប្រសើរឡើង មិន​ដូច​ពេលនេះ និង​ពេលកន្លងមក ៕