ស្តាប់​ហើយ​ញាក់សាច់​ពីស​ម្តី​របស់​រូប​វិទូ Stephen Hawking លើក​ពី​រឿង ៥ យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ផុត​ពូជ​

សង្គមប្លែកៗ
0
639
[wai id="6"]


លោក Stephen Hawking គឺជា​រូប​វិទូ​ដ៏​ល្បី​១​រូប ដែលមាន​ការទទួលស្គាល់​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​ជា​ដំណឹង​អកុសល លោក Stephen បានទទួល​មរណភាព​ទៅហើយ នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ នេះ ក្នុង​វ័យ​៧៦​ឆ្នាំ​។ គួររំលឹកថា មុនពេល​ស្លាប់ លោក​សាស្ត្រាចារ្យ Stephen Hawking ធ្លាប់បាន​រៀបរាប់​ពី​រឿងរ៉ាវ​ចំនួន ៥ អំពី​របៀប​ដែល​ពិភពលោក​ទាំងមូល​ឈានដល់​ថ្ងៃ​អវសាន ធ្វើ​ឲ្យ​មនុស្ស​ផុត​ពូជ​។​សារព័ត៌មាន Cambridge News បាន​ចងក្រង​នូវ​ទ្រឹស្ដី​ចំនួន ៥ គួរ​ឲ្យ​ចាប់អារម្មណ៍​របស់លោក Stephen Hawking ទាំងនេះ​៖

ពាណិជ្ជកម្ម

១. មនុស្ស​នឹង​ស្លាប់​ដោយសារ​គ្រាប់​បាល់​ភ្លើង​ដ៏​ធំ​មហិមា​

​មិន​ដល់ ៦០០​ឆ្នាំ​ទៀត​ទេ អ្នក​រាល់គ្នា​លើ​ពិភពលោក នឹង​ស្លាប់ នៅពេលដែល​ពិភពលោក​ជួបប្រទះ​នឹង​បញ្ហា​កំណើនប្រជាជន​ច្រើនពេក (​លើស​ចំនួន​) ហើយ​ការប្រើប្រាស់​ថាមពល​ដ៏​លើសលប់​របស់​ពិភពលោក​នឹងធ្វើ​ឲ្យ​ផែនដី​រលាយ​ឆេះ​ក្លាយជា​ដុំ​បាល់​ភ្លើង​ដ៏​ធំ​មួយ​។ លោក Stephen ថ្លែង​បែបនេះ កាលពី​ខែវិច្ឆិកា​កន្លងទៅ ក្នុង​កិច្ចប្រជុំ​កំពូល​អ្នកវិទ្យាសាស្ត្រ Tencent WE​។​
​លោក​សាស្ត្រាចារ្យ បញ្ជាក់ថា ប្រសិនបើ​ចង់​ជួយសង្គ្រោះ​ផែនដី​ពី​បញ្ហា​ខាងលើ មនុស្សជាតិ​ត្រូវយក​គំរូ​តាម​ខ្សែភាពយន្ត​អាមេរិក​មួយ​ឈ្មោះថា "Star Trek" ដោយ​ស្វែងរក និង​ធ្វើដំណើរ​ទៅកាន់​កន្លែង​ណាមួយ​ផ្សេងទៀត​ដើម្បី​រស់នៅ​។​

២. មនុស្ស​យន្ត​នឹង​គ្រប់គ្រង​ពិភពលោក​ទាំងមូល​
​លោក Stephen បានបង្ហាញ​ពី​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​បច្ចេកវិទ្យា AI ដែល​អាច​នឹង​គ្រប់គ្រង​មនុស្ស​។​
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន Wired.co.uk លោក​និយាយថា​៖ "​ពួកយើង​គួរតែ​បង្កើន​ការស្រាវជ្រាវ​បន្ថែម​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា AI តែ​យើង​គួរតែ​ប្រុងប្រយ័ត្ន​ផងដែរ​អំពី​គ្រោះថ្នាក់​ជាក់ស្ដែង​របស់ AI... ច្បាស់​ណាស់ នឹងមាន​ទម្រង់​ជីវិត​ថ្មី​ម្យ៉ាង ដែល​នឹង​គ្រប់គ្រង​លើ​មនុស្ស​បាន​វិញ​"​។​

៣. ភាព​ឆេវឆាវ​របស់​មនុស្ស និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ នឹង​ឆក់យក​ជីវិត​អ្នក​រាល់គ្នា នាពេល​ណាមួយ​មិន​ខាន​
​ថ្លែងប្រាប់​សារព័ត៌មាន BBC នៅក្នុង​គម្រប់​ខួប​៧៥​ឆ្នាំ លោក Stephen បាន​ឲ្យ​ដឹងថា លោក​មាន​ក្ដីបារម្ភ​ចំពោះ​ការវិវឌ្ឍ​របស់​មនុស្ស ដែល​អាចធ្វើ​ឲ្យ​ហ្សែ​ន​របស់​អ្នក​រាល់គ្នា​កាន់តែ​មាន​ភាព​លោភលន់ និង​ភាព​ឆេវ​ឆៅ​។ ជាក់ស្ដែង បញ្ហានយោបាយ​ពិភពលោក បានធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​ជាខ្លាំង​នូវ​វិស័យ​យោធា ក៏ដូចជា​អាវុធ​ទំនើបៗ​ជាច្រើន​។ រឿង​ទាំងនេះ​ហើយនឹង​បង្ក​ឲ្យ​មាន​មហន្តរាយ​ជៀស​មិន​ផុត​នោះឡើយ​។​

៤. យើង​ត្រូវ​សង្វាត​រក​ពិភព​ដទៃ ដើម្បី​រស់នៅក្នុង​រយៈពេល​១០០​ឆ្នាំ​ខាងមុខ​
​យើង​ត្រូវតែ​រុករក​បច្ចេកវិទ្យា​ថ្មី​ទៀត ដើម្បី​ជៀសវាង​ភាព​ដាច់​ពូជ​នៃ​មនុស្សជាតិ​។ នេះ​ជាការ​លើកឡើង​របស់លោក Stephen ទៅកាន់ BBC​។​

​យ៉ាងណាមិញ ប្រសិនបើ​យើង​មិនអាច​រក​ភព​ថ្មី​រស់នៅ​ទាន់ពេល​ទេ នោះ​បម្រែបម្រួល​អាកាសធាតុ កំណើនប្រជាជន​ជ្រុល​ហួស ជំងឺ​រាតត្បាត និង​សង្គ្រាម នឹងធ្វើ​ឲ្យ​ពិភពលោក​ឈានដល់​ដំណាក់កាល​ចុងក្រោយ​។​

៥. ដូ​ណា​ល់ ត្រាំ​
​លោក Hawking ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​រិះគន់​ចំពោះ​នយោបាយ​លោក ដូ​ណា​ល់ ត្រាំ​។ នៅពេលដែល​លោក ត្រាំ ប្រធានាធិបតី​អាមេរិក កាលពី​ខែឧសភា មិន​ព្រម​ចុះហត្ថលេខា​បន្ត​កិច្ចព្រមព្រៀង​ជួយសង្គ្រោះ​បម្រែបម្រួល​អាកាសធាតុ​ក្រុងប៉ារីស លោក Stephen គឺ​មនុស្ស​ម្នាក់​ដែល​ជំទាស់​នឹង​គំនិត​លោក ត្រាំ ខ្លាំងជាងគេ​មួយរូប​។​

​លោក​ព្រមាន​ថា ការសម្រេចចិត្ត​របស់ ត្រាំ នឹង​រុញច្រាន​ពិភពលោក​ឈានទៅដល់​ថ្ងៃ​បញ្ចប់ ហើយ​មាន​លក្ខណៈ​ដូច​ភព​ផ្កាយព្រះសុក្រ ដែលមាន​សីតុណ្ហភាព​ដល់​២៥០​អង្សា និង​មាន​ធ្លាក់ភ្លៀង​អាស៊ីត​ថែម​ទៀតផង​។ លោក​បន្តថា​៖ "​បម្រែបម្រួល​អាកាសធាតុ​គឺជា​គ្រោះថ្នាក់​ធំ​បំផុត​យើង​កំពុង​ជួបប្រទះ ហើយ​វា​ជា​បញ្ហា​មួយ​ដែល​យើង​អាច​បង្ការ​មុន​បាន ប្រសិនបើ​យើង​ចាប់ផ្ដើម​ពី​ឥឡូវ​"​។ "​ដោយសារតែ​ការមិន​ព្រម​ជឿ​លើ​បម្រែបម្រួល​អាកាសធាតុ និង​បដិសេធ​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស លោក ដូ​ណា​ល់ ត្រាំ នឹង​បង្ក​ឲ្យ​កើតមាន​ការបំផ្លិចបំផ្លាញ​បរិស្ថាន​មិនអាច​ជៀសផុត​បានឡើយ ចំពោះ​ពិភពលោក​ដ៏​ស្រស់បំព្រង​របស់​យើង​"៕