រកឃើញស្រ្ដីអង់គ្លេសម្នាក់ផ្ទុក Covid-19 ធ្វើ​ដំណើរ​តាម​នាវា​មក​ដល់កំពង់ចាម

ព្រឹត្តិការណ៍ថ្មីៗ
0
300
ស្រ្ដីអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ធ្វើដំណើរតាមនាវា​ចេញពី​​ប្រទេស​​វៀតណាម មក​​ចូល​សំចត នៅខេត្តកំពង់ចាម ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​កម្ពុជា នាំទៅធ្វើតេស្តនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ រកឃើញ​មាន​ផ្ទុក​វីរុស Covid-19 កាលពីល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែង នៅក្នុងសន្និសីទកាសែត កាលពីយប់ ថ្ងៃអង្គារ ទី​១០​ ខែមីនា ឆ្នាំ២០២០ថា ស្រ្តីជនជាតិអង់គ្លេសរូបនេះ និងអ្នករួមដំណើរជាមួយគ្នា៤នាក់ទៀត បានធ្វើដំណើរ​តាមយន្តហោះ ចាកចេញពីទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស មកកាន់ប្រទេសវៀតណាម។ លុះមកដល់ថ្ងៃទី៥ ខែមីនា ពួកគាត់បានបន្តដំណើរតាមនាវា ចាកចេញពីទីក្រុងហូជីមីញ ហើយមកដល់កំពង់ផែភ្នំពេញ កាលពីថ្ងៃទី៧ ខែមីនា។
លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានបន្ដថា ក្រោយពេលពេលមកដល់កំពង់ផែក្រុងភ្នំពេញ ស្រ្តីអង់គ្លេស​៣​នាក់ ក្នុងចំណោម៥នាក់បានយល់ព្រមឱ្យពិនិត្យសុខភាព ខណ:២រូបទៀតមិនព្រមឱ្យពិនិត្យសុខភាពទេ ដោយ​អះអាងថា ពួកគាត់មិនមានបញ្ហាសុខភាព នោះឡើយ។ បន្ទាប់មកស្រ្ដីអង់គ្លេស​ទាំងអស់នោះ​បាន​បន្ដ​ដំណើរ​តាមនាវា ចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅសំចតនៅកំពង់ផែ ក្រុងកំពង់ចាម។ ប៉ុន្តែ​ពេល​នោះ​ភាគី​វៀតណាមបានផ្តល់ដំណឹងមកភាគីកម្ពុជា ក្នុងករណីសង្ស័យឆ្លងវីរុស Covid-19 លើស្ត្រីជនជាតិអង់គ្លេស​នៅលើនាវា​ខាងលើ។

លោករដ្ឋមន្រ្ដី បានបន្ដថា ក្រោយពេលទទួលបានព័ត៌មានបែបនេះ ក្រសួងសុខាភិបាល បានធ្វើសកម្មភាព​ភ្លាមៗ រកស្ត្រីជនជាតិអង់គ្លេសនោះ ហើយនាំគាត់មកកាន់កន្លែងពិនិត្យរកមេរោគ នៅមន្ទីរពេទ្យរុស្សី។ ប៉ុន្ដែ​បើតាមលទ្ធផលធ្វើតេស្ដ កាលពីល្ងាចថ្ងៃទី១០ ខែមីនា បានបង្ហាញថា មានវិជ្ជមាន នៃវីរុស Covid-19 ហើយគាត់ត្រូវដាក់ព្យាបាលឲ្យនៅដាច់ដោយឡែក។

បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្សនៅលើនាវាទាំង៦៤នាក់ មិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីនាវានោះឡើយ។ ពួកគេត្រូវស្ថិតក្រោមការតាមដានពិនិត្យសុខភាព​យ៉ាង​យក​ចិត្តទុកដាក់ពីក្រសួងសុខាភិបាលកម្ពុជា៕