[wai id="7"]
សមត្ថកិច្ចច្រកទ្វារអន្តរជាតិជ្រៃធំ បានធ្វើការត្រួតពិនិត្យគុណភាព និងសុវត្ថិភាព បន្លែ ផ្លែឈើគ្រប់ប្រភេទ ដែលអាជីវករខ្មែរនាំពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិជ្រៃធំ ដែលស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានរកឃើញបន្លែ ចំនួន៦មុខ មានផ្ទុកកាក សំណល់ថ្នាំ សម្លាប់សត្វល្អិត កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ។
ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូបន្លែ ២២ គំរូ រួមមាន៖ ស្ពៃក្តោប ត្រសក់ ស្ពៃបូកគោ ត្រប់វែង ប៉េងប៉ោះ ផ្កាខាត់ណា ពោតបារាំង ផ្កាស្នោ ក្រូចឆ្មារ ឃ្លោក ផ្លែម្រះ ម្ទេស ត្រប់ស្រួច ផ្លែល្ពៅ ននោង សណ្តែកបារាំង ស្ទឹកខ្ទឹម ម្ទេសប្លោក ផ្កាគូឆាយ និងផ្កាឡៃហៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញបន្លែរួមមាន៖ ស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ក្រូចឆ្មាតូច ផ្កាគូឆាយ និងផ្លែល្ពៅ ដែលមានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិត។ បន្ទាប់មកមន្ត្រីសាខាបានធ្វើកំណត់ហេតុដកហូតដើម្បីធ្វើការកម្ទេច ចោល និងបានណែនាំឱ្យអាជីវករខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណាដែលមានផ្ទុកសារធាតុគីមី ហាមឃាត់បន្តទៀត ។
លោក មួង ដារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិជ្រៃធំ បានឲ្យដឹងដែរថា ក្រោយពីទទួល បានលទ្ធផល មុខទំនិញចំនួន៦មុខ ដែលមន្ត្រី ក.ប.ប ខេត្តកណ្តាលរកឃើញមានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិតទាំងនេះ លោកនឹងផ្អាកជាបណ្តោះអាសន្ន មិនឲ្យម្ចាស់ទំនិញនាំចូលមកកម្ពុជាទៀតទេ។ ចំពោះមុខទំនិញនិងបន្លែផ្សេងៗ លោកនឹងសហការជាមួយមន្ត្រី ក.ប.ប ដើម្បីពិនិត្យតាមដានបន្តទៀត ហើយប្រសិនបើរកឃើញបន្លែ នៅតែមានផ្ទុកកាក សំណល់ថ្នាំសម្លាប់សត្វល្អិត (សារធាតុគីមី) លោកនឹងបញ្ឈប់ឲ្យមានការនាំចូលតែម្តង។
យ៉ាងណាមិញសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានទាមទារឲ្យរដ្ឋាភិបាលបង្កើតប្រព័ន្ធរាយការណ៍បន្ទាន់តាមទូរស័ព្ទ ដើម្បីឲ្យប្រជាពលរដ្ឋអាចរាយការណ៍អំពីករណីសង្ស័យទៅលើមន្ត្រី ឬអាជ្ញាធរមានសមត្ថកិច្ចដែលអនុញ្ញាតឲ្យមានការនាំបន្លែ និងផ្លែឈើដែលមានផ្ទុកសារធាតុគីមីពុលពីប្រទេសជិតខាង ចូលក្នុងប្រទេស។
ការទាមទារនេះធ្វើឡើង ក្រោយពីក្រសួងមហាផ្ទៃបានផ្ញើលិខិតមួយច្បាប់ បង្គាប់ឲ្យរដ្ឋបាលខេត្តទាំងអស់ជាប់ព្រំប្រទល់ប្រទេសជិតខាងកម្ពុជា ទប់ស្កាត់ការនាំបន្លែ និងផ្លែឈើដែលមានជាតិគីមីពុល និងទំនិញខូចគុណភាពចូលមកក្នុងប្រទេស។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលតំណាងឲ្យគ្រួសារកសិករនៅតាមជនបទប្រមាណ ២ ម៉ឺនគ្រួសារទូទាំងប្រទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃនេះថា៖
«ក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលត្រូវបង្កើតប្រព័ន្ធរាយការណ៍បន្ទាន់តាមទូរស័ព្ទ (Hot line)»សម្រាប់ប្រជាពលរដ្ឋរាយការណ៍អំពី «មន្ត្រី ឬអាជ្ញាធរណាដែលបានធ្វើការឃុបឃិតប្រព្រឹត្តអំពើពុករលួយបើក» ដៃឲ្យមានការនាំបន្លែ ផ្លែឈើ ដែលមានផ្ទុកសារធាតុគីមីពុលពីប្រទេសជិតខាង ចូលប្រទេសកម្ពុជា៕
[wai id="5"]