
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ខណៈអ្នកជាសះស្បើយមិនមាននោះទេ។
អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជាស្ត្រីជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើ ដំណើរមកពីប្រទេសអារ៉ាប់ បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី១៩កុម្ភៈ កម្ពុជារកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន៤៨៤នាក់។ ក្នុងនោះ មាន៤៧០នាក់ បានជាសះស្បើយ និង១៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានា។ ដោយឡែក ចំពោះពលរដ្ឋខ្មែរជិត៤ពាន់នាក់ ដែលបានចាក់វ៉ាក់សាំងការពារជំងឺនេះ គិតចាប់ពីថ្ងៃទី១០ កុម្ភៈ នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩មក។
សូមជម្រាបថា តួលេខពលរដ្ឋខ្មែរ ដែលបានចាក់វ៉ាក់កូវីដ-១៩ ខាងលើនេះ គឺមិនបានរាប់បញ្ចូលនូវចំនួនកងកម្លាំងទ័ពនានា ដែលបានចាក់វ៉ាក់សាំងនេះឡើយ។ វ៉ាក់សាំងកូវីដ-១៩ប្រភេទស៊ីណូហ្វាម ចំនួន៦០ម៉ឺនដូសរបស់ចិន បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១ ដោយមាន៣០ម៉ឺនដូស ប្រគល់ឱ្យក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត ប្រគល់ឱ្យក្រសួងការពារជាតិ៕