…ជុំវិញរឿងរ៉ាវថាសហោះ នៅតែជាក្តីចម្ងល់មួយរបស់មនុស្សផងទាំងឡាយក្នុងពិភពលោកដណ្តឹងសួរគ្នាថា…តើថាសហោះមានពិតឬ ក៏គ្រាន់តែជាការនិទានប្រឌិត? កាលពីចុងឆ្នាំ២០១៩ ប្រទេសកាណាដាបានបញ្ចេញនូវឯកសាររាប់ម៉ឺនច្បាប់ ពាក់ព័ន្ធទៅនឹងការប្រទះឃើញ UFO ឬយើងនិយមហៅថា «ថាសហោះ» ដើម្បីឲ្យក្រុមអ្នកសិក្សាធ្វើការស្វែងយល់ និងវិភាគរកការពិតដោយខ្លួនឯង។ ហើយសម្រាប់ដើមឆ្នាំ២០២០ នេះវិញរដ្ឋាភិបាលអង់គ្លេសក៏បានសម្រេចចិត្តធ្វើដូចកាណាដាដែរ ដោយក្រសួងការពារជាតិអង់គ្លេស នឹងបញ្ចេញឯកសារផ្លូវការទាំងឡាយ ទៅកាន់សាធារណជន បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលបានរៀបចំចងក្រង អស់ជាងមួយទសវត្សរ៍មកហើយ។
ប៉ុន្តែក្រសួងការពារជាតិអង់គ្លេសនៅមិនទាន់បញ្ជាក់ថា តើខ្លួននឹងបញ្ចេញឯកសារអំពី UFO នៅពេលណាឲ្យប្រាកដនោះឡើយ ដោយបានត្រឹមអះអាងថា គឺនៅក្នុងឆ្នាំ២០២០ តាមរយៈវែបសាយផ្លូវការ gov.uk ដើម្បីឲ្យគ្រប់គ្នាមិនថាតែប្រជាជនអង់គ្លេសនោះឡើយ អាចចូលទៅឆែក និងស្វែងយល់ដោយខ្លួនឯង។ សម្រាប់ឯកសារទាំងនោះ គឺទំនងជាមិនខុសអំពីឯកសារនៅកាណាដានោះឡើយ ដោយរឿងរ៉ាវជាច្រើនករណី នឹងត្រូវប្រមូលផ្តុំចូលគ្នា ហើយគ្មានការបញ្ជាក់ថា UFO ឬជីវិតភពផ្សេងមានពិត ឬមិនពិតនោះឡើយ ប៉ុន្តែបណ្តាអ្នកសិក្សាអាចខិតខំស្រាវជ្រាវឯកសារដែលមានប្រភពច្បាស់លាស់ទាំងអស់នេះហើយធ្វើការវិភាគ និងស្វែងយល់ដោយខ្លួនពួកគេផ្ទាល់។គួរបញ្ជាក់ថា ការសម្រេចរបស់រដ្ឋាភិបាលអង់គ្លេសខាងលើនេះ គឺបានកើតមានឡើងបន្ទាប់ពីស្ថាប័នព័ត៌មានមួយរបស់អង់គ្លេសឈ្មោះ PA Media បានដាក់សំណើផ្លូវការមួយ ស្នើសុំការបញ្ចេញឯកសារនានាអំពី UFO អនុលោមតាមច្បាប់ស្តីអំពីសេរីភាព នៃការទទួលបានព័ត៌មាន (Freedom of Information Act)។
មន្ត្រីរបស់ក្រសួងការពារជាតិអង់គ្លេសបានសម្រេចថា វាជាការប្រសើរបើសិនជាយើងបញ្ចេញឯកសារទាំងអស់នេះ អំពីការប្រទះឃើញ UFO ជាជាងរក្សាទុកជាឯកសារសម្ងាត់ជាតិ៕