[wai id="8"]
[wai id="7"]
ជំងឺគ្រុនឈីក (Chikunngunya) គឺជាជំងឺ ដែលបង្កដោយវីរុសឈីក ហើយចម្លងតាមរយៈមូសខ្លាញីខាំ ជាពិសេសនោះ គឺខាំនៅពេលថ្ងៃ។ ជំងឺនេះ ត្រូវបានគេរកឃើញដំបូងបំផុតនៅឆ្នាំ ១៩៥៣ នៅទ្វីបអាហ្វ្រីក និងធ្លាប់បានរកឃើញ ដំបូងនៅកម្ពុជាដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ១៩៦១ និងឆ្នាំ២០១១។
ថ្មីៗនេះក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងមួយស្តីពីការផ្ទុះឡើងនៃជំងឺឈីកគន់ហ្គន់យ៉ា(Chikunngunya) នៅក្នុងប្រទេសកម្ពុជា។ ការប្រកាសរបស់ក្រសួងសុខាភិបាលដូច្នេះ ធ្វើឡើងបន្ទាប់ពីអ្នកភូមិជាច្រើននាក់នៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានរកឃើញថាមានអាការៈមិនស្រួលខ្លួន ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាពជាបន្តបន្ទាប់។
ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ដែលរស់នៅ ក្នុងសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន៦ភូមិ ត្រូវបានក្រសួង សុខាភិបាលបញ្ជាក់ថាពួកគេបានកើតជំងឺឈីក ឬឈីកគន់ហ្គន់យ៉ា។ ការបញ្ជាក់របស់ក្រសួងសុខាភិបាលតាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋជាច្រើនបានធ្លាក់ ខ្លួនឈឺ ចេញរោគសញ្ញាគ្រុនក្តៅ ៣៨អង្សារសេ កន្ទួលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង។
ពាណិជ្ជកម្ម
ប្រឈមនឹងរោគសញ្ញាដូច្នេះ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល និងខេត្តបន្ទាយមានជ័យ បានប្រមូលសំណាកវត្ថុវិភាគឈាម ពីអ្នកភូមិទាំងនោះ មកធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីស្វែងរកមើលវីរុសគ្រុនឈីក វីរុសកញ្ជ្រឹល ស្អូច និងសំណាក សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ ចាប់តាំងពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា ជំងឺឈីក មានភាពស្រដៀងទៅនឹងជំងឺគ្រុនឈាម ដោយយើងអាចការពារបានតាមរយៈ ការពារកុំអោយមូសខ្លាំញីខាំ ការកំចាត់វត្ថុដក់ទឹក ដែលជាជម្រកនៃការកកើតសត្វមូស។ ប្រជាជនគួរតែអនុវត្តតាមវិធានការណ៌ដូចខាងក្រោម ដើម្បីការពារជំងឺឈីក ៖
• បំបាត់ជម្រកមូសខ្លា ការពារកុំអោយមានទឹកដក់ នៅជុំវិញផ្ទះ លុបបុះបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រើអាបែតដាក់ក្នុងអាងស្តុបទឹក ឬពាង ជារៀងរាល់សប្តាហ៌។
• ស្លៀកសម្លៀកបំពាក់ជើងវែង ដៃវែង (គួរតែជាសម្លៀកបំពាក់ដែលមានពណ៌ភ្លឺ ចៀសវាង ខ្មៅឬងងឹត)
• ប្រើថ្នាំ Spary ឬ លាប repellent ដើម្បីការពារមូស (ស្ត្រីមានផ្ទៃពោះក៏ប្រើប្រាស់បានដែរ)
• គេងក្នុងមុង រាល់យប់ និងថ្ងៃ បើកទ្វារ បង្អួច ដើម្បីមានពន្លឺ និងខ្យល់ចញចូល បានល្អ
ជំងឺឈីក មិនបណ្តាលអោយអ្នកជំងឺបាត់បង់ជីវិតនោះទេ ស្ទើរតែគ្រប់អ្នកជំងឺទាំងអស់ ជាសះស្បើយឡើងវិញ ក្នុងរយៈពេល១សប្តាហ៌ ឬអាចយូររហូតដល់រាប់អាទិត្យក្នុងករណីខ្លះ។ ជាពិសេសជំងឺនេះ អាចធ្វើអោយអ្នកជំងឺ មានអាការៈឈឺសន្លាក់ដៃជើងក្នុងរយៈពេលយូរ (ដល់ឆ្នាំ) ហើយអាចបណ្តាលអោយស្លាប់បាត់ បង់ជីវិតបាន នៅក្នុងករណីដែលអ្នកជំងឺ មានជំងឺរួមផ្សំដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺរលាកស្រោមខួរក្បាលជាដើម៕
[wai id="5"]