[wai id="8"]
[wai id="7"]
ថ្មីៗនេះលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវឲ្យ ក្រសួងពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោម ជាតិ និងប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នាឱកាស ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាម ភូមិ-ឃុំ និងនៅទីវត្តអារាម។
ពាណិជ្ជកម្ម
ដើម្បីជាការរួមចំណែកក្នុងការការពារ ក្រសួងសុខាភិបាលសូមណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកដែលរៀបចំចាត់ចែងឲ្យមានការប្រារព្ធពិធីបុណ្យថា ការរៀបចំឲ្យមានកម្មវិធីប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺមិនអនុញ្ញាតឲ្យធ្វើនៅថ្នាក់ខេត្តឡើយ ព្រោះតែវាអាចបង្កឲ្យ មានការប្រមូលផ្តុំគ្នាច្រើនពេក តែអាចរៀបចំនៅតាមភូមិ ឃុំ និងវត្តអារ៉ាមបាន ។
ជាមួយគ្នានេះដែរ ចំពោះចំណុះទូកនីមួយៗ មិនត្រូវឲ្យលើសពី ១០នាក់ និងទូកចូលរួមប្រកួត មិនឲ្យលើសពី ៦ទូកទេក្នុងមួយពិធី ។ចំពោះអ្នកចូលរួមទស្សនាវិញ គឺមិនត្រូវលើសពី ៦០នាក់ទេ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រកន្លះសម្រាប់អ្នកអុំទូក។
យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាពេលថ្មីៗនេះ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា កំណើន នៃការចម្លងវីរុសកូវីដ-១៩ និងការស្លាប់ដោយសារជំងឺនេះ ក៏នៅតែបន្តមានខ្ពស់នៅឡើយ បើទោះបីជាកម្ពុជា មិនទាន់ចម្លងចូលក្នុងសហគមន៍ក៏ដោយ ក៏ហានិភ័យនៃការចម្លង វីរុសដ៏កាចសាហាវនេះនៅតែមាន ហើយការ ចម្លងអាចកើតមានឡើង គ្រប់ពេលវេលាគ្រប់កាលទេសៈ និងគ្រប់ទីកន្លែង។
លោកបញ្ជាក់ថា ដូច្នេះក្រសួងសុខាភិបាល ក្រើនរំលឹក និងអំពាវនាវសាជាថ្មី ជូនដល់សាធារណជន ក្រសួងពាក់ ព័ន្ធ អាជ្ញាធរ ថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍៕