[wai id="8"]
[wai id="7"]
ជំងឺកូវីដ១៩ បានកំពុងវាយប្រហារយ៉ាងខ្លាំងទៅលើមនុស្សជាច្រើនជុំវិញសកលលោក រហូតមកដល់ពេលនេះមានរយ:ពេល ជាង១ឆ្នាំហើយ អ្នកវិទ្យាសាស្ត្រនៅតាមបណ្តាប្រទេសជាច្រើនហាក់ពុំទាន់មានសញ្ញាណាមួយបង្ហាញថា អាចរកឃើញវ៉ាក់ សាំងការពារជំងឺនេះនៅឡើយទេ ។
ក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះនិយាយថា ជំងឺកូវីដ១៩ គឺឆ្លងតាមខ្យល់ ដែលមានន័យថា ភាគល្អិតនៃវីរុសកូរ៉ូណាថ្មីដែលបង្កជាជំងឺកូវីដ១៩ នេះ អាចហើរនៅក្នុងខ្យល់ក្នុងបរិវេណបិទជិត និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន នៅពេលដែលគេដកដង្ហើមស្រូបយកភាគល្អិតនោះចូលទៅក្នុងខ្លួន។
កន្លងមក អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា វីរុសកូរ៉ូណាថ្មីនេះអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈតំណក់ទឹកពីផ្លូវដង្ហើម ពោលគឺតំណក់ទឹកពីការក្អក ឬកណ្ដាស់របស់អ្នកជំងឺ ប៉ុន្តែតំណក់ទឹកទាំងនោះធ្លាក់ចេញពីខ្យល់យ៉ាងឆាប់រហ័ស ដោយសារតែទំហំរបស់វាធំ។
ពាណិជ្ជកម្ម
យ៉ាងណាមិញសម្រាប់ប្រទេសកម្ពុជា លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកពន្យល់ជាថ្មីម្ដងទៀតថា ជំងឺកូវីដ-១៩ ក៏អាចឆ្លងតាមក្រដាសប្រាក់បានដែរ ហើយការឆ្លងនេះគឺលឿនជាទីបំផុត។
លោកស្រី ឱ វណ្ឌឌីន បានអះអាងថា ប្រសិនបើអ្នកជំងឺកូវីដ-១៩ កាន់ក្រដាសប្រាក់នោះ រួចហុចបន្ដទៅអ្នកដ៏ទៃទៀត ហើយនៅពេលអ្នកនោះចាប់កាន់លុយ និងដៃមកប៉ះច្រមុះ មាត់ ឬភ្នែកជាដើម នឹងធ្វើឲ្យឆ្លងជំងឺកូវីដ-១៩ជាក់ជាមិនខាន។ លោកស្រីថា ការឆ្លងនេះតាមរយៈទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬស្លេសទឹកមាត់។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់យ៉ាងដូច្នេះថា «ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម ដូចជាសំបោរ ឬស្លេសទឹកមាត់ ឬយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ ឬអាល់កុល ឬទឹកជែលសម្រាប់លាងដៃភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលើក្រដាស់ប្រាស ហើយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះ ចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហើយបុគ្គលនោះយកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែកជាដើម ដែលធ្វើឲ្យមានការចម្លងបានលឿនជាទីបំផុត។ បន្ទាប់មកក៏មានការចម្លងបន្តៗគ្នា ប្រសិនបើមិនបានលាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ»។
លោកស្រី ឱ វណ្ឌឌីន បានគូសបញ្ជាក់ថា អ្វីដែលរិតតែលំបាកណាស់ទៅទៀត ដោយសារវីរុសកូវីដ-១៩នេះ អាចរស់នៅលើក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់២៨ថ្ងៃឯណោះ បើប្រៀបទៅនឹងវីរុសផ្តាសាយធម្មតា មានប្រហែលជា១៧ថ្ងៃ នេះបើតាមការបញ្ជាក់របស់ អ្នកសិក្សាវិទ្យាសាស្ត្រ នៃប្រទេសអូស្ត្រាលី។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា ដូច្នេះបានជាការលាងសម្អាតដៃ រាល់ពេលចាប់កាន់វត្ថុដូចជា តេលេកម្ម៉ង់ ទូរស័ព្ទអ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឬក្រដាសស្នាមផ្សេងៗ មានសារៈសំខាន់ ពោលក្រោយកាន់ភ្លាម លាងភ្លែតឲ្យបានញឹកញាប់ជាការចាំបាច់បំផុតក្នុងពេលនេះ។
គួរបញ្ជាក់ដែរថា ជំងឺកូវីដ១៩នេះ ការចម្លងពីមនុស្សទៅមនុស្ស ប្រព្រឹត្តទៅតាមរយៈទំនាក់ទំនងដ៏ជិតខ្លាំង ដូចជាការប៉ះពាល់គ្នា ឬចាប់ដៃគ្នា និងតាមខ្យល់ នៅពេលអ្នកផ្ទុកមេរោគ ក្អក ឬកណ្តាស់ នៅចម្ងាយតិចជាងមួយម៉ែត្រពីយើង។ ប៉ះផ្ទៃនៃវត្ថុអ្វីមួយ ដែលមានវីរុសតោងនៅជាប់លើនោះ រួចមកប៉ះមាត់ ច្រមុះ ឬភ្នែក ក៏អាចចម្លងមេរោគកូរ៉ូណាចូលក្នុងខ្លួនបានដែរ។ សូមបញ្ជាក់ថាកូរ៉ូណាវីរុសថ្មី ឬកូវីដ១៩នេះ អាចរស់មានជីវិតក្នុងខ្យល់បរិយាកាស រយៈពេលពីរ-បីម៉ោង និងដល់ពីរ-បីថ្ងៃ បើជាបរិស្ថានឬតំបន់សើម។
នៅពេលមេរោគចូលដល់ក្នុងខ្លួនមនុស្សហើយ វាមិនបង្កឱ្យមានរោគសញ្ញាភ្លាមទេ។ មេរោគកូវីដ១៩ អាចសំងំនៅក្នុងខ្លួន រហូតដល់ ១០ទៅ១៤ថ្ងៃ ឯណោះ ទើបបង្ហាញអាការៈដំបូង ក្នុងទម្រង់ស្រាល ដូចជា ឈឺក្បាល ក្តៅខ្លួន ផ្តាសាយ មានអារម្មណ៍នឿយហត់មិនស្រណុកខ្លួន។ ក្នុងទម្រង់ធ្ងន់ អ្នកជំងឺមានអាការៈក្តៅខ្លួនហើយ ក្អក ពិបាកដកដង្ហើម និងអាចមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដូចជារលាកទងសួត ឬរលាកសួត៕