[wai id="9"]
វ៉ាក់សាំងអាស្ត្រាហ្សឺណិកា (AstraZeneca) ចំនួន ៣២៤ ០០០ដូស នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅថ្ងៃទី២ ខែមីនា ខាងមុខនេះ។
បើយោងតាមសម្តេចតេជោ បានសរសេរនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖
ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន ៣២៤ ០០០ដូស ក្នុងចំណោម ១ ១០៤ ០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយ មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។
ពាណិជ្ជកម្ម
ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា ២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះ ពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣ លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។
កម្ពុជាសូមអរគុណចំពោះប្រទេសនានា ក្រុមហ៊ុន និង សប្បុរសជននៅលើសកលលោកដែលបាន ផ្តល់ជំនួយដល់យើងតាមរយៈកូវ៉ាក់។
ខ្ញុំសូមជម្រាបបន្ថែមថា ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ៕