យោងតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា លោកត្រាំបានច្រានចោលនូវសេចក្តីថ្លែងការណ៍ ធ្វើឡើងដោយបុគ្គលិកនៅសេតវិមាន ដែលមានបំណងសរសើរលោកម៉ាខេនថាជាវីរបុរស និងផ្តល់កិត្តិយសឲ្យលោកជាទីខ្ពង់ខ្ពស់ក្រៃលែងសម្រាប់សេវាកម្មយោធារបស់លោក។ សេចក្តីថ្លែងការណ៍ចុងក្រោង ត្រូវបានពិនិត្យដោយអ្នកនាំពាក្យសេតវិមាន និងប្រធានបុគ្គលិកសេតវិមាន លោក John Kelly និងជំនួយការសេតវិមានដទៃទៀតកាលពីចុងសប្តាហ៍នេះ។
លោកត្រាំបានបដិសេធនូវការចេញសេចក្តីថ្លែងការណ៍នេះ ដោយបាននិយាយថា លោកពេញចិត្តក្នុងការបង្ហាញនូវក្តីអាណិតអាសូររបស់លោក។ ការបង្ហាញសាររបស់លោកបែបនេះ បានធ្វើឡើងបន្ទាប់ពីមរណភាពរបស់លោកម៉ាខេន។ លោកបានសរសេរថា «ក្តីអាណិតអាសូរ និងការគោរពដ៏ជ្រាលជ្រៅរបស់ខ្ញុំជូនចំពោះក្រុមគ្រួសាររបស់លោកចន ម៉ាខេន។ បេះដូងរបស់យើងស្ថិតនៅជាមួយអ្នក»។
លោក Mark Corallo អតីតអ្នកនាំពាក្យក្រុមការងារផ្នែកច្បាប់របស់លោកត្រាំ និងជាអ្នកយុទ្ធសាស្ត្រខាងគណបក្សសាធារណរដ្ឋបាននិយាយអំពីប្រតិកម្មរបស់លោក ត្រាំចំពោះការស្លាប់របស់លោកម៉ាក់ខេនថា «ក្នុងពេលដូចនេះ អ្នកនឹងរំពឹងមានការរំពឹងច្រើនទៅលើប្រធានាធិបតីអាមេរិក នៅពេលដែលអ្នកកំពុងតែនិយាយអំពីមរណភាពរបស់វីរបុរសអាមេរិកាំងដ៏ពិតប្រាកដ»។
លោក Mark Hertling ជាអតីតមេបញ្ជាការយោធាជាន់ខ្ពស់ ដែលបានសរសើរលោក McCain ចំពោះការធ្វើទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស៊ូល ក្នុងអំឡុងសង្គ្រាមអ៊ីរ៉ាក់លើកដំបូង បាននិយាយថា ប្រតិកម្មរបស់ប្រធានាធិបតីទី៤៥ នេះ គឺ«រាក់កំផែល»។
លោកត្រាំ និងលោកម៉ាខេន តែងតែមានការមិនយល់ស្របគ្នា។ លោកម៉ាខេនតែងតែបានធ្វើការរិះគន់ចំពោះគោលនយោបាយកិច្ចការបរទេសរបស់លោកត្រាំ រីឯលោកត្រាំវិញតែងតែធ្វើការរិះគន់ចំពោះការបោះឆ្នោតជំទាស់របស់របស់លោក ម៉ាខេន ដើម្បីលុបចោលនូវច្បាប់ថែទាសុខភាព។
នៅឆ្នាំ ២០១៥ លោកត្រាំ បានធ្វើអត្ថាធិប្បាយមួយនៅក្នុងរដ្ឋឡូវ៉ាថា លោកម៉ាខេនគឺជាវីរបុរសខាងធ្វើសង្គ្រាម ដោយសារតែលោកត្រូវបានចាប់ខ្លួន និងធ្វើទារណ្ឌកម្មនៅក្នុងប្រទេសវៀតណាមស្ទើរតែអស់រយៈពេល ៦ឆ្នាំ។ លោកត្រាំនិយាយថា «លោកចូលចិត្តមនុស្សណាដែលមិនត្រូវបានគេចាប់ខ្លួនតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា លោក John McCain បានស្លាប់កាលពីថ្ងៃសៅរ៍ ក្នុងវ័យ ៨១ឆ្នាំ ដោយសារជំងឺមហារីកខួរក្បាល។ មរណភាពរបស់លោកនឹងត្រូវបានពលរដ្ឋចងចាំជាវីរបុរស និងទទួលបាននូវការសរសើរពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក អូបាម៉ា និង George W.Bush ផងដែ។ ដោយឡែក កាសែតញូយ៉កថាមស៍បានរាយការណ៍ថា លោកត្រាំបានបដិសេធក្នុងការចូលរួមពិធីបុណ្យសពរបស់លោកម៉ាខេន៕DNT-NEWS
Home ព្រឹត្តិការណ៍ថ្មីៗ លោកត្រាំ ច្រានចោលនូវគម្រោងរបស់សេតវិមាន ក្នុងការចេញសេចក្តីថ្លែងការណ៍សរសើរដល់លោកម៉ាខេន