មន្ត្រីការិយាល័យរបស់លោកម៉ាខេនបាននិយាយថា សាកសព្របស់លោកចនម៉ាខេន នឹងត្រូវបញ្ចុះនៅថ្ងៃអាទិត្យសប្តាហ៍នេះ នៅក្នុងទីក្រុងអាណាប៉ូលីស រដ្ឋម៉ារីលែន។
សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកម៉ាខេនបាននិយាយថា «នៅថ្ងៃអាទិត្យទី២ កញ្ញា ២០១៨នេះ សេវាចងចាំឯកជននឹងត្រូវធ្វើឡើងនៅកន្លែងបញ្ចុះសពកងទ័ពជើងទឹកអាមេរិក Chapel នៅក្នុងទីក្រុងអាណាប៉ូលី រដ្ឋម៉ារីលែន ដើម្បីផ្តល់កិត្តិយលដល់ព្រឹទ្ធសភា លោកចន ម៉ាខេន។ នៅក្នុងពិធីបញ្ចុះសពនោះ សពរបស់លោកចនម៉ាខេននឹងត្រូវបញ្ចុះនៅទបញ្ចុះសពកងទ័ពជើងទឹកអាមេរិក ដែលនឹងត្រូវដាក់នៅជាប់មិត្តរួមការងាររបស់លោក និងមិត្តជិតស្និតរបស់លោកដ៏យូរអង្វែង គឺលោកឧត្តមសេនីយ៍ Chuck Larson»។
សពរបស់លោកម៉ាខេននឹងត្រូវដាក់តម្កល់នៅវិមាននៃរដ្ឋអារីហ្សូណានៅថ្ងៃពុធ និងតម្កល់នៅវិមានសភាសហរដ្ឋអាមេរិកនៅថ្ងៃសុក្រ។ នេះបើតាមសម្តីរបស់មន្ត្រីរបស់លោក។
លោកចនម៉ាខេន ដែលជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមានវ័យ ៨១ឆ្នាំ បានទទួលមរភាពកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ អតីតឈ្លើយសឹកសង្គ្រាមនៅក្នុងប្រទេសវៀតណាមរូបនេះ ត្រូវបានរកឃើញមានជំងឺមហារីកខួក្បាលកាលពីឆ្នាំ ២០១៧។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមគ្រួសាររបស់លោកបានសម្រេចចិត្តលែងបន្តព្យាបាល។ លោកត្រូវបានបោះឆ្នោតជ្រើសរើសជាសភាជាន់ទាបនៅឆ្នាំ ១៩៨២។ ក្រោយបានបម្រើការអស់រយៈពេល ២អណត្តិ លោកម៉ាខេនត្រូវបានជ្រើសរើសធ្វើជាសមាជិកព្រឹទ្ធសភានៅឆ្នាំ ១៩៨៦។
មុននឹងក្លាយជាអ្នកនយោបាយពីសមាជិកសភា និងសមាជិកព្រឹទ្ធសភារហូតដល់ដង្ហើមជីវិតចុងក្រោយ លោកចន ម៉ាកខេនជាវីរជនសង្គ្រាមម្នាក់នៅក្នុងសង្គ្រាមវៀតណាម។ ក្រុមគ្រួសាររបស់លោកចន ម៉ាកខេនជាក្រុមគ្រួសារទាហានដែលជីតា និងឱពុករបស់លោកជាឧត្តមនាវីពាក់ផ្កាយ ៤ដូចគ្នា។ នៅក្នុងសង្គ្រាមវៀតណាម លោកចន ម៉ាកខេនជាអ្នកបើកយន្តចម្បាំង ហើយនៅថ្ងៃទី២៦ តុលា ឆ្នាំ ១៩៦៧ យន្តហោះរបស់លោកបានរងការបាញ់ទម្លាក់ពីកងទ័ពវៀតកុងលើផ្ទៃអាកាសទីក្រុងហាណូយ។
ពេលនោះ លោកចន ម៉ាកខេនបានលោតឆ័ត្រយោងចេញពីយន្តហោះ រួចក៏បានធ្លាក់ចូលទៅក្នុងបឹងមួយស្ថិតចំកណ្តាលទីក្រុងហាណូយ។ ជាមួយការបាក់ដៃទាំងពីរ រួមទាំងរបួសជង្គន់ស្តាំ លោកត្រូវបានពួកវៀតកុងចាប់ជាឈ្លើយសឹកអស់រយៈពេលជិត ៦ឆ្នាំ។ ក្នុងឆ្នាំ ១៩៧២ ពោលក្នុងពេលដែលលោកកំពុងជាប់ឃុំក្នុងទឹកដីវៀតណាម ឳពុករបស់លោកដែលជាមេបញ្ជាការប្រចាំតំបន់ប៉ាស៊ីហ្វិកក្នុងសម័យសង្គ្រាមវៀតណាម ក៏បានបញ្ជាឲ្យទម្លាក់គ្រាប់បែកលើទីក្រុងហាណូយ។ គេត្រូវរង់ចាំដល់មានកិច្ចព្រមព្រៀងក្រុងប៉ារីសទើបលោកចន ម៉ាកខេនត្រូវបានរដ្ឋអំណាចវៀតណាមដោះលែងក្នុងខែមីនា ឆ្នាំ ១៩៧៣។
នៅពេលត្រឡប់ចូលស្រុកវិញក្រោយពីទទួលបានសេរីភាព វីរជនសង្គ្រាមរូបនេះបានទទួលស្វាគមន៍ពីសណាក់ប្រធានាធិបតីជំនាន់នោះ គឺលោក Richard Nixon។ តែជាមួយនឹងស្នាមរបួសដោយទារុណកម្មក្នុងគុកនៅវៀតណាម រួមទាំងរបួសជង្គន់ស្តាំ និងដៃទាំងសងខាងផង អាជីពជាទាហាន ពិសេសអ្នកបើកយន្តហោះចម្បាំងរបស់លោកចន ម៉ាកខេនក៏បានចប់ត្រឹមនេះ ហើយលោកក៏បានគិតគូររកការងារថ្មីដោយជ្រើសយកអាជីពនយោបាយវិញ។
លោកចន ម៉ាកខេនបានចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ ១៩៨២ ដោយជាប់ឆ្នោតក្លាយជាតំណាងរាស្ត្រក្នុងរដ្ឋអារីហ្សូណាចំនួន ២អាណត្តិ រួចបានក្លាយជាសមាជិកព្រឹទ្ធសភាក្នុងឆ្នាំ ១៩៨៦ ហើយបានជាប់ឆ្នោតជាបន្តរហូតដល់ដង្ហើមចុងក្រោយ។ តែគេមិនភ្លេចនិយាយទេថា មហិច្ឆតានយោបាយរបស់លោកចន ម៉ាកខេន គឺសំដៅទៅសេតវិមាន។ លោកចន ម៉ាកខេនបានចូលខ្លួនប្រជែងនៅក្នុងការបោះឆ្នោតប្រធានាធិបតីចំនួន ២ដង។ តែលើកទី១ ក្នុងឆ្នាំ ២០០០ គឺជាការប្រជែងទល់នឹងលោក George W Bush នៅផ្ទៃក្នុងបក្សដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋ តែចាញ់លោក W Bush។
ទើបតែនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០០៨ ដែលលោកចន ម៉ាកខេនត្រូវបានគណបក្សសាធារណរដ្ឋជ្រើសជាបេក្ខជនចូលប្រកួតទល់នឹងលោកបារ៉ាក់ អូបាម៉ាមកពីគណបក្សប្រជាធិបតេយ្យ។ តែទីបំផុត ចាញ់លោកអូបាម៉ាយ៉ាងអាម៉ាស់ ព្រោះលោកម៉ាកខេនទទួលបានសម្លេងគាំទ្រតិចតួចបំផុត។ ទោះជាយ៉ាងនេះក្តី លោកម៉ាខេនមិនដែលបោះបង់ការតស៊ូនយោបាយរបស់លោកទេ។ គ្មានសំណាងក្លាយជាមេដឹកនាំប្រទេសមែន តែលោកម៉ាកខេនជាមនុស្សដែលប្រកាន់ឧត្តមគតិ ចូលចិត្តនិយាយអ្វីដែលលោកចង់និយាយ មិនញញើតនឹងផ្តល់មតិយោបល់ និងពិសេសទៅទៀត មិនខ្លាចធ្វើការរិះគន់ ទិតៀនមិនសំចៃមាត់ទៅលើគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋរបស់ខ្លួនឯងឡើយ។
នេះអាចជាហេតុផលមួយដែលមានការហៅលោកម៉ាកខេនថាជាឧទ្ទាម និងមានឥស្សរជន និងសកម្មជនខ្លះនៅក្នុងបក្សសាធារណរដ្ឋមិនបានគាំទ្រជំហរលោកចន ម៉ាកខេនទេ។ តែលោកម៉ាកខេនតែងនិយាយថា លោកមិនខ្វល់ឡើយ លោកនៅតែជាលោក ហើយថា ឧទ្ទាមដូចលោកជាឧទ្ទាមដែលមានបុព្វហេតុត្រឹមត្រូវ។ បុព្វហេតុត្រឹមត្រូវនោះ គឺការ ការពារលទ្ធិប្រជាធិបតេយ្យដែលជាតម្លៃសារវន្តរបស់អាមេរិក។DNT-NEWS
Home ព្រឹត្តិការណ៍ថ្មីៗ សាកសពលោកម៉ាខេន នឹងត្រូវបញ្ចុះនៅក្នុងទីក្រុង Annapolis នៃរដ្ឋម៉ារីលែន នៅថ្ងៃទី២ កញ្ញា