សាកសព​លោក​ម៉ា​ខេន នឹងត្រូវ​បញ្ចុះ​នៅក្នុង​ទីក្រុង Annapolis នៃ​រដ្ឋ​ម៉ា​រី​លែ​ន នៅ​ថ្ងៃទី​២ កញ្ញា​

ព្រឹត្តិការណ៍ថ្មីៗ
0
915
មន្ត្រី​ការិយាល័យ​របស់លោក​ម៉ា​ខេន​បាន​និយាយថា សាកស​ព្រ​បស់​លោក​ច​ន​ម៉ា​ខេន នឹងត្រូវ​បញ្ចុះ​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ នៅក្នុង​ទីក្រុង​អាណា​ប៉ូលីស រដ្ឋ​ម៉ា​រី​លែ​ន​។​ ​សេចក្តីថ្លែងការណ៍​ពី​ការិយាល័យ​របស់លោក​ម៉ា​ខេន​បាន​និយាយថា «​នៅ​ថ្ងៃអាទិត្យ​ទី​២ កញ្ញា ២០១៨​នេះ សេវា​ចងចាំ​ឯកជន​នឹងត្រូវ​ធ្វើឡើង​នៅ​កន្លែង​បញ្ចុះសព​កងទ័ពជើងទឹក​អាមេរិក Chapel នៅក្នុង​ទីក្រុង​អាណា​ប៉ូ​លី រដ្ឋ​ម៉ា​រី​លែ​ន ដើម្បី​ផ្តល់​កិត្តិ​យល​ដល់​ព្រឹទ្ធសភា លោក​ច​ន ម៉ា​ខេន​។ នៅក្នុង​ពិធី​បញ្ចុះសព​នោះ សព​របស់លោក​ច​ន​ម៉ា​ខេន​នឹងត្រូវ​បញ្ចុះ​នៅ​ទ​បញ្ចុះសព​កងទ័ពជើងទឹក​អាមេរិក ដែល​នឹង​ត្រូវដាក់​នៅជាប់​មិត្ត​រួម​ការងារ​របស់លោក និង​មិត្ត​ជិតស្និត​របស់លោក​ដ៏​យូរអង្វែង គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ Chuck Larson»​។​ សព​របស់លោក​ម៉ា​ខេន​នឹង​ត្រូវដាក់​តម្កល់​នៅ​វិមាន​នៃ​រដ្ឋ​អា​រី​ហ្សូ​ណា​នៅ​ថ្ងៃ​ពុធ និង​តម្កល់​នៅ​វិមាន​សភា​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​សុក្រ​។ នេះ​បើតាម​សម្តី​របស់​មន្ត្រី​របស់លោក​។​ ​លោក​ច​ន​ម៉ា​ខេន ដែលជា​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​មាន​វ័យ ៨១​ឆ្នាំ បានទទួល​មរ​ភាព​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ អតីត​ឈ្លើយសឹក​សង្គ្រាម​នៅក្នុង​ប្រទេស​វៀតណាម​រូបនេះ ត្រូវបាន​រកឃើញ​មាន​ជំងឺមហារីក​ខួ​ក្បាល​កាលពី​ឆ្នាំ ២០១៧​។ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រុមគ្រួសារ​របស់លោក​បានសម្រេច​ចិត្ត​លែង​បន្ត​ព្យាបាល​។ លោក​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​សភា​ជាន់​ទាប​នៅ​ឆ្នាំ ១៩៨២​។ ក្រោយ​បាន​បម្រើការ​អស់​រយៈពេល ២​អណ​ត្តិ លោក​ម៉ា​ខេន​ត្រូវបាន​ជ្រើសរើស​ធ្វើជា​សមាជិក​ព្រឹទ្ធសភា​នៅ​ឆ្នាំ ១៩៨៦​។​ ​មុននឹង​ក្លាយជា​អ្នកនយោបាយ​ពី​សមាជិកសភា និង​សមាជិក​ព្រឹទ្ធសភា​រហូតដល់​ដង្ហើម​ជីវិតចុងក្រោយ លោក​ច​ន ម៉ាក​ខេន​ជា​វីរជន​សង្គ្រាម​ម្នាក់​នៅក្នុង​សង្គ្រាម​វៀតណាម​។ ក្រុមគ្រួសារ​របស់លោក​ច​ន ម៉ាក​ខេន​ជា​ក្រុមគ្រួសារ​ទាហាន​ដែល​ជីតា និង​ឱ​ពុក​របស់លោក​ជា​ឧ​ត្ត​មនា​វី​ពាក់​ផ្កាយ ៤​ដូចគ្នា​។ នៅក្នុង​សង្គ្រាម​វៀតណាម លោក​ច​ន ម៉ាក​ខេន​ជា​អ្នកបើក​យន្ត​ចម្បាំង ហើយ​នៅ​ថ្ងៃទី​២៦ តុលា ឆ្នាំ ១៩៦៧ យន្តហោះ​របស់លោក​បាន​រង​ការបាញ់​ទម្លាក់​ពី​កងទ័ព​វៀត​កុង​លើ​ផ្ទៃ​អាកាស​ទីក្រុង​ហាណូយ​។​ ​ពេលនោះ លោក​ច​ន ម៉ាក​ខេន​បាន​លោតឆ័ត្រ​យោង​ចេញពី​យន្តហោះ រួច​ក៏បាន​ធ្លាក់ចូល​ទៅក្នុង​បឹង​មួយ​ស្ថិត​ចំ​កណ្តាល​ទីក្រុង​ហាណូយ​។ ជាមួយ​ការ​បាក់ដៃ​ទាំងពីរ រួមទាំង​របួស​ជ​ង្គ​ន់​ស្តាំ លោក​ត្រូវបាន​ពួកវៀ​ត​កុង​ចាប់​ជា​ឈ្លើយសឹក​អស់​រយៈពេល​ជិត ៦​ឆ្នាំ​។ ក្នុង​ឆ្នាំ ១៩៧២ ពោល​ក្នុងពេលដែល​លោក​កំពុង​ជាប់ឃុំ​ក្នុង​ទឹកដី​វៀតណាម ឳ​ពុក​របស់លោក​ដែលជា​មេបញ្ជាការ​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ក្នុងសម័យ​សង្គ្រាម​វៀតណាម ក៏បាន​បញ្ជា​ឲ្យ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​ហាណូយ​។ គេ​ត្រូវ​រង់ចាំ​ដល់​មាន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ទើប​លោក​ច​ន ម៉ាក​ខេន​ត្រូវបាន​រដ្ឋអំណាច​វៀតណាម​ដោះលែង​ក្នុង​ខែមីនា ឆ្នាំ ១៩៧៣​។​ ​នៅពេល​ត្រឡប់​ចូល​ស្រុក​វិញ​ក្រោយពី​ទទួលបាន​សេរីភាព វីរជន​សង្គ្រាម​រូបនេះ​បានទទួល​ស្វាគមន៍​ពីស​ណាក់​ប្រធានាធិបតី​ជំនាន់​នោះ គឺ​លោក Richard Nixon​។ តែ​ជាមួយនឹង​ស្នាមរបួស​ដោយ​ទារុណកម្ម​ក្នុង​គុក​នៅ​វៀតណាម រួមទាំង​របួស​ជ​ង្គ​ន់​ស្តាំ និង​ដៃ​ទាំងសងខាង​ផង អាជីព​ជា​ទាហាន ពិសេស​អ្នកបើក​យន្តហោះ​ចម្បាំង​របស់លោក​ច​ន ម៉ាក​ខេន​ក៏បាន​ចប់​ត្រឹមនេះ ហើយ​លោក​ក៏បាន​គិតគូរ​រក​ការងារ​ថ្មី​ដោយ​ជ្រើស​យក​អាជីព​នយោបាយ​វិញ​។​ ​លោក​ច​ន ម៉ាក​ខេន​បាន​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​ក្នុង​ឆ្នាំ ១៩៨២ ដោយ​ជាប់ឆ្នោត​ក្លាយជា​តំណាងរាស្ត្រ​ក្នុង​រដ្ឋ​អា​រី​ហ្សូ​ណា​ចំនួន ២​អាណត្តិ រួច​បាន​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ក្នុង​ឆ្នាំ ១៩៨៦ ហើយ​បាន​ជាប់ឆ្នោត​ជា​បន្ត​រហូតដល់​ដង្ហើម​ចុងក្រោយ​។ តែ​គេ​មិន​ភ្លេច​និយាយ​ទេ​ថា មហិច្ឆតា​នយោបាយ​រប​ស់លោក​ច​ន ម៉ាក​ខេន គឺ​សំដៅទៅ​សេត​វិមាន​។ លោក​ច​ន ម៉ាក​ខេន​បាន​ចូលខ្លួន​ប្រជែង​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ចំនួន ២​ដង​។ តែ​លើក​ទី​១ ក្នុង​ឆ្នាំ ២០០០ គឺជា​ការ​ប្រជែង​ទល់នឹង​លោក George W Bush នៅ​ផ្ទៃក្នុង​បក្ស​ដើម្បី​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ តែ​ចាញ់​លោក W Bush​។​ ​ទើបតែ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០០៨ ដែល​លោ​កច​ន ម៉ាក​ខេន​ត្រូវបាន​គណបក្ស​សាធារណរដ្ឋ​ជ្រើស​ជា​បេក្ខជន​ចូល​ប្រកួត​ទល់នឹង​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​។ តែ​ទីបំផុត ចាញ់​លោក​អូ​បា​ម៉ា​យ៉ាង​អាម៉ាស់ ព្រោះ​លោក​ម៉ាក​ខេន​ទទួលបាន​សម្លេងគាំទ្រ​តិចតួច​បំផុត​។ ទោះជា​យ៉ាងនេះ​ក្តី លោក​ម៉ា​ខេន​មិនដែល​បោះបង់​ការតស៊ូ​នយោបាយ​របស់លោក​ទេ​។ គ្មាន​សំណាង​ក្លាយជា​មេដឹកនាំ​ប្រទេស​មែន តែ​លោក​ម៉ាក​ខេន​ជា​មនុស្ស​ដែល​ប្រកាន់​ឧ​ត្ត​ម​គតិ ចូលចិត្ត​និយាយ​អ្វីដែល​លោក​ចង់​និយាយ មិន​ញញើត​នឹង​ផ្តល់​មតិយោបល់ និង​ពិសេស​ទៅទៀត មិន​ខ្លាច​ធ្វើការ​រិះគន់ ទិតៀន​មិន​សំចៃមាត់​ទៅលើ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​របស់ខ្លួន​ឯង​ឡើយ​។​ ​នេះ​អាចជា​ហេតុផល​មួយ​ដែលមាន​ការហៅ​លោក​ម៉ាក​ខេន​ថា​ជា​ឧទ្ទាម និង​មាន​ឥស្សរជន និង​សកម្មជន​ខ្លះ​នៅក្នុង​បក្ស​សាធារណរដ្ឋ​មិនបាន​គាំទ្រ​ជំហរ​លោក​ច​ន ម៉ាក​ខេន​ទេ​។ តែ​លោក​ម៉ាក​ខេន​តែង​និយាយថា លោក​មិន​ខ្វល់​ឡើយ លោក​នៅតែ​ជា​លោក ហើយ​ថា ឧទ្ទាម​ដូច​លោក​ជា​ឧទ្ទាម​ដែលមាន​បុព្វហេតុ​ត្រឹមត្រូវ​។ បុព្វហេតុ​ត្រឹមត្រូវ​នោះ គឺ​ការ ការពារ​លទ្ធិប្រជាធិបតេយ្យ​ដែលជា​តម្លៃ​សារវន្ត​របស់​អាមេរិក​។​DNT-NEWS