ក្រុមអាជ្ញាធរ និងប្រភពព័ត៌មានពីមន្ត្រីសុខាភិបាល បានឲ្យដឹងថា អតីតប្រធានាធិបតីអេហ្ស៊ីប លោកមហាម៉ាដ មូស៊ី ដែលត្រូវបានទម្លាក់ចេញពីតំណែងដោយយោធាកាលពីឆ្នាំ២០១៣ ក្រោយឡើងកាន់អំណាចបាន១ឆ្នាំនោះ បានដួលសន្លប់នៅអំឡុងពេលបើកសវនាការ ហើយនិងបានបាត់បង់ជីវិតទៅហើយ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងទីក្រុងគែ។
លោកមូស៊ី ដែលជាឥស្សរជនកំពូលនៅក្នុងចលនាអ៊ីស្លាម Muslim Brotherhood បច្ចុប្បន្នត្រូវបានហាមប្រាម ទើបតែបាននិយាយនៅក្នុងបន្ទប់តុលាការនៅក្នុងសវនាការពាក់ព័ន្ធនឹងបទឧក្រិដ្ឋចារកិច្ច។ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា មូលហេតុដែលធ្វើឲ្យលោកស្លាប់ គឺបណ្តាលមកពីជំងឺគាំងបេះដូង។
លោកមូស៊ី អាយុ៦៧ឆ្នាំ បានជាប់ការឃុំឃាំងចាប់តាំងពីការដកអំណាចរបស់លោកមកម្ល៉េះ ក្រោយមហាបាតុកម្មប្រឆាំងនឹងរូបលោក។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមចលនាអ៊ីស្លាម Muslim Brotherhood បាននិយាយថា ការស្លាប់នេះ គឺជា “ឃាតកម្មយ៉ាងពិតប្រាកដ”។
ក្រុមសកម្មជន និងក្រុមគ្រួសាររបស់លោក បាននិយាយជាយូរមកហើយថា លោកមូស៊ី មិនទទួលបានការព្យាបាលណាមួយឡើយសម្រាប់បញ្ហាសុខភាពដ៏ធ្ងន់ធ្ងររបស់លោក ដូចជាសំពាធឈាមឡើងខ្ពស់ និងជំងឺទឹកនោមផ្អែម ហើយត្រូវបានគេបង្ខាំងឲ្យនៅដាច់ពីគេឯងថែមទៀតផង។
ការស្លាប់របស់លោកនេះ នឹងបង្កើនសំពាធអន្តរជាតិមកលើរដ្ឋាភិបាលអេហ្ស៊ីប មកលើប្រវត្តិសិទិ្ធមនុស្ស ជាពិសេសគឺស្ថានភាពពន្ធនាគារ ជាកន្លែងដែលក្រុមអ៊ីស្លាម និងក្រុមសកម្មជនមិនកាន់សាសនារាប់ម៉ឺននាក់ ត្រូវបានជាប់ឃុំឃាំងនៅទីនោះ។
រដ្ឋអាជ្ញាសាធារណៈ បាននិយាយថា លោកមួស៊ី បានដួលសន្លប់នៅក្នុងបន្ទប់តុលាការ ភ្លាមៗក្រោយពេលឆ្លើយប្រាប់តុលាការ ហើយត្រូវបានគេប្រកាសថាបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យកាលពីវេលាម៉ោង៤ និង៥០នាទីល្ងាច ម៉ោងក្នុងស្រុក។ ការពិនិត្យបឋម មិនបានបង្ហាញពីសញ្ញាណាមួយនៃការរងរបួសកាលពីពេលថ្មីៗនេះ លើរាងកាយរបស់លោកនោះទេ។
ដោយឡែក កូនប្រុសរបស់លោកមូស៊ី លោកអាប់ឌូឡា មហាម៉ាដ មូស៊ី បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គ្រួសាររបស់លោក ត្រូវបានគេទាក់ទងពីរឿងរ៉ាវលំអិតនៃការរៀបចំពិធីបញ្ចុះសពរបស់គាត់នោះឡើយ ពោលគឺទាក់ទងតាមរយៈក្រុមមេធាវីរបស់ពួកគេតែប៉ុណ្ណោះ។ លោកបន្តថា ក្រុមអាជ្ញាធរ បានបដិសេធន៍មិនអនុញ្ញាតឲ្យសពលោកមូស៊ី បញ្ចុះនៅទីបញ្ចុះសពគ្រួសារ ដែលស្ថិតនៅក្នុងខេត្តកំណើត សាគីយ៉ា ស្ថិតនៅតំបន់វាលទំនាបតាមដងទន្លេនីល នោះទេ។
លោក អាប់ឌូឡា បាននិយាយថា យើងអត់បានដឹងអ្វីទាល់តែសោះពីគាត់ ហើយក៏គ្មាននរណាម្នាក់ទាក់ទងមកយើងនោះដែរ ហើយយើងក៏មិនដឹងថាត្រូវទៅគោរពវិញ្ញាក្ខន្ធគាត់បានវិធីណានោះដែរ។
ខណៈពេលនោះដែរ ក្រុមលើកលែងទោសអន្តរជាតិ បានអំពាវនាវឲ្យមានការស៊ើបអង្កើតយ៉ាងស៊ីជម្រៅ និងប្រកបដោយតម្លាភាពមួយលើការស្លាប់របស់លោកមូស៊ី ផងដែរ៕
Home ព្រឹត្តិការណ៍ថ្មីៗ អតីតប្រធានាធិបតីអេហ្ស៊ីបលោក មាហាម៉ាដ មូស៊ី បាត់បង់អាយុជីវិតពេលបើកសវនាការលើករណីចោទប្រកាន់បទចារកិច្ចរបស់លោក