អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​បលោក មា​ហា​ម៉ា​ដ មូ​ស៊ី បាត់បង់​អាយុជីវិត​ពេល​បើកសវនាការ​លើករ​ណី​ចោទប្រកាន់​បទ​ចារកិច្ច​របស់លោក​

ព្រឹត្តិការណ៍ថ្មីៗ
0
300
​ក្រុម​អាជ្ញាធរ និង​ប្រភពព័ត៌មាន​ពី​មន្ត្រី​សុខាភិបាល បាន​ឲ្យ​ដឹងថា អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក​មហា​ម៉ា​ដ មូ​ស៊ី ដែល​ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​ដោយ​យោធា​កាលពី​ឆ្នាំ​២០១៣ ក្រោយ​ឡើងកាន់​អំណាច​បាន​១​ឆ្នាំ​នោះ បាន​ដួលសន្លប់​នៅ​អំឡុងពេល​បើកសវនាកា​រ ហើយ​និង​បាន​បាត់បង់​ជីវិត​ទៅហើយ ក្រោយពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ នៅក្នុង​ទីក្រុង​គែ​។​ ​លោ​កមូ​ស៊ី ដែលជា​ឥស្សរជន​កំពូល​នៅក្នុង​ចលនា​អ៊ីស្លាម Muslim Brotherhood បច្ចុប្បន្ន​ត្រូវបាន​ហាមប្រាម ទើបតែ​បាន​និយាយ​នៅក្នុង​បន្ទប់​តុលាការ​នៅក្នុង​សវនាការ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ចារកិច្ច​។ ទូរទស្សន៍​រដ្ឋ​បាន​រាយការណ៍​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​ស្លាប់ គឺ​បណ្តាលមកពី​ជំងឺ​គាំងបេះដូង​។​ ​លោ​កមូ​ស៊ី អាយុ​៦៧​ឆ្នាំ បាន​ជាប់​ការឃុំ​ឃាំង​ចាប់តាំងពី​ការដក​អំណាច​របស់លោក​មកម្ល៉េះ ក្រោយ​មហា​បាតុកម្ម​ប្រឆាំងនឹង​រូបលោក​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​ចលនា​អ៊ីស្លាម Muslim Brotherhood បាន​និយាយថា ការស្លាប់​នេះ គឺជា “​ឃាតកម្ម​យ៉ាងពិត​ប្រាកដ​”​។​   ​ក្រុម​សកម្មជន និង​ក្រុមគ្រួសារ​របស់លោក បាន​និយាយ​ជា​យូរ​មកហើយ​ថា លោ​កមូ​ស៊ី មិន​ទទួលបាន​ការព្យាបាល​ណាមួយ​ឡើយ​សម្រាប់​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​របស់លោក ដូចជា​សំពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម ហើយ​ត្រូវបាន​គេ​បង្ខាំង​ឲ្យ​នៅ​ដាច់​ពី​គេឯង​ថែម​ទៀតផង​។​ ​ការស្លាប់​របស់លោក​នេះ នឹង​បង្កើន​សំពាធ​អន្តរជាតិ​មកលើ​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប មកលើ​ប្រវត្តិ​សិ​ទិ្ធ​មនុស្ស ជាពិសេស​គឺ​ស្ថានភាព​ពន្ធនាគារ ជា​កន្លែង​ដែល​ក្រុម​អ៊ីស្លាម និង​ក្រុម​សកម្មជន​មិន​កាន់សាសនា​រាប់ម៉ឺន​នាក់ ត្រូវបាន​ជាប់ឃុំ​ឃាំង​នៅ​ទីនោះ​។​ ​រដ្ឋអាជ្ញា​សាធារណៈ បាន​និយាយថា លោក​មួ​ស៊ី បាន​ដួលសន្លប់​នៅក្នុង​បន្ទប់​តុលាការ ភ្លាមៗ​ក្រោយពេល​ឆ្លើយ​ប្រាប់​តុលាការ ហើយ​ត្រូវបាន​គេ​ប្រកាសថា​បាត់បង់​ជីវិត​នៅក្នុង​មន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង​៤ និង​៥០​នាទី​ល្ងាច ម៉ោង​ក្នុងស្រុក​។ ការពិនិត្យ​បឋម មិនបាន​បង្ហាញ​ពីស​ញ្ញា​ណាមួយ​នៃ​ការរង​របួស​កាលពីពេល​ថ្មីៗ​នេះ លើ​រាងកាយ​របស់លោក​នោះទេ​។​ ​ដោយឡែក កូនប្រុស​របស់លោក​មូ​ស៊ី លោក​អាប់​ឌូ​ឡា មហា​ម៉ា​ដ មូ​ស៊ី បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា គ្រួសារ​របស់លោក ត្រូវបាន​គេ​ទាក់ទង​ពី​រឿងរ៉ាវ​លំអិត​នៃ​ការរៀបចំ​ពិធី​បញ្ចុះសព​របស់គាត់​នោះឡើយ ពោលគឺ​ទាក់ទង​តាមរយៈ​ក្រុម​មេធាវី​របស់​ពួកគេ​តែប៉ុណ្ណោះ​។ លោក​បន្តថា ក្រុម​អាជ្ញាធរ បាន​បដិសេធន៍​មិន​អនុញ្ញាត​ឲ្យ​សព​លោ​កមូ​ស៊ី បញ្ចុះ​នៅ​ទី​បញ្ចុះសព​គ្រួសារ ដែល​ស្ថិតនៅក្នុង​ខេត្ត​កំណើត សា​គី​យ៉ា ស្ថិតនៅ​តំបន់​វាលទំនាប​តាម​ដង​ទន្លេ​នី​ល នោះទេ​។​ ​លោក អាប់​ឌូ​ឡា បាន​និយាយថា យើង​អត់​បានដឹង​អ្វី​ទាល់តែសោះ​ពី​គាត់ ហើយក៏​គ្មាន​នរណាម្នាក់​ទាក់ទង​មក​យើង​នោះដែរ ហើយ​យើង​ក៏​មិនដឹងថា​ត្រូវ​ទៅ​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​គាត់​បាន​វិធី​ណា​នោះដែរ​។​ ​ខណៈពេល​នោះដែរ ក្រុម​លើកលែងទោស​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើប​អ​ង្កើ​ត​យ៉ាង​ស៊ីជម្រៅ និង​ប្រកបដោយ​តម្លាភាព​មួយ​លើ​ការស្លាប់​របស់លោក​មូ​ស៊ី ផងដែរ​៕​