កូរ៉េខាងជើង​បន្ត​រំលោភ​លើ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ ដោយ​បន្ត​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​បន្តទៀត​

ព្រឹត្តិការណ៍ថ្មីៗ
0
315
​សារព័ត៌មាន​ស្ពុ​ត​និក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៤ សីហា​នេះ​ថា កូរ៉េខាងជើង​នៅតែ​មិនបាន​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅឡើយ​ទេ ដោយបាន​បន្ត​រំលោភ​លើ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ ដែល​បាន​ដកស្រង់​នូវ​របាយការណ៍​ពី​អង្គការសហប្រជាជាតិ​។​ ​របាយការណ៍​រយៈពេល ៦​ខែ ដែល​ធ្វើឡើង​ដោយ​អ្នកជំនាញ​ឯករាជ្យ​ឃ្លាំមើល​លើ​ការអនុវត្ត​នៃ​ការដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង ត្រូវបាន​ដាក់ជូន​ទៅកាន់​គណ​កម្ម​ធិ​ការ​ក្រុមប្រឹក្សា​សន្តិសុខសម្រាប់​ការដាក់ទណ្ឌកម្ម ទៅលើ​កូរ៉េខាងជើង កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើតាម​របាយការណ៍​ពី​សារព័ត៌មាន​រ៉​យ​ទ័​រ​។​ ​កាលពី​ព្រឹក​ថ្ងៃនេះ បេសកកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បានដាក់​សំណើ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ដាក់ទណ្ឌកម្ម​ថ្មី ប្រឆាំង​ទៅនឹង​កូរ៉េខាងជើង​។​ ​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សិង្ហ​បុរី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី​បាន​សង្កត់ធ្ងន់​លើ​សេចក្តីត្រូវការ ក្នុងការ​អនុវត្ត​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ទៅលើ​កូរ៉េខាងជើង​។​ ​សេចក្តីថ្លែងការណ៍​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក Pompeo បាន​សង្កត់ធ្ងន់​ទៅលើ​ការប្តេជ្ញាចិត្ត​រួមគ្នា ចំពោះ​ការបញ្ចប់​នុយក្លេអ៊ែរ ដែល​ត្រូវបាន​ផ្ទៀងផ្ទាត់​ពេញលេញ​របស់​កូរ៉េខាងជើង ... ក៏ដូចជា​សារៈសំខាន់​នៃ​ការអនុវត្ត​ជា​បន្តទៀត​នូវ​រាល់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ពាក់ព័ន្ធ​ទាំងអស់​។​ ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​លើកឡើង​ពី​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ ដែល​បានទទួល​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​អាមេរិក​ថា ទីភ្នាក់ងារ​បាន​មើលឃើញ​ពី​សញ្ញា​មួយ​ដែលថា ទីក្រុង​ព្យុងយ៉ាង​កំពុងតែ​អភិវឌ្ឍន៍​មី​ស៊ី​ល​អន្តរទ្វីប​ប្រភេទ​ថ្មី​បន្ថែម​ទៀតហើយ ដែល​ប្រភេទ​មី​ស៊ី​ល​ស៊េរី​ថ្មី​នេះ អាចមាន​សមត្ថភាព​បា​ញ់​ដល់​ដីគោក​អាមេរិក​បាន​៕DNT-NEWS ​