ផ្ទុះ​បាតុកម្ម​ជាប់ៗ​គ្នា​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ជុំវិញ​ការដាក់ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
352
​យោងតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន The Independent នៅ​ថ្ងៃទី​៤ សីហា​នេះ​បាន​ឲ្យ​ដឹងថា មនុស្ស​រាប់ពាន់នាក់​បាន​ប្រា​មូល​ផ្តុំគ្នា យ៉ាង​សម្បើម​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​ទៅនឹង​ភាព​គ្មាន​ការងារ​ធ្វើ​ដែល​កំពុងតែ​មានការ​កើនឡើង និង​ការធ្លាក់ចុះ​នូវ​រូបិយ​បណ្ណ​ប្រាក់រៀល​យ៉ាងគំហុក ខណៈដែល​ប្រទេស​នេះ​ត្រៀមខ្លួន​សម្រាប់​ការដាក់ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​នៅ​សប្តាហ៍​ក្រោយ​។​ ​ក្រុមប៉ូលិស​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ ទៅលើ​ក្រុមបាតុករ ដើម្បី​ធ្វើការ​បំបែក​ពួកគេ ដែល​បាន​រីកដុះដាល​កាន់តែខ្លាំង នៅក្នុង​ទីក្រុង​ចំនួន ១០​។​ ​ប្រាក់រៀល​របស់​អ៊ីរ៉ង់​បាន​ធ្លាក់​ថ្លៃ​ស្ទើរតែ​ពីរភាគបី​នៃ​តម្លៃ​របស់ខ្លួន នៅត្រឹមតែ​រយៈពេល ៦​ខែ​មុន​ប៉ុណ្ណោះ​។ មនុស្ស​ជាច្រើន​មានការ​ភ័យខ្លាច​ថា ប្រាក់រៀល​នេះ នឹង​បន្ត​ធ្លាក់​ថ្លៃ​បន្តទៀត បន្ទាប់ពី​ទណ្ឌកម្ម​អាមេរិក​នឹងត្រូវ​ធ្វើឡើង​បន្តទៀត នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ដែល​ការធ្លាក់​តម្លៃ​រូបិយ​បណ្ណ​នេះ នឹងធ្វើ​ឲ្យ​មានការ​តវ៉ា​កាន់តែខ្លាំង​។​ ​នៅក្នុង​វីដេអូ​មួយ​ដែល​បានបង្ហាញ​ជា​សាធារណៈ​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត បានបង្ហាញ​ពី​មនុស្សម្នា​ជាច្រើន ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ទីក្រុង Isfahan ដែលជា​ទីក្រុង​ធំ​ទី​បី​របស់​អ៊ីរ៉ង់ ដោយ​ក្រុមអ្នកតវ៉ា​បាន​ដុត​កង់ឡាន រួមទាំង​ដុត​ឡាន​ប៉ូលីស​ផងដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​បាន​រាយការណ៍​ថា ក្រុមបាតុករ​បាន​ប្រមូល​ផ្តុំគ្នា​កាន់តែច្រើន នៅ​ភាគខាងត្បូង​ទីក្រុង Shiraz និង​ទីក្រុង Ahvaz រហូត​ទៅដល់​ភាគ​ខាងជើង​នៃ​ទីក្រុង Mashhad និង​ទីក្រុង Sari និង Karaj ដែល​ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ង់​។ ក្បួន​បាតុកម្ម​នេះ​បាន​រីក​កាន់តែ​ធំ និង​បាន​បន្តទៅ​ដល់ទី​ក្រុង Arak និង​ទីក្រុង Shahin-Shahr​។​ ​បាតុកម្ម​នៅ​សប្តាហ៍​នេះ គឺជា​បាតុកម្ម​ដែល​ស្ថិតនៅ​ក្នុងចំណោម​បាតុកម្ម​ធំៗ​លើក​មុន ដែល​បានធ្វើការ​វាយប្រហារ​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ចាប់តាំងពី​រលក​នៃ​ការតវ៉ា​ដ៏​ធំ​មួយ ដែល​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​ចំនួន ៨០ នៅ​ទូទាំងប្រទេស​នេះ កាលពី​ខែធ្នូ និង​ខែមករា​។ បាតុកម្ម​ដែល​បាន​ផ្ទុះឡើង​កាលនោះ មនុស្ស ២៥​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​។​ ​ការតវ៉ា​និង​ការធ្វើ​កូដកម្ម​ត្រូវបាន​បញ្ឆេះ​ឡើងវិញ​នៅក្នុង​ខែមិថុនា នៅពេលដែល​ប្រាក់រៀល​របស់​អ៊ីរ៉ង់​បាន​ធ្លាក់​ថ្លៃ​កាន់តែខ្លាំង ក្រោយ​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ត្រាំ កាលពី​ខែ​នោះ​។ កាលនោះ​លោក​ត្រាំ​បាន​អំពាវនាវ​ឲ្យ​រដ្ឋបាល​របស់លោក​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត ទៅលើ​ប្រទេស​អ៊ីរ៉ង់​។ លើស​នេះ​ទៅទៀត នៅត្រឹម​ថ្ងៃទី​៤ វិច្ឆិកា​ខាងមុខនេះ អ៊ីរ៉ង់​នឹងត្រូវ​កាត់ផ្តាច់​ពាណិជ្ជក​ម្ម​ទាំងស្រុង​ពី​សំណាក់​អាមេរិក​។ អាមេរិក​ហាម​ប្រទេស​ទាំងឡាយ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​។ បើ​ប្រទេស​ណាមួយ​ហ៊ាន​ល្មើ​សនឹង​បម្រាម នឹងរង​ទណ្ឌកម្ម​ពី​សំណាក់​អាមេរិក​។​ ​យោងតាម​ការវិភាគ​ទិន្នន័យ​របស់​ក្រុមហ៊ុន Facts Global បាន​ឲ្យ​ដឹងថា ការលក់​ប្រេង​របស់​អ៊ីរ៉ង់​អាច​ធ្លាក់ចុះ ២,៤​លាន​បារ៉ែល ក្នុង​មួយថ្ងៃ​នៅ​ចុង​ឆ្នាំនេះ​។ យ៉ាងនេះ​ក្តី ចិន​បានធ្វើ​ការប្តេជ្ញា​ថា នឹង​នៅតែ​បន្តធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​ដដែល បើទោះបីជា​មានការ​ព្រមាន​ពី​សំណាក់​អាមេរិក​ក៏ដោយ​៕DNT-NEWS ​