យាន្ត​អវកាស​អង្គការ NASA ល្បឿន​ជាង​៦៩​ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​បាញ់​ទៅរក​តំបន់​ក្បែរ​ព្រះអាទិត្យ​ហើយ !

បច្ចេកវិទ្យា
0
380
​កាលពី​ថ្ងៃអាទិត្យ អង្គការ​ណា​សាបាន​បាញ់​បង្ហោះ​យានអវកាស​មួយ តម្លៃ ១,៥​ពាន់​លាន​ដុល្លារ ទៅកាន់​ព្រះអាទិត្យ នៅក្នុង​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​មួយ ក្នុងការ​ការពារ​ភពផែនដី​តាមរយៈ​ការ​លាតត្រដាង​នូវ​អាថ៌កំបាំង​នៃ​ព្យុះ​សូ​ឡា​ដ៏​គ្រោះថ្នាក់​។​ ​អ្នក​អត្ថាធិប្បាយ​ម្នាក់​ប្រចាំ​នៅ​អង្គការ​ណា​សាបាន​និយាយថា យានអវកាស Parker Solar Probe ត្រូវបាន​ចាប់ផ្តើម​ហោះ​ឡើង​នៅវេលា​ម៉ោង ៣:៣១​នាទី​ទាបភ្លឺ​ថ្ងៃអាទិត្យ នៅក្នុង​រដ្ឋ​ហ្វ្ល​រី​ដា​។ យានអវកាស​គ្មាន​មនុស្ស​បើក​នេះ​មាន​គោលបំណង​ដើម្បី​ខិតចូល​កាន់តែ​កៀក​ទៅនឹង​ព្រះអាទិត្យ​ជា​ប្រវត្តិសាស្ត្រ ដែល​មិនទាន់មាន​យានអវកាស​ណាមួយ​អាច​ធ្វើបាន​ដូច្នេះ​នោះទេ នៅក្នុង​ប្រព័ន្ធ​សូ​ឡា​យើង​នេះ​។​ ​យានអវកាស​នេះ ត្រូវបាន​រចនា​ឡើង ដើម្បី​អាច​ចូល​ទៅដល់​បរិយាកាសរ​បស់​ព្រះអាទិត្យ​បាន ក្នុងកំឡុងពេល​បេសកកម្ម​រយៈពេល ៧​ឆ្នាំ ដែល​បរិយាកាស​នេះ ត្រូវបាន​គេ​ស្គាល​ថា​ជា​បណ្តុំ​ពន្លឺ​។ យាន​នេះ​ត្រូវបាន​ការពារ​ដោយ​ប្រព័ន្ធ​ការពារ​ពន្លឺ ដែល​អាច​អត់ធន់​ទៅនឹង​កំដៅ​កម្រិត​ខ្ពស់ និង​កម្រិត​វិទ្យុសកម្ម ៥០០​ដង​នៃ​កម្រិត​នៅក្នុង​ភពផែនដី​។​ ​បេសកកម្ម​នេះ​ត្រូវបាន​គេ​ហៅថា ជា​បេសកកម្ម​ដែល​ធ្វើដំណើរ​ទៅកាន់​តែ​កៀក​ព្រះអាទិត្យ ដើម្បី​ធ្វើការ​សិក្សា​អំពី​វា​។ តាមពិតទៅ វា​គួរតែ​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ ៦,១៦​លាន​គីឡូម៉ែត្រ​ពី​ផ្ទៃ​ព្រះអាទិត្យ ស្ថិតនៅ​កៀក​គ្រប់គ្រាន់​អាចធ្វើ​ការសិក្សា​ពី​បាតុភូត​នៃ​ខ្យល់​សូ​ឡា និង​បរិយាកាស​របស់​ព្រះអាទិត្យ ដែល​ហៅថា បណ្តុំ​ពន្លឺ​ជុំវិញ​ព្រះអាទិត្យ ដែល​បណ្តុំ​ពន្លឺ​នេះ​ក្តៅ​ជាង​ផ្ទៃ​របស់​វា​ដល់​ទៅ ៣០០​ដង​ឯណោះ​។​ ​យាន​ដែលមាន​ទំហំ​ប៉ុណ​រថយន្ត​នេះ ត្រូវបាន​រចនា​ឡើង​ដើម្បី​ធ្វើ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​អាច​យល់បាន​កាន់តែ​ប្រសើរ​អំពី​ខ្យល់​សូ​ឡា និង​ព្យុះ​សូ​ឡា ដែល​បង្ក​ហានិភ័យ​ភាពវឹកវរ​មកលើ​ភពផែនដី តាមរយៈ​ការផ្តល់​ចរន្ត​ភ្លើង​។​ ​ប​ន្ទុះ​សូ​ឡា​ទាំងនេះ​ត្រូវបាន​គេ​យល់​តិចតួច ប៉ុន្តែ​វា​មាន​សក្តានុពល​ក្នុងការ​ជម្រុញ​ថាមពល​ដល់​មនុ​ស្សរាប់​លាន​នាក់​។ ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា សេណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត​មួយ​អាច​រហូតដល់ ២​កោដ​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​ដំបូង ដើម្បី​រួចផុត​ពី​ព្យុះ​សូ​ឡា​នេះ​។​ ​លោក Justin Kasper អ្នកវិទ្យាសាស្ត្រ ប្រចាំ​នៅក្នុង​គម្រោង​នេះ និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​មី​ឈី​ហ្គេ​ន​បាន​និយាយថា «​យានអវកាស Parker Solar Probe នឹង​ជួយ​យើង​ឱ្យ​ធ្វើការ​បានល្អ​ប្រសើរ​ជាង​មុន ក្នុងការ​ទស្សន៍ទាយ​នៅពេល​ការរំខាន​នៅក្នុង​ខ្យល់​សូ​ឡា ដែល​អាច​វាយប្រហារ​ម​កលើ​ភពផែនដី​»​។ យាន​នេះ ត្រូវបាន​ការពារ​ដោយ​ខែល​ការពារ​កម្តៅ​ថាមពល​អាល់​ត្រាំ ដែលមាន​កម្រាស់ ១១,៤៣​សង់ទីម៉ែត្រ ដែល​អាចជួយ​ដល់​យានអវកាស​អាច​ស្ថិត​នៅបាន​កាន់តែ​កៀក​ទៅនឹង​ព្រះអាទិត្យ​។​ ​ទោះបីជា​នៅក្នុង​តំបន់​មួយ សីត​ណ្ហ​ភាព​អាច​ឡើង​ទៅដល់​ជាង​កន្លះ​លាន​អង្សា​សេ​ក៏ដោយ ក៏​ពន្លឺព្រះអាទិត្យ​ត្រូវបាន​គេ​រំពឹងថា អាច​បញ្ចេញ​កម្តៅ​ទៅលើ​ខែល​ការពារ​យាន​នេះ​ត្រឹមតែ​ជាង ១​ពាន់​អង្សា​សេ​តែប៉ុណ្ណោះ​។​ ​ប្រសិនបើ​អ្វីៗ​ទាំងអស់​ដំណើរការ​តាម​ការគ្រោងទុក​មែន ផ្នែក​ខាងក្នុង​យានអវកាស​នេះ​មាន​សីត​ណ្ហ​ភាព​ត្រឹមតែ ២៩​អង្សា​សេ​តែប៉ុណ្ណោះ​។ គោលបំណង​នៃ​ការ​បង្ហោះ​យានអវកាស Parker Solar Probe នេះ​ឡើង គឺ​ដើម្បី​ធ្វើដំណើរ​ឆ្លងកាត់​តាម​បណ្តុំ​ពន្លឺ​ជុំវិញ​ព្រះអាទិត្យ ក្នុងកំឡុងពេល ៧​ឆ្នាំ​។ លោក Nicky Fox អ្នកវិទ្យាសាស្ត្រ​ប្រចាំ​នៅក្នុង​គម្រោង​នេះ និង​ជា​សាស្ត្រ​ចា​រ្យ​ប្រចាំ​នៅ​សកល​វិទ្យាល័យ John Hopkins បាន​និយាយថា ព្រះអាទិត្យ​គឺ​ពោរពេញ​ទៅដោយ​អាថ​ឥ​កំបាំង​។ យើង​ចង់បាន​ចម្លើយ​អំពី​វា​»​។ ​យានអវកាស​នេះ​គឺជា យាន​តែមួយ​របស់​អង្គការ​ណា​សា​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ​តាម​មនុស្ស ជា​រូប​វិទូ​ព្រះអាទិត្យ​មាន​អាយុ ៩១​ឆ្នាំ ឈ្មោះ Eugene Parker ដែល​បានធ្វើការ​ពិពណ៌នា​អំពី​ខ្យល់​សូ​ឡា ឬ​ខ្យល់​ព្រះអាទិត្យ​មុនគេ នៅក្នុង​ឆ្នាំ ១៩៥៨​។​ ​លោក Parker បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា «​លោក​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅនឹង​យាន Parker Solar Probe ដែល​លោក​បាន​ហៅ​វា​ថា​គឺជា​ម៉ាស៊ីន​ដ៏​មាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ​»​។ យាន​នេះ​អាច​ហោះ​ពី​ទីក្រុង​ញូ​យកទៅ​កាន់​ទីក្រុង​តូ​ក្យូ​ត្រឹមតែ​១​នាទី​តែប៉ុណ្ណោះ ត្បិត​អី​វា​អាច​ហោះ​បាន​ក្នុង​ល្បឿន​ជាង ៦៩​ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕DNT-NEWS