HONDA ដែល​ទើបនឹង​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បញ្ជាក់ថា​គោលដៅ​របស់លោក​មិនមែន​ដើម្បី​តែ​បាល់ទាត់​ប៉ុណ្ណោះ​ទេ

ព្រឹត្តិការណ៍ថ្មីៗ
0
327
​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ លោក Keisuke HONDA ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ហើយ​មិន​យកប្រាក់​ខែ ។ នេះ​បើតាម​ការបង្ហាញ និង​ប្រកាស​តែងតាំង​ផ្លូវការ ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​ធ្វើឡើង​ក្រោម​វត្តមាន​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ ។​ ​លោក​សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​ការរីករាយ​យ៉ាងខ្លាំង​ចំពោះ​វត្តមាន​កីឡាករ​Keisuke HONDA ដែល​បាន​សុខចិត្ត​មក​បង្ហា​ត់ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដោយ​មិន​យកប្រាក់​កម្រៃ​បែបនេះ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី លោក​សៅ សុខា ក៏​អះអាង​ដែរ​ថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នឹង​ធានារ៉ាប់រង​រាល់​ការចំណាយ​លើ​ការធ្វើដំណើរ ស្នាក់នៅ និង​ការធ្វើ​កិច្ចការ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​គ្រូបង្វឹក​ថ្មី​សញ្ជាតិ​ជប៉ុន​រូបនេះ​។ សម្រាប់​លោក​សៅ សុខា វត្តមាន​របស់ Keisuke HONDA​នៅពេលនេះ វា​នឹង​ចូលរួមចំណែក​គាំទ្រ និង​ជួយ​ក្នុងការ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​សំរាប់ លោក Honda វិញ​តាមរយៈ​អ្នកបកប្រែ​បានលើកឡើង​ថា​៖ អ្វី​ដែលជា​គោលបំណង​របស់ខ្ញុំ គឺ​ចង់​បង្កើត Style លេង​ឲ្យ​បានច្បាស់លាស់​ដល់​កម្ពុជា​។ ខ្ញុំ​ទទួលស្គាល់ថា សូម្បី​នៅ​ជប៉ុន​ក៏មាន​លំបាក​នៅឡើយ​ដែរ តែ​យើង​ត្រូវធ្វើ​ឲ្យ​មាន​គោលបំណង​តែមួយ​។ បេសកកម្ម​ទី​២ គឺ គោលដៅ​មិនមែន​ដើម្បី​តែ​បាល់ទាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ចង់​ផ្សព្វផ្សាយ​អ្វី​ល្អៗ​របស់​កម្ពុជា​ដែរ​។ ខ្ញុំ​ចង់​ផ្សព្វផ្សាយ​អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍ អ្វីៗ​ល្អ​ច្រើន ដូចជា​វប្បធម៌ បេតិកភណ្ឌ​ពិភពលោក និង​កសិកម្ម ទៅកាន់​ពិភពលោក​។​ ​គួរ​បញ្ជាក់ដែរថា កីឡាករ ដែលមាន​វ័យ ៣២​ឆ្នាំ Keisuke HONDA កំពុងតែ​លេង​ឲ្យ​ក្លិប Melbourne Victory នៅក្នុង​ប្រទេស​អូស្ត្រាលី​។ តាំងពី​ឆ្នាំ​២០០៤​មកដល់​ឆ្នាំ​២០១៨​នេះ HONDA ធ្លាប់​លេង​ឲ្យ​ក្លិប​នៅក្នុង​ប្រទេស​ជប៉ុន ក្លិប​នៅ​ហូ​ឡង់ រុស្ស៊ី អ៊ីតាលី និង​ចុងក្រោយ​នៅ​ម៉ិ​ក​ស៊ិ​ក​។ សម្រាប់​ប្រទេស​កម្ពុជា​វិញ កីឡាករ​បាល់ទាត់​រូបនេះ បាន​ជួយ​ជ្រោមជ្រែង​បង្កើត​ក្លិប​បាល់ទាត់ Soltilo Angkor FC ដែលមាន​មូលដ្ឋាន​នៅក្នុង​ខេត្តសៀមរាប និង​កំពុង​លេង​នៅ​លី​គ​កំពូល​កម្ពុជា​។ Keisuke HONDA ក៏​ធ្លាប់​ចូលរួម​ប្រយុទ្ធ​លើ​វាលស្មៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​តទល់​នឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ម្តង​ដែរ​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​៕ ​