អ៊ីរ៉ង់​បង្ហាញ​គ្រាប់​មី​ស៊ី​ល​បង្អួត​ពិភពលោក ខណៈ​មាន​ភាព​តានតឹង​ជាមួយ​អាមេរិក​កាន់តែខ្លាំង​

ព្រឹត្តិការណ៍ថ្មីៗ
0
264
​សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៥ សីហា​នេះ​ថា ខណៈដែល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​អាមេរិក​និង​អ៊ីរ៉ង់ ទីក្រុង​តេ​រ៉ង់​បានបង្ហាញ​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​របស់ខ្លួន​ដ៏​សម្បើម​។​ ​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់ លោក Amir Hatami បាន​និយាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ថា «​ដូចដែល​បាន​សន្យា​ដល់​ប្រជាជន​ជាទី​ស្រឡាញ់​របស់​យើង​ហើយ​ថា យើង​នឹង​ខិតខំ​ពង្រឹងកម្លាំង​គ្រាប់​មី​ស៊ី​ល​របស់​យើង​ជា​រៀងរាល់ថ្ងៃ ហើយ​គ្មានអ្វី​អាច​បញ្ឈប់​គ្រាប់​មី​ស៊ី​ល​នេះ​បាន​នោះទេ ដោយសារតែ​គ្រាប់​មី​ស៊ី​ល​នេះ​មាន​ភាព​អាច​បត់បែន​បាន​ក្នុង​កម្រិត​ខ្ពស់​។ លោក​និយាយថា ដូចជា​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​ដែល​ផលិតឡើង​ដោយ​អ៊ីរ៉ង់​ខ្លួនឯង​ផ្ទាល់​ប្រភេទ Fateh Mobin ដែល​ហៅថា Bright Conquerer ត្រូវបានធ្វើ​ការសាកល្បង​កាលពីដើម​ខែសីហា​ប្រក​ដ​ដោយ​ជោគជ័យ​»​។ ​គ្រាប់​មី​ស៊ី​ល​នេះ គឺជា​ប្រភេទ​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​ដំបូង​របស់​អ៊ីរ៉ង់ ដែល​ត្រូវបាន​សាកល្បង​ក្នុង​រយៈពេល ១​ឆ្នាំ​កន្លងទៅនេះ​។ មី​ស៊ី​ល​នេះ​ត្រូវបាន​គេ​ជឿថា​អាច​បាញ់​បាន​ចន្លោះ​ពី ៨០០​គីឡូ​ម៉េ​ត្រ​ទៅដល់ ១២០០​គីឡូម៉ែត្រ ហើយ​វា​អាច​គេច​ចេញពី​រ៉ា​ដា​របស់​សត្រូវ​ថែម​ទៀតផង​។ អ៊ីរ៉ង់​ត្រូវបាន​គេ​រំពឹងថា មាន​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​រយៈ​ចម្ងាយ​មធ្យម និង​រយៈ​ចម្ងាយ​ខ្លី​ជាង ១​ពាន់​គ្រាប់​។​ ​ទង្វើ​នៃ​ការបង្ហាញ​សាច់ដុំ​របស់ខ្លួន តាមរយៈ​ការ​បង្អួត​គ្រាប់​មី​ស៊ី​ល​នេះ ទំនងជា​នឹងធ្វើ​ឲ្យ​មាន​ភាព​មួរ​ហ្មង​ដល់​ក្រុមមន្ត្រី​សហរដ្ឋអាមេរិក​។ អាមេរិក​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​ទីក្រុង​តេ​រ៉ង់​បោះបង់ចោល​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ជា​ថ្នូរ​ទៅនឹង​ការនិយាយ​មិន​ស្តាប់​កាលពី​ថ្ងៃ​ចន្ទ​លោក​ត្រាំ​បានដាក់​ទណ្ឌកម្ម​ទៅលើ​ឧស្សាហកម្ម​ធំៗ​របស់​អ៊ីរ៉ង់ នៅក្នុង​ជុំទីមួយ ដែល​ធ្វើ​ឲ្យ​មាន​ភាពចលាចល​នៅក្នុង​ប្រទេស​នេះ ដោយមាន​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ផងដែរ​។ បន្ថែម​លើស​នេះ មាន​សេចក្តីរាយការណ៍​មក​ថា ក្រុមហ៊ុន​ផលិត​ប្រេង​ផ្លូវការ​របស់​អ៊ីរ៉ង់​កំពុង​ប្រកាស​លក់​ប្រេង​ឡែ​ឡុង​មក​ឲ្យ​អាស៊ី មុននឹង​ការធ្វើ​ជំនួញ និង​ការលក់​ប្រេង​របស់ខ្លួន​ត្រូវ​ដាច់ខ្យល់ នៅក្នុង​ខែវិច្ឆិកា​ចំ​ពេលដែល​ទណ្ឌកម្ម​ជុំ​ទី​២ របស់​អាមេរិក ដែល​បិទ​ការនាំចេញ​នាំចូល​ប្រេង​របស់​អ៊ីរ៉ង់​នឹងត្រូវ​ចូល​ជា​ធរមាន​។​ ​គួរ​កត់សម្គាល់ថា ថ្មីៗ​កន្លងទៅនេះ​បាន​របាយ​ការ​មួយ​បង្ហាញថា កាលពី​ថ្ងៃទី​៣ សីហា អ៊ីរ៉ង់​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​នៅក្នុង​ច្រក​សមុទ្រ​អ័​រ​មូស ដើម្បី​ផ្ញើ​សារ​ទៅកាន់​សហរដ្ឋអាមេរិក និង​ដើម្បី​ត្រៀម​បិទ​ច្រក​សមុទ្រ​អ័​រ​មូស​។ អ្នកវិភាគ​មួយចំនួន​បាន​លើកឡើងថា ការបិទច្រក​ស​មុទ​ញរ​ដ៏​សំខាន់​នេះ អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ផ្នែក​ទីផ្សា​ប្រេង​ពិភពលោក និង​អាចធ្វើ​ឲ្យ​ផ្ទុះ​សង្គ្រាម​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ព័​ក្ស ជាពិសេស​រវាង​អ៊ីរ៉ង់​ជាមួយ​សត្រូវ​សួរ​ពូជ​របស់ខ្លួន​រួមមាន​អ៊ីស្រាអែល អា​រ៉ា​ប៊ី​សា​អូឌីត និង​មេក្លោង​ដ៏​ធំ គឺ​សហរដ្ឋអាមេរិក​៕DNT-NEWS ​