លោក​ត្រាំ បានចេញ​សេចក្តីប្រកាស​អាសន្ន​មួយ ខណៈដែល​ព្យុះសង្ឃរា​បាន​វាយប្រហារ​ទៅលើ​រដ្ឋ​ហា​វ៉ៃ ដោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់​

ព្រឹត្តិការណ៍ថ្មីៗ
0
258
(​ហូ​ណូ​លូ​លូ​)៖ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បានប្រកាស​ដាក់​រដ្ឋ​ហា​វ៉ៃ ក្នុង​ភាព​ប្រកាសអាសន្ន ខណៈដែល​ព្យុះ Hurricane Lane បាន​វាយប្រហារ​ទៅលើ​រដ្ឋ​ហា​វ៉ៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​យ៉ាងខ្លាំង​ក្លា​។ ផ្លូវ​ជាច្រើន​ត្រូវបាន​បិទ​ចរាចរណ៍​ដំណើរ បន្ទាប់ពី​ការចេញ​សេចក្តីប្រកាស​នេះ​។​ ​សេវាកម្ម​អាកាសធាតុ​ជាតិ​បាន​និយាយថា ព្យុះសង្ឃរា Hurricane Lane ដែល​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ ៣២០​គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​នៃ​រដ្ឋ​ហា​វ៉ៃ នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ព្យុះសង្ឃរា​ចំណាត់ថ្នាក់​លេខ ៤ ដែល​ធ្វើដំណើរ​ក្នុង​រយៈ​ចម្ងាយ ២០៩​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។​ ​អ្នកឃ្លាំមើល​លើ​ព្យុះ​នេះ​រំពឹងថា វា​នឹង​បោកបក់​ខិត​ទៅជិត​កោះ​ហា​វ៉ៃ​នាពេល​ណាមួយ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ យោងតាម​អាជ្ញាធរ​សហព័ន្ធ​បាន​ឲ្យ​ដឹងថា កម្រិត​ទឹកភ្លៀង ៣០​សង់ទីម៉ែត្រ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​កម្រិត​ទឹកភ្លៀង ៧៦​សង់ទីម៉ែត្រ​នឹងត្រូវ​បាន​គេ​រំពឹងថា​នឹង​ធ្លាក់​នៅក្នុង​តំបន់ ដែល​រង​ការវាយប្រហារ​ដោយ​ទឹកភ្លៀង ក្នុង​រយៈពេល ៤​ទៅ ៥​ថ្ងៃ​ខាងមុខ​បន្តិចទៀត​។​ ​ក្រុម​អ្នក​សង្គ្រោះបន្ទាន់​បាន​បង្កើត​មជ្ឈមណ្ឌល​ជម្លៀស​ចំនួន ១៦​កន្លែង​។ ជាមួយគ្នានេះដែរ លោក​ត្រាំ​បាន​ជម្រុញ​ឲ្យ​ពលរដ្ឋ​ក្នុង​រដ្ឋ​ហា​វ៉ៃ​ស្ថិតនៅក្នុង​ទី​សុវត្ថិភាព និង​ត្រៀមខ្លួន​ពី​ខ្យល់ព្យុះ​ដ៏​កំណាច​នេះ​។​ ​លោក​ត្រាំ​បាន​សរសេរ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​ថា «​ក្រុមការងារ​របស់​យើង​កំពុងធ្វើការ​សហការ​ណ៍​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់ និង​អាជ្ញាធរ​ប្រចាំ​រដ្ឋ​នេះ​»​។​ចំណែកឯ​ប្រធាន​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន​សហព័ន្ធ (FEMA) លោក Brock Long បាន​និយាយថា លោក​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​គ្រោះទឹកជំនន់ និង​ការបាក់​ដី ដែល​អាច​បង្ក​ជាការ​បំផ្លិចបំផ្លាញ​ដល់​ការដឹកជញ្ជូន និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ទំនាក់ទំនង​។ ពលរដ្ឋ​ភាគច្រើន​នៅក្នុង​រដ្ឋ​នេះ កំពុង​ត្រៀម​ស្បៀងអាហារ​ទុក​សម្រាប់​ការ​ប្រឈម​ទៅនឹង​គ្រោះមហន្តរាយ​នេះ​។ ​ក្រុម​អ្នក​ព្យាករណ៍​បាន​និយាយថា ព្យុះ​យឺត ៗ នឹង​បង្កើត​ការកើនឡើង​នៃ​ទឹកជំនន់​ដ៏​ខ្លាំងក្លា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​បន្តិចទៀតនេះ ដែល​នឹង​បង្ក​ការ​ខូច​ខាង​យ៉ាងខ្លាំង​។ កម្រិត​នៃ​ទឹកសមុទ្រ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការកើនឡើង​ពី​៦០ សង់ទីម៉ែត្រ​ទៅដល់ ១២០​សង់ទីម៉ែត្រ និង​បង្ក​ទៅជា​រលក​ធំៗ​៕DNT-NEWS