ទួរគី​នឹង​ទិញ​យន្តហោះ​ចម្បាំង F-35 ១២០​គ្រឿង​ពី​អាមេរិក​ឲ្យ​បាន​មុន​ប្រព័ន្ធ​មី​ស៊ី​ល S-400 ពី​រុស្ស៊ី ព្រោះ​ខ្លាច​អាមេរិក​លុប​គម្រោង​លក់​នេះ​ចោល​

ព្រឹត្តិការណ៍ថ្មីៗ
0
601


​ប្រធានាធិបតី​ទួរគី លោក Recep Tayyip Erdogan បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ១៧ ធ្នូ​ម្សិលមិញ​ថា ទីក្រុង​អាន​កា​រ៉ា​មានបំណង​ទិញ​យន្តហោះ​ចម្បាំង F-35 របស់​អាមេរិក​ចំនួន ១២០​គ្រឿង​ដោយសារ​មានការ​រំពឹងទុក​ថា គម្រោង​នៃ​ការលក់​យន្តហោះ​នេះ​មក​ឲ្យ​ខ្លួន​អាច​នឹងត្រូវ​លុបចោល​។​
​លោក​ប្រធានាធិបតី​បាន​និយាយ​នៅ​ទី​ប្រមូលផ្តុំ​មួយ នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ថា «​យើង​នឹង​ទិញ​យន្តហោះ​ចម្បាំង F-35 ចំនួន ១២០​គ្រឿង ដែល​ផលិតឡើង​ដោយ​សហរដ្ឋអាមេរិក​។ សមាសធាតុ​ផ្សំ​មួយចំនួន​នៃ​យន្តហោះ​នេះ ក៏​ផលិតឡើង​នៅក្នុង​ប្រទេស​ទួរគី​ផងដែរ​។​
​សេចក្តីថ្លែងការណ៍​រប​ស់លោក​បាន​ធ្វើឡើង​បន្ទាប់ពី​ទីប្រឹក្សា​របស់លោក​ប្រធានាធិបតី បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា ទីក្រុង​អាន​កា​រ៉ា​មានការ​សង្ស័យថា សហរដ្ឋអាមេរិក​អាច​នឹង​លុច​ចោលការ​ចែកចាយ​យន្តហោះ​នេះ​មក​ឲ្យ​ខ្លួន ប្រសិនបើ​ការទិញ​យន្តហោះ​នោះ​ធ្វើឡើង​ក្រោយ​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 របស់​រុស្ស៊ី​។​
​មុននេះ ក្រុមមន្ត្រី​សហរដ្ឋអាមេរិក​បា​នព​ញរ​មាន​ថា ប្រសិនបើ​ទីក្រុង​អាន​កា​រ៉ា​នៅតែ​បន្ត​គម្រោង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 ទៀត សហរដ្ឋអាមេរិក​អាច​លុបចោល​នូវ​យន្តហោះ​ចម្បាំង F-35 ទៅ​ឲ្យ​ប្រទេស​ទួរគី​។ បន្ថែម​លើស​នេះ សភា​អាមេរិក​បានអនុម័ត​នូវ​ច្បាប់​ដែល​នឹងរាំងខ្ទប់​នូវ​ការ​ចែកចាយ​យន្តហោះ​ចម្បាំង​។ សូម​រំឭកថា យន្តហោះ​ចម្បាំង F-35 ពីរ​គ្រឿង​ដំបូង​របស់​សហរដ្ឋអាមេរិក ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​តួ​ក​គី​នៅ​រោងចក្រ​ម៉ៅការ​របស់​ក្រុមហ៊ុន Lockheed Martin នៅ​ទីក្រុង Fort Worth រដ្ឋ Texas កាលពី​ខែមិថុនា​។ យោងតាម​រដ្ឋមន្ត្រី​ការពារជាតិ​ទួរគី Hulusi Akar សហរដ្ឋអាមេរិក​នឹង​ប្រគល់​យន្តហោះ F-35 ចំនួន​ពីរ​គ្រឿង​បន្ថែមទៀត នៅ​ខែមីនា​ឆ្នាំ ២០១៩​។ ការទិញ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​កម្មវិធី​អភិវឌ្ឍន៍ F-35 ពហុ​ជាតិ​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋអាមេរិក ដែល​ទីក្រុង​អាន​កា​រ៉ា​បាន​ចូលរួម​កាល​ឆ្នាំ ២០០២៕​