អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគា​រយៈពេល ២៥​ឆ្នាំ​

ព្រឹត្តិការណ៍ថ្មីៗ
0
270
(​ទីក្រុង​សេ​អ៊ូ​ល​)៖ នៅ​ថ្ងៃ​សុក្រ​នេះ តុលាការ​ឧទ្ធរណ៍​របស់​កូរ៉េខាងត្បូង​បាន​កាត់ទោស​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី Park Geun-hye ឱ្យ​ជាប់ពន្ធនាគារ​តយៈ​ពេល ២៥​ឆ្នាំ នៅក្នុង​សំណុំរឿង​អាស្រូវ​ពុករលួយ ដែល​បាន​បណ្តាល​ឲ្យ​មានការ​ទម្លាក់​លោកស្រី​ចេញពី​អំណាច កាលពី​ឆ្នាំ ២០១៧​។​ ​លោកស្រី​ផាក បាន​ក្លាយជា​ប្រធានាធិបតី​ជាប់ឆ្នោត​ដោយ​លទ្ធិប្រជាធិបតេយ្យ​ដំបូង​គេ ដែល​ត្រូវបាន​ទម្លាក់​ចេញពី​អំណាច បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​បាន​ដកហូត​សិទ្ធ​លោកស្រី​ជា​ប្រធានាធិបតី ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​អាស្រូវ​អំពើពុករលួយ​។​ ​តុលាការ​ជាន់ខ្ពស់​រប​ស់​ទីក្រុង​សេ​អ៊ូ​ល​បាន​រកឃើញថា លោកស្រី​ផាក បាន​សមគំនិត​ជាមួយ​មិត្ត​របស់ខ្លួន​ឈ្មោះ Choi Soon-Sil ក្នុងការ​ទទួលបាន​លុយ ១០​ពាន់​លាន​វ៉ុ​ន​ពី​ក្រុមហ៊ុន​ធំៗ​មួយចំនួន ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ Choi និង​បានផ្តល់​មូលនិធិ​ទៅដល់​អង្គ​ការដែល​មិន​រកប្រាក់​កម្រៃ ដែលជា​កម្ម​សិ​ទញ​ធ​របស់​លោកស្រី​ផ្ទាល់​។​ ​ចៅក្រម​ជំនុំជម្រះ លោក គីម​មុន​ស៊ុ​កបាន​និយាយ​នៅក្នុង​សេចក្តីសម្រេច​ថា «​កិច្ចព្រមព្រៀង​ដោយ​គ្មាន​សីលធម៌​រវាង​អំណាច​នយោបាយ និង​អំណាច​ហិរញ្ញវត្ថុ​ប៉ះពាល់​ដល់​ខ្លឹមសារ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ធ្វើឱ្យ​ខូច​ទ្រង់ទ្រាយ​ទៅក្នុង​សេដ្ឋកិច្ច​ទីផ្សារ ដែល​ធ្វើ​ឲ្យ​ប្រជាជន​បាត់បង់​ទំនុកចិត្ត​យ៉ាងខ្លាំង​ក្លា​»​។ លោក Kim បាន​និយាយថា «​ការពិន័យ​យ៉ាង​តឹងរ៉ឹង​គឺ​មិនអាច​ចៀស​រួច​នោះទេ​»​។​ ​តុលាការ​ក៏បាន​ពិន័យ​លោកស្រី​ផាក ដែលជា​កូនស្រី​របស់​អតីតជន​ផ្តាច់ការ​យោធា ២០​ពាន់​លាន​វ៉ុ​ន ឬ​ស្មើ ១៦,៨៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្រោយ​ពេលដែល​បាន​រកឃើញថា​លោកស្រី​មានទោស​ពៃ​ពីបទ​បំពាន​អំណាច អំពើ​សូកប៉ាន់ និង​ការបង្ខិតបង្ខំ​។​ ​កាលពី​ខែមេសា តុលាការ​ជាន់​ទាប​កូរ៉េខាងត្បូង​បាន​កាត់ទោស​លោកស្រី​ផាក ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២៤​ឆ្នាំ​។ ដោយឡែក តុលាការ​មួយទៀត​បាន​កាត់ទោស​ឲ្យ​លោកស្រី​ជាប់ពន្ធនាគារ​រយៈពេល ៨​ខែ​បន្ថែមទៀត​កាលពី​ខែកក្កដា ជុំវិញ​ការបាត់​កញ្ចប់​ថវិការ​មូលនិធិ​របស់​រដ្ឋាភិបាល នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៦​។​ ​សូមបញ្ជាក់ថា លោកស្រី Park មាន​អាយុ ៦៦​ឆ្នាំ​បាន​ជាប់ពន្ធនាគា​តាំងពី​ថ្ងៃទី ៣១ ខែមីនា​ឆ្នាំ ២០១៧ ប៉ុន្តែ​បាន​លោកស្រី​បដិសេធ​នូវ​កំហុស​របស់ខ្លួន ហើយ​មិនមាន​វត្តមាន​នៅក្នុង​តុលាការ​ទេ​។ លោកស្រី​បាន​វិល​ចូល​ប្រទេស​កូរ៉េខាងត្បូង​នៅ​ឆ្នាំ ២០១២ ក្រោយពី​មាន​ករណី​អំពើ​ឃាតកម្ម​ទៅលើ​ឪពុក​របស់​លោកស្រី​៕DNT-NEWS