រុស្ស៊ី បញ្ជូន​នាវា​ពិឃាត​របស់ខ្លួន​ទៅកាន់​ឆ្នេរ​ស៊ី​រី ខណៈដែល​អាមេរិក​ត្រូវបាន​គេ​រាយការណ៍​ថា កំពុងតែ​រៀបចំ​ផែនការ​វាយប្រហារ​ទៅលើ​រដ្ឋាភិបាល​ស៊ី​រី​

ព្រឹត្តិការណ៍ថ្មីៗ
0
267
​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី នៅ​ថ្ងៃទី​២៧ សីហា ២០១៨​នេះ បានឱ្យដឹងថា កងទ័ពជើងទឹក​រុស្ស៊ី​បាន​បញ្ជូន​នាវា​ពិឃាត​របស់ខ្លួន​ចំនួន​ពីរ​គ្រឿង​មកពី​ក្រុម​កង​នាវាចម្បាំង​សមុទ្រ​ខ្មៅ ទៅកាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​រ ដើម្បី​ពង្រឹង​វត្តមាន​យោធា​រុស្ស៊ី នៅក្នុង​តំបន់​។ ​ការបញ្ជូន​នាវា​ពិឃាត​ចំនួន ២​គ្រឿង​ទៅកាន់​ឆ្នេរ​ស៊ី​រី​នេះ បានធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​ការព្រមាន​ពី​សំណាក់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក លោក John Bolton ថា សហរដ្ឋអាមេរិក​កំពុងតែ​ត្រៀម​ចាត់​វិធានការណ៍​ដោយ​ប្រើ​កម្លាំង​វាយប្រហារ​ទៅលើ​រដ្ឋាភិបាល​ស៊ី​រី ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រើ​អាវុធ​គីមី​ពី​សំណាក់​រដ្ឋាភិបាល​អាសាដ​។​ ​សហរដ្ឋអាមេរិក និង​រុស្ស៊ី​បាន​ផ្តោះ​ប្តូរ​ការព្រមាន​អំពី​ការវាយប្រហារ​គីមី នៅក្នុង​ប្រទេស​ស៊ី​រី និង​ការអន្តរាគមន៍​ផ្នែក​យោធា​របស់លោក​ខាងលិច ក្នុងការ​ឆ្លើយតប​មួយ ដែលជា​ព្រឹត្តិការណ៍​មួយ​នៃ​យុទ្ធនាការ​សម្រេចចិត្ត​លើ​សង្គ្រាម​ម​ជ្ឈ​ម​បូព៌ា​។​ ​ភាព​តានតឹង​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ បាន​ផ្ទុះឡើង បន្ទាប់ពី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​លោក John Bolton បាន​ប្រាប់​សម​ភាគី​រុស្ស៊ី លោក Nikolai Patrushev ថា សហរដ្ឋអាមេរិក​មាន​ព័ត៌មាន​ថា​ប្រធានាធិបតី​ស៊ី​រី លោក Bashar al-Assad ប្រហែលជា​កំពុង​ប្រើប្រាស់​អាវុធ​គីមី ដើម្បី ដណ្ដើមយក​ភាគ​ពាយព្យ​នៃ​ខេត្ត Idlib ពី​ពួក​ឧទ្ទាម​មកវិញ​។​ ​ដោយឡែក ក្រសួងការពារជាតិរ​បស់​រុស្ស៊ី​បានធ្វើការ​វាយប្រហារ​ទៅលើ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ចោទប្រកាន់​អាមេរិក​ថា បាន​សហការ​ជាមួយ​ក្រុម​ឧទ្ទាម​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាល់​កៃ​ដា ក្នុងការ​រៀបចំ​ឧបទ្ទវហេតុ​មួយ ដែល​អាចជា​ហេតុផល​ស​ម្រា​ប់​បើក​ការវាយប្រហារ​មួយ​ផ្សេងទៀត​ទៅលើ​រដ្ឋាភិបាល​អាសាដ​។​ ​សូម​រំឭកថា កាលពី​ខែមេសា​ឆ្នាំ ២០១៧ និង​មួយឆ្នាំ​ក្រោយមក​សហរដ្ឋ​អាមេរិក​បានធ្វើការ​វាយប្រហា​រ​តាមផ្លូវ​អាកាស ដោយ​បាញ់​គ្រាប់​មី​ស៊ី​ល​តូ​ម៉ា​ហក​ចំនួន​ជាង ១០០​គ្រាប់ ដើម្បី​ធ្វើការ​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដោយ​ប្រើ​អាវុធ​គីមី​ពី​សំណាក់​រដ្ឋាភិបាល​អាសាដ​។ លោក Bolton បាន​និយាយថា ជំហរ​របស់​សហរដ្ឋ​អាមេរិក​លើក​នេះ​នឹង​កាន់តែខ្លាំង​ជាង​លើក​មុន​ទៅទៀត​។​ ​ខណៈដែល​សម្ព័ន្ធមិត្ត​អាសាដ - មាន​រុស្ស៊ី និង​អ៊ីរ៉ង់​បាន​ទទួលបាន​អត្ថប្រយោជន៍​ដ៏​ច្បាស់លាស់ លើ​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​លោកខាងលិច គោលដៅ​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ប្រទេស​ស៊ី​រី​ត្រូវបាន​ផ្លាស់ប្តូរ​។ រដ្ឋបាល​លោក​ប្រធានាធិបតី ដូណ​ល​ត្រាំ ដូច​ទៅនឹង​សម្ព័ន្ធមិត្ត​របស់ខ្លួន នៅក្នុង​ទ្វីបអឺរ៉ុប និង​ឈូង​សមុទ្រ​បាន​បោះបង់ចោល​នូវ​គោលដៅ​ក្នុងការ​ការផ្តួលរំលំ​មេដឹកនាំ​ស៊ី​រី​។ ប៉ុន្តែ​ឥឡូវនេះ អ្វីដែល​អាមេរិក​ចង់បាន​គឺ​ការដកចេញ​នូវ​កងទ័ព​អ៊ីរ៉ង់​ពី​ប្រទេស​ស៊ី​រី​។ បើតាម​ការចរចា​ទីក្រុង​ហ្សឺ​ណែវ អាមេរិក​នឹងមិន​ដកទ័ព​ចេញពី​ស៊ី​រី​នោះទេ លុះត្រាតែ​អ៊ីរ៉ង់​លែងមាន​វត្តមាន​ទ័ព​នៅក្នុង​ប្រទេស​នេះ​៕DNT-NEWS ​