កូរ៉េខាងជើង​៖ អាមេរិក​កំពុងតែ​រៀបចំ​ផែនការ​បើក​ការចូល​ឈ្លានពាន​ប្រទេស​របស់ខ្លួន​ហើយ​!

ព្រឹត្តិការណ៍ថ្មីៗ
0
300
​កាសែត​រដ្ឋ​កូរ៉េខាងជើង​បានធ្វើការ​ចោទប្រកាន់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ​អំពី​ការរៀបចំ​ផែនការ​បើក​ការឈ្លានពាន​មកលើ​ប្រទេស​របស់ខ្លួន បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ដែល​បានគ្រោង​ទុក​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក ម៉ា​យ​ខ៍ ផ​ម់​ភី​អូ ត្រូវបាន​លុបចោល​។​ ​យោងតាម​សារព័ត៌មាន NBC ដោយបាន​ស្រង់​ប្រភពពី​កាសែត​រ៉ូ​ដុង​ស៊ីន​ម៉ុ​ន​របស់​កូរ៉េខាងជើង​បាន​ឲ្យ​ដឹងថា «​យើង​មិន​អាចធ្វើ​អ្វី​បានទេ ប៉ុន្តែ​បាន​ត្រឹម​កត់សម្គាល់​ពី​អាកប្បកិរិយា​បោកប្រាស់​របស់​សហរដ្ឋ​អាមេរិក ពី​ព្រោះតែ​ប្រទេស​នេះ​កំពុង​ជាប់រវល់​ធ្វើ​សមយុទ្ធ​សម្ងាត់​នៅ​ពី​ក្រោយខ្នង ដែល​ពាក់ព័ន្ធ​នឹង​អង្គភាព​ពិសេស​នៃ​ការសម្លាប់​មនុស្ស ខណៈពេលដែល​មានការ​សន្ទនា​ជាមួយ​ស្នាមញញឹម​នៅមុខ​ខ្លួន​។ សហរដ្ឋអាមេរិក​នឹង​បង្កើត​កំហុស​គួរ​ឲ្យ​សោកស្តាយ ប្រសិនបើ​ប្រទេស​នេះ​គិតថា ខ្លួន​អាចធ្វើ​ការ​បំភ័យ​នរណាម្នាក់​តាមរយៈ​ការទូត​ទូក​ចម្បាំង​»​។​ ​យោងតាម​សារព័ត៌មាន​រ៉​យ​ទ័​រ កាសែត​នេះ​បាន​ដកស្រង់​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​មួយ​ដោយ​និយាយថា សមយុទ្ធ​មួយ ដែល​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​សេ​អ៊ូ​ល​មិន​បានដឹង ត្រូវ​បានគ្រោង​នឹងធ្វើ​ឡើង​ដោយ​អង្គភាព​ពិសេស​របស់​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​ជប៉ុន​ជាមួយនឹង​គោលបំណង​បញ្ជ្រាប​ចូល​កូរ៉េខាងជើង​។​ ​កាសែត​ដដែល​នេះ​បាន​និយាយថា ទង្វើ​នេះ​បង្ហាញថា សហរដ្ឋអាមេរិក​កំពុងតែ​បង្កើត​សាច់រឿង ដើម្បី​បង្ហាញ​នូវ​សង្គ្រាម​ប្រឆាំងនឹង​កូរ៉េខាងជើង និង​ប្រព្រឹត្ត​នូវ​ឧក្រិដ្ឋកម្ម ដែល​គួរ​ទទួល​ទណ្ឌកម្ម​ខ្លាំង​ក្លា ក្នុងករណី​សហរដ្ឋអាមេរិក​ទទួល​បរាជ័យ នៅក្នុង​សេនា​រី​យ៉ូ​នៃ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ក្រុមចោរ​ព្រៃ និង​គ្មាន​យុត្តិធម៌​មកលើ​កូរ៉េខាងជើង​។​ ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ កូរ៉េខាងជើង​បាន​ហៅ​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក ដែល​គ្រោង​នឹង​ដ​ថាក់​ប្រឆាំង​មកលើ​ខ្លួន​ថា គឺជា​ទណ្ឌកម្ម​របស់​ក្រុម​ចោរព្រៃ​។ កាលពី​ខែមិថុនា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ត្រាំ បាន​ជួបគ្នា​នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក ជុង​អ៊ុន​ម្តង​រួចមកហើយ​។ កិច្ចប្រជុំ​នោះបាន​សម្រេច​ថា កូរ៉េខាងជើង​នឹងត្រូវ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន រីឯ​អាមេរិក​វិញ​ត្រូវ​បញ្ឈប់​សមយុទ្ធ​របស់ខ្លួន​នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​។​ ​ថ្មីៗ​នេះ លោក​ផ​ម់ ភី​អូ​ត្រូវបាន​គេ​រំពឹងថា នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​កូរ៉េខាងជើង​ដើម្បី​បន្ត​កិច្ចចរចា ប៉ុន្តែ​លោក​ត្រាំ​បាន​លុបចោល​នូវ​ដំណើរ​ទស្សនកិច្ច​នោះ​មួយថ្ងៃ​បន្ទាប់​វា​ត្រូវ​បានប្រកាស​។​ ​លោក​ត្រាំ​បាន​សរសេរ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​ថា «​ខ្ញុំ​បានស្នើ​កុំ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ម៉ា​យ​ខ៍ ផ​ម់​ភី​អូន​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​នៅពេលនេះ​អី ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា យើង​មិនទាន់មាន​ដំណើរការ​គ្រប់គ្រាន់ ក្នុង​ការគោរព​តាម​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នោះទេ​»​។​ ​គួរ​កត់សម្គាល់ថា ថ្មីៗ​នេះ រូបភាព​ពី​ផ្កាយរណប​របស់​ក្រុម​អ្នកឃ្លាំមើល​សកម្មភាព​កូរ៉េខាងជើង​បាន​ឲ្យ​ដឹងថា កូរ៉េខាងជើង​បាន​ផ្អាក​ការរុះរើ​ទីតាំង​បាញ់​គ្រាប់​មី​ស៊ី​ល​របស់ខ្លួន​ហើយ​។ កាលពី​ខែ​មុន សារព័ត៌មាន CNN បាន​រាយការណ៍​ថា ប្រទេស​នេះ​កំពុងតែបន្ត​ផលិត​គ្រាប់​មី​ស៊ី​ល ដែល​អាចមាន​សមត្ថភាព​វាយប្រហារ​ទៅដល់​ទឹកដី​សហរដ្ឋអាមេរិក​បាន​៕DNT-NEWS ​